សមត្តកិច្ចឃាត់ខ្លួនជនសង្ស័យ ៩នាក់ពាក់ព័ន្ធករណីលួចបូមប្រេងរថយន្ត និងគ្រឿងចក្រលក់ នៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន ៩នាក់ត្រូវសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួននាក់ព័ន្ធករណីលួចបូមប្រេងរថយន្ត គ្រឿងចក្រ និងទទួលផលចោរកម្មចេញពី ក្រុមហ៊ុនជប៉ុនដែលកំពុងសាងសង់ផ្លូវជាតិលេខ០៥ ពីស្រុកពញាឮ ខេត្ត
កណ្តាល ឆ្ពោះទៅខេត្តបន្ទាយមានជ័យ ។ ការបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យខាងលើធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងប្រតិបត្តិការដោយកម្លាំងមន្ត្រីនគរបាលយុត្តិធម៌ខេត្តកំពង់ឆ្នាំង។

ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យចំនួន ០៩នាក់ ១-ឈ្មោះ កែត ភា,២-ឈ្មោះខៀវ សាវឿន, ៣-ឈ្មោះ ឃឿន វិសាល, ៤-ឈ្មោះ ទន់ សាតូ, ៥-ឈ្មោះ ប៉ាត់ ប៊ុនលី, ៦-ឈ្មោះ យក់ សីហា ត្រូវបានចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងអំពើលួច ៧-ឈ្មោះ ម៉ាត់ គ្រីយ៉ា ត្រូវ បានចោទ ប្រកាន់ពីបទលួចលក់ប្រេង ៨-ឈ្មោះ តឹប ណាត និង៩-ឈ្មោះ សុខ ពិសិដ្ឋ ត្រូវបានចោទពីបទ ទទួលផលចោរកម្ម ទទួលទិញប្រេង ប្រព្រឹត្តនៅចំណុច ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ក្នុងការបង្ក្រាបនេះសមត្ថកិច្ចដកហូតបានប្រេង ម៉ាស៊ូត ចំនួន ០៨កាន និងរថយន្តលួចចូលទៅបូមប្រេងចំនួន ០១គ្រឿងម៉ាក Nissan (Frontier) ពណ៌ទឹកប្រាក់។ ពាក់ព័ន្ធករណីខាងលើនេះផងដែរតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់ បានរាយការណ៍ផ្ទាល់ថាមានមនុស្ស០១ក្រុមជាអ្នកស៊ី ឈ្នួល បើកគ្រឿងចក្រ និងរថយន្តឱ្យក្រុមហ៊ុនជប៉ុន បានឃុបឃិតគ្នាជាមួយសន្តិសុខយាមគ្រឿងចក្រ និងបានបើកដៃឱ្យជនសង្ស័យឈ្មោះ តឹប ណាត និងឈ្មោះ សុខ ពិសិដ្ឋ ចូលទៅទិញប្រេងដែលពួកខ្លួនបានបូមចេញពីគ្រឿងចក្រនៅនឹងការដ្ឋានទាំងយប់តែម្តង។

ករណីលួចបូមប្រេងលក់នេះមិនមែនជាលើកទី១ របស់ពួកគេទេ គឺជនសង្ស័យទាំងនេះតែងតែប្រព្រឹត្តជាច្រើនលើកច្រើនសារមកហើយ ហើយរាល់ការប្រព្រឹត្តម្តងៗគឺមានការចាត់តាំងបក្ខពួកដើម្បីរៀបចាំលួចបូមប្រេង។ ភាគច្រើនយើងក៏អាចកត់សម្គាល់មើលប្រេងដែលឈ្មួញដាក់លក់តាមផ្លូវជាកានៗនោះ ភាគច្រើនគឺអ្នកស៊ីឈ្នួលបើករថយន្តធំៗ ឬអ្នកស៊ីឈ្នួលបើកគ្រឿងចក្រជាអ្នកលួចបូមយកទៅលក់ឱ្យឈ្មួញទុច្ចរិតដូចរូបភាពខាងលើនេះ។

ប្រជាពលរដ្ឋនៅមូលដ្ឋាន និងក្រុមហ៊ុនជប៉ុន បានសម្តែងនូវការកោតសរសើរចំពោះចំណាត់ ការរបស់តំណាងអយ្យការខេត្តកំពង់ឆ្នាំង និងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងក្រោមការដឹក នាំរបស់ ឧត្តមសេនីយ៍ ទោ ខូវ លី ស្នងការខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំកម្លាំងចុះបង្ក្រាបសកម្មភាព ខាងលើនេះទាន់ពេលវេលា ។ បច្ចុប្បន្ន ជនសង្ស័យទាំង ៩នាក់ខាងលើត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនខ្លួនទៅតុលាការខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីនៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២នេះ ៕សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner