រថយន្តតូយ៉ូតា ព្រូស បុករថយន្តធុនធំពីក្រោយពេញទំហឹង បណ្តាលឲ្យខ្ទេចស្ទើរទាំងស្រុង ឯអ្នកបេីកបររងរបួសធ្ងន់
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តតូយ៉ូតាព្រូសមួយគ្រឿងក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តកូរ៉េដឹកទំនិញធុនធំ បណ្ដាលឲ្យរថយន្តព្រូសខ្ទេចស្ទើរទាំងស្រុង ចំណែកអ្នកបើកបររងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកើតឡើងកាលពីម៉ោង ២ និង២០នាទីរំលងអធ្រាត្រចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តកូរ៉េដឹកទំនិញធុនធំ ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ កំពង់ចាម3A-6600 បើកបរតាមបណ្ដោយផ្លូវជាតិលេខលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈបើកមកដល់ចំណុចកើតហេតុទល់មុខនឹងបុរីសែនមនោរម្យ ស្រាប់តែមានបុរសម្នាក់បានបើករថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2BG-3010 បើកតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុករថយន្តកូរ៉េដឹកទំទិញ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេចស្ទើរទាំងស្រុង និងអ្នកបើករថយន្តរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ ចំណែកអ្នកបើករថយន្តដឹកទំនិញបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកធ្វេីការវាស់វែងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ជីម ភារ៉ា