សម្ដេចតេជោ ជម្រាបប្រធានាធិបតីឥណ្ឌូនេស៊ីថា មានអ្នកគាំទ្រ តែក៏មានអ្នកខ្លះ មិនគាំទ្រ ពីលទ្ធផលនៃទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី ឯកឧត្តម ចូកូ វីដូដូ (Joko Widodo) តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបព័ត៌មានអំពីលទ្ធផលសំខាន់ៗរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានទៅទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ាកន្លងទៅនេះ។ សម្ដេចបានបញ្ជាក់ថា មានអ្នកមួយចំនួនបានអបអរសាទរ និងគាំទ្រ តែក៏មានអ្នកខ្លះ មិនបានគាំទ្រផងដែរ ពីលទ្ធផលនៃទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់មីយ៉ាន់ម៉ា ។

សម្តេចតេជោបានគូសបញ្ជាក់ថា យើងធ្វើក៏ខុស យើងមិនធ្វើក៏ខុស ប៉ុន្តែគោលដៅសំខាន់របស់សម្ដេច គឺទម្លាយភាពទាល់ច្រកពាក់ព័ន្ធនឹងសភាពការណ៏នៅមីយ៉ាន់ម៉ានោះ ដែលជាប្រទេសមួយមានសភាពការណ៍ មានលក្ខណៈស្មុគស្មាញនាពេលបច្ចុប្បន្ន ។ អ្វីដែលសំខាន់ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា អ្វីដែលសម្ដេចទៅមីយ៉ាន់ម៉ា គឺទៅដើម្បីដាំដើមឈើ មិនមែនកាប់ឈើទេ ហើយអ្នកដែលមិនគាំទ្រនោះ ហាក់បីដូចជាគិតថា ដាំដើមឈើតែ១ថ្ងៃ២ថ្ងៃ ហើយចង់បានផ្លែផ្កាដូច្នេះនេះជាទស្សនៈដែលភាគច្រើនគាំទ្រទស្សនកិច្ចរបស់សម្ដេចតេជោ ហើយអ្នកខ្លះទៀត មិនបានគាំទ្រដោយសារតែគាត់គិតថា ចង់ដាំដើមឈើភ្លាម ចង់បានផ្លែផ្កាភ្លាម ។

នៅក្នុងជំនួបនេះដែរ សម្ដេចតេជោ បានបង្ហាញការប្រតិកម្មខ្លាំងៗចំពោះសម្តីរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដោយហ៊ានវាយប្រហារចំពោះដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ សម្តេចតេជោ ហ៊ុន សែន បានហៅលោក Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ជាអ្នកការទូតមិនយល់ពីសិល្បៈការទូត ហើយព្រហើនហ៊ានប្រើសម្តីវាយប្រហារលើប្រធានអាស៊ាន។

ជាមួយគ្នានេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្នើទៅរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកជំទាវ រ៉េតណូ ដើម្បីឲ្យលោកជំទាវ ជូនសាររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដែលយើងដឹងហើយថា អ្វីដែលគាត់បានធ្វើកន្លងទៅនេះ គឺវាមិនត្រឹមត្រូវនៅក្នុងក្របខណ្ឌអាស៊ាននេះ ហើយការបញ្ជូនសារនេះ សម្ដេចមានប្រសាសន៍ថា កុំឲ្យរដ្ឋមន្ត្រីការបរទេសនេះ ព្រហើនពេកដែលប្រើសំដីមិនគប្បីចំពោះថ្នាក់ដឹកនាំអាស៊ាន ជាពិសេសប្រធានអាស៊ាន តែម្ដង ដែលមិនសមជាអ្នកការទូត ដែលខ្វះនូវការគួរសម ។

ដូច្នេះ នេះជាប្រសាសន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី ស្នើទៅលោកជំទាវរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ។ សូមជម្រាបថា ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានកើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានផ្តល់បទសម្ភាសន៍ជាមួយព័ត៌មាន Aljazeera ដោយបានវាយប្រហារ ទៅលើដំណើរទស្សនកិច្ចរបស់ម្តេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាពេលកន្លងទៅ ។

នៅក្នុងជំនួបជាមួយឯកឧត្តម ចូកូ វីដូដូ នេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ថ្វីត្បិតការធ្វើទស្សនកិច្ចនេះ គឺមិនមែនជាលទ្ធផលដែលយើងធ្វើបានក្នុងរយៈពេល១ថ្ងៃ ឬ១ខែនោះទេ ប៉ុន្តែយើងធ្វើភ្លាម ហើយយើងក៏ទទួលបាននូវលទ្ធផលមួយចំនួនផងដែរ ដូចជាទី១ គឺលទ្ធផលដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីជម្រាបជូនទៅប្រធានាធិបតីឥណ្ឌូនេស៊ី គឺពាក់ព័ន្ធនឹងបទឈប់បាញ់ និងការបញ្ឈប់នូវអំពើហិង្សា តែសម្ដេចស្នើសុំឲ្យមានការឯកភាពពីឯកឧត្តម មីន អោងឡាំង ថា បទឈប់បាញ់នេះ នឹងបញ្ឈប់ពីពេលនេះទៅរហូតទៅដល់ចុងឆ្នាំ២០២២ឯណោះ ។

អ្វីដែលសំខាន់ទៀតទី២- គឺការផ្ដល់ជូននូវជំនួយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលត្រូវការជំនួយជាចាំបាច់ ហើយជាពិសេស គឺការធ្វើការជាមួយនឹងប្រេសិតពិសេសរបស់ប្រធានអាស៊ាន អគ្គលេខាធិការអាស៊ាន មជ្ឈមណ្ឌលអាហាររបស់អាស៊ានផងដែរដែលទទួលបន្ទុកខាងជំនួយមនុស្សធម៌ និងគ្រោះមហន្តរាយ ហើយនឹងភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធ។ ដូច្នេះការងារនេះ គឺសំខាន់ណាស់ ក្នុងការធ្វើការងារជាក្រុម និងធ្វើការងារជាមួយនឹងខាងមីយ៉ាន់ម៉ាផងដែរ ដូច្នេះហើយនៅក្នុងការងារនេះ គឺសម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពាក់ព័ន្ធនិងជំនួយមនុស្សធម៌ ដោយជំរុញធ្វើយ៉ាងណា ឱ្យមានជំនួយជាវ៉ាក់សាំង ការចាក់វ៉ាក់សាំងទៅប្រជាពលរដ្ឋដែលត្រូវការជាចាំបាច់នេះ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner