នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាបានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធស.ស.យ.ក. ខេត្តព្រះសីហនុ

ក្នុងពិធីនេះដែរ ក៏មានវត្តមានចូលរួមពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សូ ជុងហួរ ប្រធានក្រុមប្រឹក្សាភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានស.ស.យ.ក ខេត្ត សមាជិក សមាជិកា គណៈកម្មកាធិការ ស.ស.យ.ក. ខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពជុំវិញខេត្ត។

ក្នុងឱកាសពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធស.ស.យ.ក. ខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសរសើរដល់យុវជន ស.ស.យ.ក. ខេត្តព្រះសីហនុ ក្នុងការចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត និងអជ្ញាធរមូលដ្ឋាន ក្នុងកិច្ចការងារសង្គម មនុស្សធម៌ ជាពិសេសការងារលើកស្ទួយកិត្តិយសជាតិ ស្របតាមឆន្ទៈ និងបេសកកម្មរបស់ស.ស.យ.ក.។

ឯកឧត្តម បានមានប្រសាសន៍ថា៖ « សកម្មភាពទាំងអស់នេះ ពិតជាបានបម្រើប្រយោជន៍ និងបានទាក់ទាញទឹកចិត្តមហាជន ប្រជាពលរដ្ឋ យុវជនគ្រប់ស្រទាប់វណ្ណៈ។ ស.ស.យ.ក. ខេត្តព្រះសីហនុ បានចូលរួមក្នុងការទប់ស្កាត់កូវីដ១៩ក្នុងខេត្ត យុទ្ធនាការចាក់វ៉ាក់សាំង ការជួយសម្រាលទុកលំបាកផ្សេងៗ ជាពិសេសចំពោះចាស់ជរា និងកុមារ នៅតាមមូលដ្នាន និងថ្មីៗនេះការសម្របសម្រួលការប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងខេត្តផងដែរ»។

ទន្ទឹមនឹងការសំណេះសំណាល និងថ្លែងអំណរគុណចំពោះការចូលរួមរបស់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រះសីហនុ និងស.ស.យ.ក. ទូទាំងប្រទេស ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញពីសុទិដ្ឋិនិយមចំពោះសមិទ្ធផលនានាកន្លងមក និងទៅអនាគត។

ឯកឧត្តមបានមានប្រសាសន៍ថា៖ «ទោះប្រឈមនឹងហានិភ័យនៃជំងឺកូវីដ-១៩ ក្តី ប៉ុន្តែទឹកចិត្ត ឆន្ទៈ សេចក្ដីក្លាហាន និងស្មារតីទំនួលខុសត្រូវរបស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប បានបង្ហាញយ៉ាងច្បាស់ពីការលះបង់ សុខសុវត្ថិភាព អមដោយស្មារតីរួមសុខទុក្ខជាមួយប្រជាជន និង

ប្រជាជាតិនៅគ្រប់កាលៈទេសៈ។ ហើយ ទោះឈរលើមូលដ្ឋានស្ម័គ្រចិត្តក្ដី ប៉ុន្តែសកម្មភាពដែលសមាជិក សមាជិការបស់យើងគ្រប់ៗរូប បានចូលរួម និងសម្រេចបានជាបន្តបន្ទាប់ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់បំផុតរបស់រចនាសម្ព័ន្ធគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា គ្រប់រូប។»

ក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បានឆ្លុះបញ្ចាំងពីដំណើរឆ្ពោះទៅមុខ ដោយមានប្រសាសន៍ថា៖ «បើទោះជាក្តីស្រមៃ ផ្នត់គំនិត និងការអនុវត្តរបស់យើងជាបុគ្គលម្នាក់ៗ តែងមានភាពខុសគ្នា តែយើងត្រូវខិតខំធ្វើយ៉ាងណាបណ្តុះ និងកសាងការឯកភាពលើទស្សនជាខ្មែរ សម្រាប់ចក្ខុវិស័យវែងឆ្ងាយរបស់សង្គមកម្ពុជា។»

ads banner