កូរ៉េខាងជើងធ្វើតេស្តបាញ់មីស៊ីលជាលើកទី៥ ស្របពេលគីម ជុងអ៊ុនចង់ពង្រឹងអានុភាពកងទ័ព

កូរ៉េ​ខាង​ជើង​បាន​ធ្វើ​តេស្ត​បាញ់​មីស៊ីល​ម្ដង​ទៀត​ហើយ​កាល​ពី​ថ្ងៃ​អង្គារ​នេះ ខណៈ​ពេល​ដែល​មេដឹកនាំ​កំពូល​របស់​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​គឺ លោក គីម ជុងអ៊ុន មាន​គោលបំណង​ក្នុង​ការ​ពង្រឹង​អានុភាព​កងទ័ព​ប្រទេស​របស់​ខ្លួន។

ការ​បាញ់​មីស៊ីល​នេះ​ជា​ ការ​ធ្វើ​តេស្ត​លើក​ទី៥ ហើយ​របស់​កូរ៉េ​ខាង​ជើង​ គិត​ត្រឹម​មួយ​ខែ​ដំបូង នៅ​ឆ្នាំ២០២២។ បើ​យោង​តាម​ប្រភព​ពី​យោធា​កូរ៉េ​ខាង​ត្បូង​ កូរ៉េ​ខាង​ជើង​លើក​នេះ​បាញ់​មីស៊ីល​គ្រូស​ (Cruise Missile) ចំនួន ២គ្រាប់​ទម្លាក់​ទៅ​កាន់​សមុទ្រ​ភាគ​ខាង​កើត។

ភាព​ប្រឈម​មុខ​រវាង​កូរ៉េ​ខាង​ជើង​ នឹង​ភាគី​កូរ៉េ​ខាង​ត្បូង ក៏​ដូច​ជា​សហរដ្ឋអាមេរិក​កាន់​តែ​តឹងតែង​ឡើង​ ស្រប​ពេល​ដែល​លោក គីម បាន​អំពាវនាវ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​យោធា​របស់​ខ្លួន​ស្វែងរក​បច្ចេកវិទ្យា​ថ្មី​ៗ​ដើម្បី​ពង្រឹង​អានុភាព​កងទ័ព​របស់​ខ្លួន។

ឆ្លើយតប​នឹង​ស្ថានភាព​នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​លើកឡើង​ថា ខ្លួន​ជ្រួតជ្រាប​អំពី​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង តែ​ខ្លួន​រក្សា​ជំហរ​ក្នុង​ការ​ចរចា​ជាមួយ​ទីក្រុង​ព្យុងយ៉ាង​ ក្នុង​គោលបំណង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​នៅ​ឧបទ្វីប​កូរ៉េ។

ខាង​អាមេរិក​បាន​បន្ថែម​ថា ខ្លួន​ក៏​បន្ត​សម្របសម្រួល​ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ទប់ស្កាត់​ការ​អភិវឌ្ឍ​អាវុធ​ទំនើប​ៗ​របស់​កូរ៉េ​ខាង​ជើង។

កន្លង​មក​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាង​ជើង​ ពាក់ព័ន្ធ​នឹង​ការ​បាញ់​មីស៊ីល​បាលីស្ទិក តែ​មិនមែន​មីស៊ីល​គ្រូស​ទេ។ ទណ្ឌកម្ម​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ការ​រកស៊ី​នានា ដែល​នាំ​ចំណូល​ចូល​ទៅ​កាន់​របប​ព្យុងយ៉ាង។ អាមេរិក​នា​ពេល​ថ្មីៗ​នេះ​អំពាវនាវ​ឱ្យ​ដាក់​ទណ្ឌកម្ម​ថែម ចំណែក​ឯ​ចិន និង​រុស្ស៊ី​អំពាវនាវ​ឱ្យ​បន្ធូរបន្ថយ​ទណ្ឌកម្ម​មួយ​ចំនួន​ដល់​ប្រទេស​មួយ​នេះ៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner