រដ្ឋមន្រ្តីការបរទេសកម្ពុជាជម្រាបតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបអំពីផែនការរបស់កម្ពុជាដើម្បីដោះស្រាយស្ថានការណ៍នៅមីយ៉ាន់ម៉ា

ភ្នំពេញៈតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយនិងជាអនុប្រធាន គណៈកម្មការអឺរ៉ុប ឯកឧត្តម ចូសេព បូរ៉េល វុនតេលេស បានសម្តែងនូវការព្រួយបារម្ភពាក់ព័ន្ធនឹងវិបត្តិដែលកំពុងតែកើត​ ឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ានិងបានស្វែងរកផែនការរបស់កម្ពុជាដើម្បីដោះស្រាយស្ថានការណ៍។លោកក៏បានអបអរសាទរកម្ពុជាដែលបានចូលកាន់តំណែងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងការតែងតាំងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា និងបានទទួលស្គាល់ថាស្ថានការណ៍នៅក្នុងប្រទេស មីយ៉ាន់ម៉ា មានភាពស្មុគស្មាញ និងពិបាក។ការសម្តែងនូវការព្រួយបារម្ភបានធ្វើឡើងនៅក្នុងជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជាកាលពីថ្ងៃទី ២០ ខែមករាឆ្នាំ២០២២។នេះបើយោង តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទៅ២១ខែមករានេះ។

ប្រភពដដែលបន្តថា ជាការឆ្លើយតបឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជម្រាបជូនអំពីលទ្ធផលនៃដំណើរ ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧-៨ ខែមករា ឆ្នំា២០២២ កន្លងមក ដែលជាការបោះមួយជំហានទៅមុខក្នុងការព្យាយាមរកផលចំណេញលើការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC)។ ដំណើរទស្សនកិច្ចនេះ បាននាំមកនូវលទ្ធផលជាវិជ្ជមាន ជាច្រើន រួមមាន៖ការសន្យារបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក្នុងការពន្យាបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំនេះ និងបញ្ចប់អំពើហិង្សា គាំទ្រប្រេសិតពិសេសដើម្បីអនុវត្តអាណត្តិ និងអាចជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់សម្រួលដល់ការជួបប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីធានានូវការអាចទទួលបានជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងគ្មានការរើសអើង សម្រាប់អ្នកដែលត្រូវការជំនួយជាចាំបាច់និងពិចារណា ឡើងវិញលើរឿងក្តីរបស់សាស្រ្តាចារ្យ សន ធូនែល (Sean Turnell) នៅពេលដែលដំណើរការតុលាការបានបញ្ចប់។

សម្រាប់ជំហានបន្ទាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនឯកឧត្តមតំណាងជាន់ខ្ពស់អំពីការរៀបចំដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេសស្តីពីមីយ៉ានម៉ា និងសំណើគំនិតផ្តួចផ្តើមចំនួនពីរ ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថាជាសកម្មភាពតាមដានបន្តពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់មីយ៉ាន់ម៉ា នាពេលថ្មីៗនេះ រួមមាន ការបង្កើតយន្តការមួយដែលមានសមាសភាពមកពី អាស៊ានTroikaនិងអគ្គលេខាធិការអាស៊ានដើម្បីសម្របសម្រួល និងត្រួតពិនិត្យការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច(5PC)និងកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីពិភាក្សាអំពីមធ្យោបាយចែកចាយជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីផែនការបង្កើតក្រុម «មិត្តរបស់មីយ៉ាន់ម៉ា» ដែលជាគំនិតផ្តួចផ្តើមរបស់ប្រទេសព្រុយណេដារូស្សាឡាម ដោយផ្តោតលើជំនួយមនុស្សធម៌ និងស្វែងរកការគាំទ្រ និងការចូលរួមពីសហភាពអឺរ៉ុប។
ប្រភពដដែលបន្តថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីដោះស្រាយវិបត្តិ នៅមីយ៉ាន់ម៉ា ត្រូវបានអនុវត្តស្របតាមការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) និងធម្មនុញ្ញអាស៊ាន (ASEAN Charter) ហើយនិងផ្អែកលើបទពិសោធន៍ពីអតីតកាលរបស់កម្ពុជា៕ ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner