នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្រុកជើងព្រៃ មានរៀបចំពិធីបោះជំរំ យុវជនខេត្តកំពង់ចាម
ការបោះជំរំយុវជន ជាកិច្ចការហ្វឹកហាត់ដ៏សំខាន់ ក្នុងការងារអប់រំ ពីព្រោះការងារបោះជំរំនេះ ធ្វើឱ្យយុវជន អភិវឌ្ឍជំនាញទន់របស់ខ្លួន ដោយឱ្យក្មួយៗចេះសង្កេត ចេះពិចារណា ចេះបង្កើន ស្មារតីធ្វើការងារជាបុគ្គល ជាក្រុម ចេះធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព និងជាបុគ្គលចេះ ទទួលខុសត្រូវ ក្នុងស្មារតីមិត្តភាព សាមគ្គីភាព ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីបោះជំរំ យុវជនខេត្តកំពង់ចាម ក្រោមប្រធានបទ «ការអភិវឌ្ឍសមត្ថភាពយុវជន ផ្នែកបច្ចេកវិទ្យា ក្រោមម្លប់សន្តិភាព» ដែលរៀបចំនៅបរិវេណវិទ្យាល័យ ហ៊ុនសែន ស្គន់ ស្រុកជើងព្រៃ នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះ ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ស្រូយ សុជាតិ អគ្គនាយិការ នៃនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត កងកម្លាំងទាំងបី និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង លោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្សជាច្រើននាក់ ផងដែរ ៕