ថយន្ត Rolls Royce ត្រូវរថយន្តសាំយ៉ុង បុកវៀចកង់ម្ខាងខូចខាតជាខ្លាំង រួចបើករត់បាត់
ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកRolls Royce ដែលមានតម្លៃរាប់មុឺនដូល្លារ ត្រូវរថយន្តសាំយ៉ុងមួយគ្រឿងបើកមិនប្រយ័ត្នជ្រុលទៅបុកចំកង់ម្ខាងផ្នែកខាងក្រោយ បណ្ដាលឲ្យវៀចកង់ទៅមុខលេងរួច រីឯរថយន្តបង្កបើករត់គេចខ្លួនបាត់ កាលពីវេលាម៉ោង២ និង ៤០នាទីអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុបដីអិន តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវ២១៥ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកRolls Royce ពណ៌ខ្មៅរលោងថ្មីស្រឡាងមួយគ្រឿងគ្មានស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៥ ទិសដៅពីត្បូងទៅជើង លុះដល់ចំណុចស្តុបបែកជាបួន ត្រង់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តសាំយ៉ុងមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2BJ-0208 ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ហេីយបានជ្រុលទៅបុករថយន្តRolls Royce ចំកង់ចំហៀងខាងឆ្វេង ផ្នែកខាងក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តRolls Royce វៀចកង់ជាខ្លាំងទៅមុខលែងរួច ចំណែករថយន្តបង្កសាំយ៉ុងបានព្យាយាមបើករត់គេចខ្លួនបាត់ដោយបន្សល់ទុកស្លាកលេខនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដេីម្បីពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ ។ ក្រោយមកម្ចាស់រថយន្តរងគ្រោះបានសុំសមត្ថកិច្ចយករថយន្តរបស់ទៅជួសជុលដោយខ្លួនឯង ចំណែកស្លាកលេខរថយន្តបង្ក ត្រូវបានរងគ្រោះយកទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរករថយន្តបង្កយកមកដោះស្រាយគ្នាតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា