គម្រោង RIGHT-TO-WORK៖ លើកកម្ពស់ការយល់ដឹង និងការការពារសិទ្ធិការងារដល់ពលករចំណាកស្រុកដែលមានជំនាញទាប
ភ្នំពេញ៖ គម្រោង RIGHT-TO-WORK ក្រោមជំនួយរបស់សហគមន៍អឺរ៉ុប ដោយសហការអនុវត្តដោយអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី (ជ. ច. ក. ស.) និងអង្គការវីវើល (WeWorld) នៅក្នុងខេត្តសៀមរាប និងកំពង់ចាម បានប្រកាសបិទសកម្មភាពលើកកម្ពស់ការយល់ដឹង និង ការការពារសិទ្ធិការងារដល់ពលករចំណាកស្រុកដែលមានជំនាញទាបរបស់ខ្លួន ក្រោមអធិបតីភាពរបស់រដ្ឋលេខាធិការក្រសួងការងារ និងវិជ្ជាជីវៈ ឯកឧត្តម ហ៊ួ វុឌ្ឍី តំណាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងនោះដែរ ក៏មានការចូលរួមពីសំណាក់ លោក Andrea Cefis តំណាងប្រចាំប្រទេសអង្គការ វីវើល និងលោក មុំ សុខចារ នាយកអង្គការ ជ. ច. ក. ស. ក៏ដូចជាតំណាងសហគមន៍ សហជីព អង្គការជាតិ អន្តរជាតិ ទីភ្នាក់ងារអង្គការ សហប្រជាជាតិ និងដៃគូឯកជន សរុប មានប្រមាណ៧០នាក់ ។ ការប្រកាសបិទគម្រោង ជាផ្លូវការនេះ ដែលអនុវត្តតាំងពីឆ្នាំ២០១៩ ត្រូវបាន ប្រព្រឹត្តទៅ ពីថ្ងៃទី១៨ ដល់ទី១៩ ខែមករា ឆ្នាំ២០២២ នាសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។ រដ្ឋលេខាធិការក្រសួងការងារ និងវិជ្ជាជីវៈ ឯកឧត្តម ហ៊ួ វុឌ្ឍី ក្នុងឱកាសនោះ បានមានប្រសាសន៍ថា៖ «ក្រសួង បានបង្កើតនូវច្រកព័ត៌មាននានា ដើម្បីជួយឱ្យពលករដែលចង់ចំណាកស្រុកទៅធ្វើការនៅប្រទេសដទៃចេះ ពិចារណា និងគិតគូរ មុននឹងសម្រេចចិត្តចេញទៅ។ គម្រោងRIGHT-TO-WORKនេះ បានរួមចំណែកក្នុង ការកាត់បន្ថយហានិភ័យ តាមរយៈការស្រាវជ្រាវ និងសិក្សាព័ត៌មានច្បាស់ការណ៍ពីគ្រប់ភាគីពាក់ព័ន្ធ មិនថា សហគម និងអង្គការដៃគូនានា»។ ឯកឧត្តមបានសម្តែងនូវភាពសោមនស្សរបស់លោក និងបានកោតសរសើរទៅលើសកម្មភាព និង កិច្ចប្រឹងប្រែងរបស់អង្គការដៃគូទាំងពីរគឺ៖ អង្គការវីវើល និងអង្គការ ជ.ច.ក.ស.។ ឯកឧត្តមក៏បានឆ្លើយតប ជាវិជ្ជមានភ្លាមៗដែរ ទៅដល់សំណូមពរ មួយចំនួនដែលបានលើកឡើងដោយតំណាងអ្នកផ្សព្វផ្សាយ សហគមន៍លោកស្រី សយ សាមន។ សំណូមទាំង១៥ចំណុច គឺបានដកស្រង់ចេញពីសិក្ខាសាលា ទាក់ទាញ មតិគាំទ្រទ កាលពីថ្ងៃទី១៧ខែធ្នូ ឆ្នាំទៅនៅខេត្តសៀមរាប។

លោក Andrea Cefis បានគូសបញ្ជាក់ថា៖«បេសកកម្មរបស់វីវើល នៅកម្ពុជា គឺជួយដល់ជនងាយរងគ្រោះ ក្នុងសង្គម អភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកចិ្ច ជាពិសេសសស្ត្រីនិងកុមារ ដើម្បីធានាថាគ្មាននរណាម្នាក់ ត្រូវទុកចោលនោះទេ។ ហេតុដូច្នេះហើយបានជា យើងលើកគម្រោងRIGHT-TO-WORK នេះឡើង ជាមួយ ជ.ច.ក.ស. ដើម្បីធានានូវការការពារសិទ្ធិដល់អ្នកចំណាកស្រុក ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ក៏ដូចជា អនុវត្តសកម្មភាពរបស់យើង ឱ្យបានតាមពាក្យសម្តី។ ជាក់ស្តែង យើងបានដាក់ចេញនូវជាពិសេស យុទ្ធនាការ ផ្សព្វផ្សាយនា៨ខែចុងក្រោយនេះ តាមរយៈFacebook វិទ្យុ ជនមានឥទ្ធិពល ភាពយន្តឯកសារ ការបញ្ចាំងតាម ភូមិ ដោយសហការជាមួយ អង្គការភាពយន្តឈូករ័ត្ន»។ លោកមេធាវី មុំ សុខចារ បានបញ្ជាក់ថា៖ «យើងជឿថាគ្រប់គ្នាសុទ្ធតែមានជំនាញ គ្រាន់តែមានតិច ល្មម ឬ ច្រើន។ ដូច្នេះ តាមរយៈគម្រោងនេះ យើងចង់សាងបរិយាកាសអំណោយផលដល់ពលករទេសន្តប្រវេសន៍ របស់យើងដែលមានជំនាញទាប ក៏ដូចជាអនុវត្តនូវសុច្ចនករតាមគោលដៅទី៨ ក្នុងការអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងខេត្តកំពង់ចាម និងសៀមរាប»។

ក្នុងរយៈពេល១ថ្ងៃកន្លះ គឺថ្ងៃទី១៨ មួយថ្ងៃពេញ និងទី១៩ មួយព្រឹក សិក្ខាសាលាបានសម្រេចបាទសកម្មភាពដូចតទៅ៖
- ការបង្ហាញលទ្ធផលសិក្ខាសាលាទាក់ទាញមតិលើកទី២ ដោយតំណាងអ្នកសម្របសម្រួលសហគមន៍
- ការប្រគល់ជូនឯកសារលទ្ធផលនៃសិក្ខាសាលាទាក់ទាញមតិលើកទី២ជូន ឯកឧត្តម ហ៊ួ វុឌ្ឍី
- ការចែករំលែកពីសកម្មភាព បញ្ហាប្រឈម សមិទ្ធិផល និងមេរៀនដែលរៀនបានពីគម្រោង
- ការចែករំលែកភាពយន្តឯកសារដែលផលិតដោយអង្គការភាពយន្តឈូករ័ត្ន និងអ្នកស្ម័គ្រចិត្តយកព័ត៌មាន សហគមន៍
- កិច្ចពិភាក្សា៖ ចំណាប់អារម្មណ៌លើគម្រោង និងការបន្តអនុវត្តសកម្មភាពរបស់គម្រោង
- កិច្ចពិភាក្សា៖ និរន្តរភាពរបស់គម្រោងនៅក្នុងសហគមន៍
- ការចែករំលែក និងកិច្ចពិភាក្សាតុមូលស្តីពីកិច្ចការពារ និងលើកកំពស់សិទ្ធិការងារពលករចំណាកស្រុក ដែលមានជំនាញទាបក្នុងអំឡុងពេលកូវីឌ ១៩ និងក្រោយកូវីឌ ១៩
- ការដាក់បញ្ចាំងខ្សែភាពយន្តរបស់ភាពយន្តឈូករ័ត្ន និងកិច្ចពិភាក្សាពីផែនការផ្សព្វផ្សាយសម្រាប់សហគមន៍៕















