សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) និងវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង ចុះកិច្ចព្រមព្រៀងនៅលើអនុស្សរណៈសហប្រតិបត្តិការជាមួយក្រុមហ៊ុនចំនួន០២ និងវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

      សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) នៅរសៀលថ្ងៃទី២០ខែមករាឆ្នាំ២០២២ បានរៀបចំពិធីចុះហត្ថលេខានៅលើសេចក្តីព្រមព្រៀងនៃអនុស្សរណៈ ក្នុងការយោគយល់គ្នា (MOU)ស្តីពីកិច្ចសហប្រតិបត្តិការ រវាង សាកលវិទ្យាល័យយជាតិបាត់ដំបង ជាមួយនិងក្រុមហ៊ុនស៊ីម៉ង់ត៍បាត់ដំបង “ខនស៍ ស៊ីមេន ខមភេនី លីមីធីត” និងក្រុមហ៊ុនហូណានអឺរ-កាង”ខេមបូឌា” អ៊ិនវេសមិន ព្រមទាំងអនុស្សរណៈ នៃកិច្ចព្រមព្រៀង (MoA) រវាង វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយនិងវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក ក្រោមអធីបតី របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង និងថ្នាក់ដឹកនាំនៃក្រុមហ៊ុន និងសហការី របស់ក្រុមហ៊ុនទាំងពីរខាងលើ ព្រមទាំងប្រតិភូនៃវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ផងដែរ។

      ក្នុងសេចក្តីដកស្រង់លើខ្លឹមសាររួមនៃពិធីសារដែលត្រូវចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)ស្តីពីកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងក្រុមហ៊ុនស៊ីម៉ង់ត៍ បាត់ដំបង ខនស៍ ស៊ីមេនខមភេនី លីមីធីត ព្រមទាំងជាមួយនិង ក្រុមហ៊ុន ហូណានអឺរ-កាង(ខេមបូឌា) អ៊ិនវេសមិន។គឺ៖បានផ្តោតយ៉ាងសំខាន់លើគោលបំណងចម្បងសំខាន់ៗ ចំនួន០៩ចំណុច រួមមាន៖

១)- សហការ និងចូលរួមសកម្មភាពនានារបស់សាកលវិទ្យាល័យ ក្នុងការផ្តល់ធាតុចូល សម្រាប់អភិវឌ្ឍកម្មវិធីអប់រំនានា តាមការចាំបាច់ដើម្បីឱ្យស្របនឹងស្ថានភាពទីផ្សារការងារបច្ចុប្បន្ន និងអនាគត។

២) – សហការបណ្តុះបណ្តាលភាសាចិនគ្រប់កម្រិត និងគ្រប់ជំនាញចាំបាច់ដល់បុគ្គលិករបស់ក្រុមហ៊ុន។

៣) -សិក្សាលទ្ធភាពនូវក្នុងការរៀបចំសិក្ខាសាលា និងវេទិកានានា ព្រមទាំងផ្តល់វាគ្មិនចូលរួមបង្រៀននិងឧទ្ទេសនាមផ្សេងៗ នៅក្នុងសាកលវិទ្យាល័យដែលអាចផ្តល់នូវផលប្រយោជន៍ដល់ភាគីដៃគូទាំងសងខាង។

៤) – សិក្សាពីលទ្ធភាពក្នុងការផ្តល់ឱកាសឱ្យនិស្សិតចុះកម្មសិក្សានិងឱកាសការងារជាបុគ្គលិកក្នុងក្រុមហ៊ុន។

៥) -សហការធ្វើការសិក្សស្រាវជ្រាវលើប្រធានបទសំខាន់ៗដែលទាក់ទងទៅនឹងផលប្រយោជន៍គូភាគីទាំងសងខាង។

៦) – ក្រុមហ៊ុននិងសហការក្នុងការផ្តល់ជូននូវអ្នកតំណាងក្រុមហ៊ុនឲ្យចូលរួមក្នុងក្រុមប្រឹក្សា និងគណៈកម្មការនានារបស់សាកលវិទ្យាល័យទៅតាមការចាំបាច់របស់ភាគីដៃគូ។

៧)-សហការក្នុងការស្វែងរកគម្រោងអភិវឌ្ឍន៍មូលនិធិផ្សេងៗនិងការបង្កើតនូវគម្រោងវិនិយោគរួមគ្នា។

៨) -សហការចូលរួមក្នុងសកម្មភាពផ្សេងៗ តាមការផ្តួចផ្តើមគំនិត និងមានការឯកភាព ពីដៃគូភាគី។

៩) -សហការចែករំលែកនូវព័ត៌មានពាក់ព័ន្ធ ឱ្យគ្នាទៅវិញ-ទៅមក តាមការស្នើសុំរបស់គូភាគី។

       ដោយឡែកនៅក្នុងពិធីសារអនុស្សរណៈនៃកិច្ចព្រមព្រៀង (MoA) រវាងវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាល័យពេជ្រចិន្តា បានផ្តោតយ៉ាងសំខាន់លើគោលការណ៍រួមគ្នានិងផ្តោតនូវគោលបំណងជាចម្បងចាំបាច់ក្នុងការបណ្ដុះបណ្ដាលនូវភាសាចិនគ្រប់កម្រិត នៅក្នុងវិទ្យាល័យពេជ្រចិន្តា ដើម្បីជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងស្រុកភ្នំព្រឹកនៃខេត្តបាត់ដំបង និងប្រទេសកម្ពុជាទាំងមូល។ព្រមទាំងជំរុញក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្សផ្នែកភាសា និងការទំនាក់ទំនងនូវវប្បធម៌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ដោយផ្អែកលើគោលការណ៍កិច្ចសហប្រតិបត្តិការល្អដើម្បីផលប្រយោជន៍ និងការជឿជាក់ ផ្តល់នូវទំនុកចិត្ត ពីគ្នាទៅវិញទៅមក។

     ជាមួយគ្នានេះ ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើតនូវមជ្ឈមណ្ឌលភាសាចិនវិទ្យាល័យពេជ្រចិន្តា នៃវិទ្យាស្ថានខុងជឺរបស់សាកលវិទ្យាល័យជាតិបាត់ដំបង ដែលមានភារកិច្ចសំខាន់ៗដូចជា៖ ការបង្រៀនភាសាចិន, ការប្រឡងវាស់កម្រិតភាសាចិនអន្តរជាតិ, ការបណ្ដុះបណ្ដាលគរុកោសល្យបង្រៀនដល់គ្រូជនជាតិខ្មែរ ដើម្បីបង្រៀនភាសាចិន, ការផ្លាស់ប្ដូរភាសា និង វប្បធម៌ រវាងប្រជាជនខ្មែរ និង ប្រជាជនចិនជាដើម។

     ក្នុងឱកាសអញ្ជើញជាអធិបតីឯកឧត្តម សុខឃន សាកលវិទ្យាធិការNUBB បានមានប្រសាសន៍ថា៖សាកលវិទ្យាល័យជាតិបាត់ដំបងអនុវត្តផែនការយុទ្ធសាស្រ្តតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយ និងបណ្តាក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាលជាតិ និង អន្តរជាតិ ព្រមទាំងគ្រឹះស្ថានអប់រំកម្រិតមធ្យមសិក្សា និងឧត្តមសិក្សាទាំងក្នុងនិងក្រៅប្រទេស ដើម្បីឱ្យកម្មវិធីសិក្សាមានស្តង់ដានិងមានការទទួលស្គាល់នូវគុណភាពអប់រំកម្រិតជាតិ និងអន្តរជាតិ ព្រមទាំងការលើក នូវ គម្រោងស្រាវជ្រាវ វិនិយោគរួមជាមួយគ្នាជាបន្តបន្ទាប់កន្លងមក និងឈានដល់ការរៀបចំឱ្យមាននូវពិធីចុះអនុស្សរណៈរវាងសាកលវិទ្យាល័យជាតិបាត់ដំបង, វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយនិងក្រុមហ៊ុនចិនទាំង២ខាងលើ និងជាមួយវិទ្យាល៏យពេជ្រចិន្តា នាថ្ងៃនេះ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner