នាយករដ្ឋមន្ត្រីថៃនឹងធ្វើទស្សនកិច្ចទៅអារ៉ាប៊ីសាអ៊ូឌីត ខណៈប្រទេសទាំងពីរមានបញ្ហាការទូតនឹងគ្នា

លោក ប្រាយុធ ចាន់អូឆា នាយករដ្ឋមន្ត្រី​ថៃ​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​រយៈពេល ២ថ្ងៃ​ ចាប់​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ ខណៈ​ទំនាក់ទំនង​ការទូត​រវាង​ថៃ និង​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ​បាន​ពើប​ប្រទះ​នឹង​បញ្ហា​ជាមួយ​គ្នា​អស់​រយៈពេល​ជាង ៣០ឆ្នាំ​មក​ហើយ។

បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​ថៃ ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ លោក​ ប្រាយុធ ត្រូវ​បាន​អញ្ជើញ​ដោយ​រជ្ជទាយាទ​ដ៏​មាន​ឥទ្ធិពល​នៅ​អារ៉ាប៊ីសាអ៊ូឌីត​គឺ ព្រះអង្គ​ម្ចាស់​ Mohammad bin Salman ដែល​សារព័ត៌មាន​លោក​ខាង​លិច​ភាគ​ច្រើន​ហៅ​ព្រះអង្គ​ថា MBS។

នាយករដ្ឋមន្ត្រី​ថៃ​គ្រោង​នឹង​ជួប​ជាមួយ​ព្រះអង្គម្ចាស់ MBS ក្នុង​គោលបំណង «ពង្រឹង​ និង​លើក​កម្ពស់​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ»។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រទេស​ថៃ។

រដ្ឋាភិបាល​ថៃ​បាន​និយាយ​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា៖ «ដំណើរ​ទស្សនកិច្ច​នេះ​ជា​ទស្សនកិច្ច​លើក​ដំបូង​របស់​ប្រមុខ​រដ្ឋាភិបាល​នៅ​ក្នុង​រយៈពេល​ច្រើន​ជាង ៣០ឆ្នាំ»។

ភាគី​អារ៉ាប៊ីសាអ៊ូឌីត​បាន​និយាយ​ថា​ ដំណើរទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នេះ​​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន «កិច្ច​ពិគ្រោះ​យោបល់​គ្នា ដែល​បង្ក​ឱ្យ​មាន​លក្ខណៈ​ក្នុង​បញ្ចូល​ទស្សនៈ​គ្នា​ទៅ​វិញ​ទៅ​មក ចំពោះ​បញ្ហា​ផ្សេងៗ​នៃ​ការ​ព្រួយបារម្ភ​រួម និង​ដើម្បី​ធានា​ឱ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​គ្នា និង​ការ​សម្របសម្រួល​គ្នា ក្នុង​ការ​ផ្លាស់ប្ដូរ​ទស្សនៈ​ចំពោះ​បញ្ហា​ទាំង​នេះ»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​ក្រសួង​ការបរទេស​អារ៉ាប៊ីសាអ៊ូឌីត។

យ៉ាងណាមិញ ភាគី​ទាំង​សងខាង​មិន​បាន​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​លើ​បញ្ហា​អ្វី​នោះ​ឡើយ។

ភារធារី​ថៃ​ប្រចាំ​រាជធានី​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត លោក Sathana Kashemsanta បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ថា ថ្នាក់ដឹកនាំ​ទាំង​ពីរ​នឹង​ជជែក​គ្នា​ទទួល​បាន​ផ្លែផ្កា​ជា​មិន​ខាន។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​ប្រាប់​ទៅ​កាន់​សារព័ត៌មាន Arab News។

កន្លង​មក​ នៅ​ក្នុង​រដ្ឋបាល​របស់​លោក ប្រាយុធ រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក ដន ប្រាមុដវិណៃ (Don Pramudvinai) ក៏​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ​ កាល​ពី​ដើម​ឆ្នាំ២០២០ ក្នុង​គោលបំណង​ពង្រឹង​ចំណងមិត្តភាព​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ។

ថៃ និង​អារ៉ាប៊ីសាអ៊ូឌីត​បាន​ភ្ជាប់​ចំណង​ការទូត​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ១៩៥៧មក។ ប្រទេស​ទាំង​ពីរ​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា​តាម​រយៈ​សកម្មភាព​ពាណិជ្ជកម្ម ក៏​ដូច​ជា​ការ​នាំ​ចេញ​កម្លាំង​ពលកម្ម​ពី​ថៃ ទៅ​កាន់​ប្រទេស​នេះ ហើយ​ទំនាក់ទំនង​រវាង​អ្នក​កាន់​សាសនា​អ៊ិស្លាម​នៅ​ថៃ ជាមួយ​នឹង​អារ៉ាប៊ីសាអ៊ូឌីត​។

យ៉ាងណាមិញ កាល​ពី​ឆ្នាំ១៩៨៩ មាន​អ្នក​ថែ​សួន​ជនជាតិ​ថៃ​ម្នាក់​ ដែល​​បម្រើ​ការ​នៅ​​វាំង​អារ៉ាប៊ីសាអ៊ូឌីត បាន​​លួច​គ្រឿង​ពេជ្រ ដែល​​គេ​​ហៅ​​ព្រឹត្តិការណ៍​​នេះ​ថា​​ ពេជ្រ​ខៀវ (​Blue Diamond Affair) ​របស់​ព្រះអង្គម្ចាស់​ប្រទេស​នេះ​ក្នុង​តម្លៃ​សរុប ២០លាន​ដុល្លារ។ បុរស​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ថៃ ហើយ​ដឹកជញ្ជូន​គ្រឿង​អលង្ការ​ទាំង​នេះ​ទៅ​ថៃ​តាម​កប៉ាល់។

ក្រោយៗ​មក​លោក​ក៏​បាន​ចាប់​ខ្លួន​ ពេល​ត្រលប់​មក​ស្រុក​ថៃ​វិញ តែ​លោក​បាន​លក់​គ្រឿង​ពេជ្រ​ទាំង​នោះ​ជា​ច្រើន​មក​ហើយ។ បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​ ប៉ូលិស​ថៃ​បាន​ដកហូត​ដល់​គ្រឿង​អលង្ការ​បាន​មួយ​ចំនួន​មក​វិញ ហើយ​ឡើង​យន្តហោះ​ប្រគល់​ឱ្យ​ខាង​អារ៉ាប៊ីសាអ៊ូឌីត​វិញ។

យ៉ាងណាមិញ ខាង​អារ៉ាប​រក​​ឃើញ​ថា​ ត្បូង​ដែល​ជញ្ជូន​មក​វិញ មិន​ត្រឹម​តែ​មិន​គ្រប់​ចំនួន​ទេ ថែម​ទាំង​ជា​ត្បូង​ក្លែងក្លាយ​ទៀត​ផង​។

ដោយសារ​តែ​មិន​អស់​ចិត្ត​នឹង​ខាង​ថៃ នៅ​ឆ្នាំ១៩៩០ អារ៉ាប៊ីសាអ៊ូឌីត​បាន​បញ្ជូន​អ្នក​ធុរកិច្ច​របស់​ខ្លួន​មួយ​រូប​មក​ស៊ើបអង្កេត​ដោយ​ខ្លួន​ឯង តែ​ក្រោយ​មក​អ្នក​ធុរកិច្ច​ត្រូវ​បាន​បាត់​ខ្លួន ហើយ​ក្រោយ​មក​រក​ឃើញ​ថា​បាត់បង់ ស្រប​ពេល​ដែល​អ្នក​ការទូត​អារ៉ាប៊ីសាអ៊ូឌីត​ចំនួន ៣រូប ត្រូវ​បាន​សម្លាប់​នៅ​កន្លែង​ខុស​គ្នា នៅ​យប់​តែ​មួយ។

ឆ្លើយតប​នឹង​ស្ថានភាព​ដូច្នេះ​ ចាប់​តាំង​ពី​ពេល​នោះ​មក​អារ៉ាប៊ីសាអ៊ូឌីត​បាន​ទម្លាក់​កម្រិត​ការទូត​ជាមួយ​ថៃ​ពី​ថ្នាក់​ឯកអគ្គរាជទូត​ មក​ត្រឹម​កម្រិត​ភារធារី ហើយ​ទិដ្ឋាការ​សម្រាប់​ពលករ​ថៃ​ក៏​បាន​កាត់​បន្ថយ​ក្នុង​ចំនួន​ច្រើន​ផង​ដែរ។

បន្ទាប់​ពី​មាន​ហេតុការណ៍​កើត​ឡើង​ រដ្ឋាភិបាល​​ថៃ​ក៏​ព្យាយាម​ទទូច​ក្នុង​ការ​ធ្វើ​ប្រក្រតីភាព​​ប្រទេស​ទាំង​ពីរ​ជា​ច្រើន​លើក​ផង​ដែរ៕

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner