«ស្ត្រីបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន»

ខេត្តព្រះវិហារ៖ កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការចូលរួមរបស់ស្ត្រីក្នុងផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍» ក្រោមអធិបតីភាពលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រព្រឹត្តទៅនៅក្រុងព្រះវិហារ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា ផ្តើមពីតួនាទីដ៏មានសារ:សំខាន់របស់ស្ត្រី ក្រសួងទេសចរណ៍ បានចាត់ទុកស្ត្រីគឺជាកម្លាំងចលករដ៏មានសក្តានុពលនិងជាភាគីពាក់ព័ន្ធមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច។ កិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ក្រសួងទេសចរណ៍ក្នុងការអនុវត្តសកម្មភាពនានា ជាពិសេសជំរុញការលើកកម្ពស់សិទ្ធិ តួនាទី និងបង្កើនភាពអង់អាចដល់ស្ត្រី ជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន។

លោកជំទាវបានបន្តថា កម្ពុជាបច្ចុប្បន្ន បាននិងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ «វិធានសុវត្ថិភាពទេសចរណ៍» និង «នីតិវិធីប្រតិបត្តិស្តង់ដា» សម្រាប់ប្រតិបត្តិលើការបើកដំណើរការអាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។ ម្យ៉ាងទៀត ដោយឈរលើទស្សនវិស័យ «គិតពីប្រជាជន គិតពីសេដ្ឋកិច្ច និងគិតពីអនាគត» ក្រសួងទេសចរណ៍ បាននិងកំពុងខិតខំជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ដោយត្រូវអនុវត្តទៅតាមវិធានសុវត្ថិភាពទេសចរណ៍ នីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) និងវិធានការណែនាំនានារបស់រាជរដ្ឋាភិបាល ជាមួយនឹងការពង្រឹងគុណភាពសេវាកម្ម អនាម័យ បដិសណ្ឋារកិច្ចឱ្យបានកាន់តែល្អថែមទៀត ដែលក្នុងនោះស្ត្រីមានតួនាទីសំខាន់ផងដែរនៅគ្រប់ចរន្តប្រតិបត្តិការ និងសម្បទានៃទេសចរណ៍។

លោកកជំទាវរដ្ឋលេខាធិការ ក៏បានបញ្ជាក់បន្ថែមទៀតថានៅក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ ស្ត្រីដែលបម្រើការក្នុងវិស័យទេសចរណ៍ បានជួបប្រទះនូវបញ្ហាប្រឈមយ៉ាងខ្លាំង ដោយសារតែការធ្លាក់ចុះនៃវិស័យទេសចរណ៍ ប៉ុន្តែការណ៍នេះមិនមែនចំពោះតែស្ត្រីនៅក្នុងវិស័យទេសចរណ៍កម្ពុជានោះទេ ទាំងស្ត្រីក្នុងតំបន់និងអន្តរជាតិផងដែរ។

ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងក៏បានដាក់ចេញនូវយុទ្ធនាការ «កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព» ព្រមទាំងគោលនយោបាយនិងកម្មវិធីនានា ដើម្បីជំរុញនិងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ និងមើលឃើញពីសក្តានុពលរបស់ស្ត្រីនៅក្នុងវិស័យមួយនេះចំពោះសេដ្ឋកិច្ចជាតិ។ ក្រសួងបានយកឱកាសនៃវិបត្តិជំងឺកូវីដ-១៩ ដើម្បីពង្រឹងគុណភាពសេវាកម្ម អនាម័យ បដិសណ្ឋារកិច្ច និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញទេសចរ និងត្រៀមទទួលទេសចរអន្តរជាតិសុវត្ថិភាពដែលបានចាក់វ៉ាក់សាំងរួចហើយ សំដៅធ្វើយ៉ាងណាឱ្យស្ត្រីទទួលបាននូវឱកាសការងារបន្ថែមទៀតពីវិស័យមួយនេះ និងបានជំរុញឱ្យស្ត្រីមានការចូលរួមកាន់តែខ្លាំងក្លា ក្នុងផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner