ចោរឆក់ទៀតហើយ នៅខណ្ឌពោធិសែនជ័យ បណ្តាលឲ្យស្ត្រីម្នាក់ដួលម៉ូតូរងរបួស

ភ្នំពេញ ៖ ស្ត្រីម្នាក់ខំដឹកអង្ករតាំងពីខេត្តកំពត យកមកផ្ញើកូននៅភ្នំពេញខណ:ជិះម៉ូតូដល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញត្រូវបានចោរឆក់កាបូបរបស់គាត់បណ្តាលឲ្យដួលម៉ូតូរងរបួសស្រាលចំណែកលុយ ៥០០០០០រៀល ក្រវិលប្លាកទីនមួយគូរ និងខោអាវ ២កំផ្លេត្រូវបានចោរឆក់យកទៅបាត់ ដោយឡែកអង្កដែលដឹកយកមកផ្ញើកូនកំពុបខ្ចាយពេញផ្លូវ ដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង ៤០នាទី ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្ថិតនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ អូង ស្រីពៅ អាយុ ៥៤ឆ្នាំ មានស្រុកកំណើត នៅភូមិទន្លេនាម ឃុំសំឡាញ ស្រុកអង្គជ័យ ខេត្តកំពត ។

បើយោងតាមសម្តីស្ត្រីរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកZoomer X ចេញពីស្រុកកំណើតរបស់គាត់ពីខេត្តកំពតដើម្បីមកលេងកូនរបស់គាត់នៅទីក្រុងភ្នំពេញនៅម្តុំផ្សារឌុយម៉ិច ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំនុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ផ្លូវសហពន្ធ័រុស្ស៊ី ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំផ្លាកលេខបានជិះមកក្បែរគាត់ហើយក៏បានធ្វើសកម្មភាពឆក់យកកាបូប បណ្តាលឲ្យរូបគាត់ដួលម៉ូតូរងរបួសស្រាល ចំណែកក្រុមចោរបានឆក់យកកាបូបរបស់គាត់ជិះម៉ូតូរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។

គួររំលឹកផងដែរថា នៅភូមិសាស្ត្រខណ្ឌពោធិសែនជ័យ ចំនុចមុខព្រលានយន្តហោះតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្រុមចោរឆក់តែងតែធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិប្រជាពករដ្ឋអ្នកដំណើរស្ទើរតែរៀងរាល់ថ្ងៃ ហើយថ្មីៗកន្លងទៅនេះស្ត្រីម្នាក់ឈ្មោះ អ៊ុក កាន់និកា អាយុ ៤១ឆ្នាំត្រូវក្រុមចោរឆក់កាបូបលុយរបស់គាត់បណ្តាលដួលម៉ូតូបាត់បង់ជិវិតចោលប្តីនិងកូនៗជាទីស្រលាញ់ទាំងក្តីអាឡោះអាល័យ ។

រឿងក្រុមចោរឆក់នេះ ពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចខណ្ឌពោធិសែនជ័យ នឹងអាចស្រាវជ្រាវចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ កុំឲ្យប្រជាពលរដ្ឋនិងអ្នកដំណើរមានការភ័យខ្លាចជាមួយនិងក្រុមចោរឆក់ខាងលើនេះជាបន្តទៀត ៕ ដោយ៖ តុង សីហា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner