សម្ដេចតេជោ បង្ហាញទិដ្ឋភាពរាជធានីភ្នំពេញ ថតពីលើអាកាស ដែលឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់កម្ពុជាសម្រេចបាន, ការរីកចម្រើននេះ មិនអាចកើតឡើងបានឡើយ បើប្រទេសយើងមិនមានសន្តិភាព

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញទិដ្ឋភាពរាជធានីភ្នំពេញ ថតពីលើអាកាស ដែលឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់កម្ពុជាសម្រេចបាន ហើយដែលការរីកចម្រើននេះ មិនអាចកើតឡើងបានឡើយ បើប្រទេសយើងមិនមានសន្តិភាព ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបង្ហាញរូបថតទិដ្ឋភាពរាជធានីភ្នំពេញ និងលើកឡើងដូចនេះ តាមរយៈទំព័រហ្វេសប៊ុក ផ្លូវការនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ រាជធានីភ្នំពេញ ខែមករា ឆ្នាំ២០២២! នេះ គឺទិដ្ឋភាពមួយចំនួននៃរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជាយើង ថតពីលើអាកាស នៅក្នុងខែមករា ឆ្នាំ២០២២នេះ ។ បច្ចុប្បន្ននេះ វាពិតជាខុសគ្នាដាច់ស្រឡះពីអតីតកាល ហើយទៅអនាគត ក៏នឹងកាន់តែរីកដុះដាលច្រើន និងល្អៗជាងនេះថែមទៀត ។

សម្ដេចតេជោ បានលើកឡើងបន្តថា តាមរយៈទិដ្ឋភាពនេះ បានបង្ហាញអោយឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងភ្នំពេញបាន និងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនតាមរយៈវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់តែច្រើននៅក្នុងទីក្រុង នៃប្រទេសកំពុងមានការអភិវឌ្ឍមួយនេះ។

សម្ដេចថា ការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើងជាបន្តបន្ទាប់ កាន់តែច្រើនទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់កម្ពុជាដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក ក្នុងខណៈពេលដែលកម្ពុជា កំពុងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការរីកចម្រើនទាំងអស់នេះ មិនអាចកើតឡើងបានឡើយ បើប្រទេសយើងមិនមានសន្តិភាព។ ដូច្នេះ សន្តិភាព គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិរបស់យើង។ អរគុណសន្តិភាព ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner