មន្រ្តីជំនាញកាពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបផលិតផលក្លែងក្លាយរាជធានីភ្នំពេញបានរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងម្ហូបអាហារគ្រឿសមុទ្រនិងទំនិញខូចគុណភាពមួយចំនួនទៀត

ភ្នំពេញ៖ ដោយមានការណែនាំពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមចូលមកដល់ នាពេលខាងមុខនេះ ក៏ដូចជា មានការចង្អុលបង្ហាញរបស់ឯឧ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ស្តីពីការអនុវត្តយុទ្ធនាការ ចុះត្រួតពិនិត្យគុណភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារ នានាក្នុងក្របខណ្ឌទូទាំងប្រទេស។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ខែមករា ឆ្នាំ២០២២នេះ មន្ដ្រី ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ដឹកនាំដោយលោក ហេង មាលី ប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញបានប្រតិបត្តិការចុះត្រួតពិនិត្យផលិតផលទំនិញ ម្ហូបអាហារ គ្រឿងសមុទ្រដែលលក់នៅតាមដងផ្លូវមួយចំនួន នៅខណ្ឌទួលគោក ដោយប្រើប្រាស់រថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ ដើម្បីចៀសវាងការខាតបង់ផលប្រយោជន៍ និងអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ ដែលចុះប្រតិបត្តិការនេះ បានឲ្យដឹងថា ជាលទ្ធផល ផលិតផលគ្រឿងសមុទ និងស្រង់គំរូចំនួន៤៨ មកពិសោធន៍ក្នុងរថយន្តពិសោធន៍ ជាលទ្ធផល បានរកឃើញមានវត្តមានសារធាតុគីមី ហាមឃាត់ចំនួន៣ គំរូ ជាប្រភេទមឹកបកធំ ត្រូវបាដកហូត ចំនួន៦៨គីឡូក្រាម និងទំនិញខូចគុណភាពហួស កាលបរិច្ឆេទចំនួន ៩គីឡូក្រាម ជាមួយវិធានពិន័យ អន្តរការណ៍។

លោកប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) រាជធានីភ្នំពេញ បានបញ្ជាក់ថា មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. គ្រប់សាខារាជធានី-ខេត្ត នឹងបន្តចុះអនុវត្តជាប្រចាំត្រួតពិនិត្យផលិតផលទំនិញ អង្កេត ស្រាវជ្រាវ តាមបណ្តាទីផ្សារ ហាងលក់ទំនិញ កន្លែងលក់ទំនិញនៅតាមទីសាធារណៈនានា ដោយអនុវត្តតាមតួនាទីភារកិច្ច ដែលច្បាប់បានផ្តល់អាណត្តិ ពាក់ព័ន្ធ នឹងគុណភាព សុវត្ថិភាព ទំនិញ និងសេវា និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីការពារសុខមាលភាព និង ផលប្រយោជន៍អ្នកប្រើប្រាស់។

ហើយក្នុងឱកាសនោះលោកប្រធានសាខា (ក.ប.ប)បានណែនាំនិងអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ សូមបញ្ឈប់ការនាំចូលគ្រឿងសមុទ្រដែលមានសារធាតុគីមីហាមឃាត់មកលក់ជូនប្រជាពលរដ្ឋបរិភោគដែលនាំអោយប៉ះពាល់ដល់សុខភាពនិងចូលរួមសហការផ្តល់ព័ត៌មាន ក្នុងករណីមានការសង្ស័យ ពាក់ព័ន្ធការក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញ ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner