រដ្ឋលេខាធិក្រសួងកសិកម្ម មានប្រសាសន៍ថា ការរីកចម្រើននៃ​វិស័យកសិកម្ម គឺជាកត្តាគន្លឹះសម្រាប់ការកាត់បន្ថយភាពក្រីក្រ ដែល​វិស័យនេះបាន​ចូលរួមយ៉ាងសកម្មក្នុងកំណើនផលិតផលក្នុងស្រុក (GDP) និងស្ថិរភាពភាពម៉ាក្រូសេដ្ឋកិច្ច

នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ​ក្រោមអធិបតីភាព ឯក​ឧត្ដម​​​ តូច ប៊ុនហួរ  រដ្ឋលេខាធិការ តំណាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រម៉ាញ់ និងនេសាទ       ឯកឧត្តមបណ្ឌិត ងិន ឆាយប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តម លោកជំទាវ ឯកឧត្តមទីប្រឹក្សា និងលោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមផងដែរ។

ឯកឧត្តមបណ្ឌិត ងិន ឆាយ មានប្រសាសន៍ថា   តាមរយៈការអនុវត្តកម្មវិធីការងាររយៈពេលមួយឆ្នាំកន្លងទៅនេះ ដោយមានការណែនាំតម្រង់ទិសពីសំណាក់ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងមានការចូលរួមសហការយ៉ាង​ជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ មន្ទីរកសិកម្ម  រាជធានី ខេត្ត ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន អាជ្ញាធរ​មូលដ្ឋាន និងសហគមន៍កសិកម្ម អគ្គនាយកដ្ឋានកសិកម្ម បានអនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់និងភាពទទួលខុសត្រូវខ្ពស់ ដែលសម្រេចបាននូវលទ្ធផលជោគជ័យ តាមផែនការដែលបានគ្រោងទុក ទោះបីជាប្រទេសកម្ពុជា ជួបវិបត្តិជាសាកលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារនេះ មានគោលបំណងដើម្បី៖

១). ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តការងារតាមផែនការគ្រោងទុក និងសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ​

២). កំណត់បញ្ហាប្រឈមនានា ដែលរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ និងស្វែងរកកាលា​នុវត្តភាពក្នុងការជំរុញអនុវិស័យដំណាំឱ្យមានការវិវឌ្ឍន៍កាន់តែល្អប្រសើរថែមទៀត

៣). ពិភាក្សាស្វែងរកដំណោះស្រាយ ដើម្បីទទួលបាននូវធាតុចូលសំខាន់ៗ សម្រាប់ជាត្រីវិស័យក្នុងការអនុវត្តសកម្មភាព​ឆ្នាំ២០២២ ឱ្យស្របតាមផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍន៍វិស័យកសិកម្មរបស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងផែនការយុទ្ធសាស្រ្តអនុវិស័យដំណាំរបស់អគ្គនាយកដ្ឋានកសិកម្មឆ្នាំ២០១៩-២០២៣។

ឯក​ឧត្ដម​​​ តូច ប៊ុនហួរ  មានប្រសាសន៍ថា   ការរីកចម្រើននៃវិស័យកសិកម្មគឺជាកត្តាគន្លឹះសម្រាប់ការកាត់បន្ថយភាពក្រីក្រ ដែលវិស័យនេះបាន​ចូលរួមយ៉ាងសកម្មក្នុងកំណើនផលិតផលក្នុងស្រុក (GDP) និងស្ថិរភាពភាពម៉ាក្រូសេដ្ឋកិច្ច។ ជាពិសេសនៅក្នុង​ដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩។ នារយៈពេលមួយឆ្នាំកន្លងមកនេះ ក្រោមការខិតខំប្រឹងប្រែង​​របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំនិងតម្រង់ទិសរបស់រជរដ្ឋាភិបាល ដោយមានការចូលរួមពីគ្រប់ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករទូទាំងប្រទេសព្រមទាំងការរួមចំណែកពីដៃគូអភិវឌ្ឍន៍ បានធ្វើឱ្យផលិតកម្មដំណាំកសិកម្មមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងផលិតកម្មដំណាំធំៗឆ្នាំ២០២១នេះ ទោះបីជាប្រជាកសិករបានជួបប្រទះគ្រោះធម្មជាតិនិងធ្វើឱ្យដំណាំកសិកម្មមួយចំនួនរងផលប៉ះពាល់និងខូចខាតមួយចំនួនក្ដី ក៏ស្ថានភាពផលិតកម្មដំណាំកសិកម្មជារួមមានការវិវឌ្ឍល្អទូទាំងប្រទេស។

ឯក​ឧត្ដម​​​ គូសបញ្ជាក់ថា វិស័យកសិកម្មនៅមានកាលានុវត្តធំធេង ហើយគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា បានតម្រង់ទិសដាក់ឱ្យអនុវត្តច្បាស់លាស់ក្នុងការគាំទ្រដល់ការអភិវឌ្ឍកសិកម្ម ហើយក្រសួងនិងគ្រប់ភាគីពាក់ព័ន្ធមានការប្តេជ្ញាចិត្តខ្ពស់និងទទួលស្គាល់នូវសារៈសំខាន់នៃវិស័យកសិ​កម្ម ដែលទាំងនេះគឺជាកត្តាជោគជ័យក្នុងការអភិវឌ្ឍវិស័យកសិកម្មក្នុងពេលខាងមុខ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner