ខឹងបងថ្លៃ ស៊ីដាច់លុយ ២០ម៉ឺនរៀល គំរាមសម្លាប់ ដុតផ្ទះ ត្រូវនគរបាលឃាត់ខ្លួន
កណ្តាល ៖ ជនសង្ស័យម្នាក់ជាប្អូនថ្លៃ ត្រូវបាននគរបាលស្រុកកៀនស្វាយ ឃាត់ខ្លួន បន្ទាប់ពីគំរាមសម្លាប់បងថ្លៃ និងដុតផ្ទះ ដុតឡាន ដោយសារខឹង បងថ្លៃ ស៊ីដាច់លុយ ២០ម៉ឺនរៀល ពីថៅកែការដ្ឋានដឹកដីរបស់ខ្លួន ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២០ និង២០នាទី។ស្ថិតនៅក្នុងភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ដាំ ជា ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ជនសង្ស័យឈ្មោះ ឈន ប៊ុនណាក់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកឡាន មានទីលំនៅ ភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បើតាមរបាយការណ៌របស់សមត្ថកិច្ច ដែលទើបទទួលបាននៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នេះថា ជនរងគ្រោះកំពុងតែដេកនៅក្នុងបន្ទប់ផ្ទះរបស់ខ្លួនស្រាប់តែជនសង្ស័យឈ្មោះ ឈន ប៊ុនណាក់ ត្រូវជាប្អូនថ្លៃ បានមកធាក់ទ្វាបន្ទប់ដេករបស់ជនរងគ្រោះ ហើយស្រែកហៅឱ្យចេញមកខាងក្រៅ និងបានគំរាមគំហែង ជនរងគ្រោះថា បើមិនចេញមកក្រៅទេ និងដុតផ្ទះ វ៉ៃកម្ទេចឡាន ហើយនឹងសម្លាប់ជនរងគ្រោះចោល ។
ឮដូច្នេះជនរងគ្រោះភ័យក៏បានរត់ទៅយកឡានបើកផ្ញើផ្ទះអ្នកភូមិនៅក្បែរគ្នា និងបានទូរស័ព្ទប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ឱ្យចុះមកអប់រំណែនាំ ជនសង្ស័យឱ្យឈប់រករឿងខ្លួនទៀត។
លុះដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២០ និង២០នាទី ជនសង្ស័យឈ្មោះ ឈន ប៊ុនណាក់ បានកាន់កាំបិតផ្គាក់ផ្លែដែក ដងឬស្សីរករឿងជនរងគ្រោះដោយបានគំរាមគំហែង រកដុតផ្ទះ វ៉ៃកម្ទេចឡាន និងរកសំលាប់ជនរងគ្រោះឈ្មោះដាំ ជា ភេទប្រុសចោលម្ដងទៀត។ ពេលនោះជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយបានចុះទៅដល់កន្លែងហេតុរួចបាននាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ខ្លួនបានតេទូរស័ព្ទទៅឈ្មោះ ទី សេងចាំង ភេទប្រុស អាយុប្រហែល៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ថៅកែការដ្ឋានដឹកដី មានទីលំនៅភូមិព្រែកបាឡាក់ឆឹង ឃុំត្រោយស្លា ស្រុកស្អាង ខេត្តកណ្ដាល ដើម្បីសំចូលធ្វើការងារវិញ ហើយនឹងសុំខ្ចីប្រាក់ចំនួន ២០០០០០៛(ម្ភៃមុឺនរៀល) រួចថៅកែការដ្ឋានដឹកដី បានប្រាប់ថា ចាំផ្ញើរតាមឈ្មោះ ដាំ ជា ភេទប្រុស(ត្រូវជាបងថ្លៃរបស់ខ្ញុំ) ។
លុះដល់ម៉ោង២១ និង៣០នាទីថ្ងៃ ខែ ឆ្នាំដដែល ខ្លួនស្រវឹងស្រាបានទៅគោះទ្វាផ្ទះជនរងគ្រោះ(បងថ្លៃ)ដើម្បីសួរនាំរឿងលុយដែលខ្លួនបានខ្ចីពីថៅកែដឹកដី ពេលនោះ ជនរងគ្រោះ(បងថ្លៃ) បានហុចមីកញ្ចប់ពណ៌ខៀវចំនួនប្រាំកញ្ចប់មកឱ្យ ភ្លាមនោះខ្លួនបាននិយាយគំរាមគំហែងជនរងគ្រោះជាច្រើនតែភ្លេចអស់មិនចាំថាខ្លួនបាននិយាយពាក្យសម្ដីអ្វីខ្លះ ។
លុះដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២វេលាម៉ោង២០ និង២០នាទីជនសង្ស័យបានផឹកស្រាថ្នាំស្រវឹងកាន់កាំបិតផ្គាក់ដងឬស្សី ផ្លែដែកស្រែកជេរគំរាមគំហែងរកសំលាប់ និងរកដុតផ្ទះជនរងគ្រោះចោល។
ជនសង្ស័យបានឆ្លើយសារភាពទៀតថា មូលហេតុដែលខ្លួនធ្វើសកម្មភាពបែបនេះលើជនរងគ្រោះមកពីខ្លួនខឹងជនរងគ្រោះមិនព្រមឱ្យលុយដែលខ្លួនបានខ្ចីពីថៅកែម្ចាស់ការដ្ឋានដឹកដីរបស់ខ្លួន។
បច្ចុប្បន្នជនដង្ស័យរួមទាំងវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តតាមនីតិវិធីច្បាប់ ៕ ឆ ដា