ក្រសួងបរិស្ថានចេញសេចក្តីណែនាំដាក់វិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដើម្បីធានាគុណភាពខ្យល់ឱ្យបានល្អប្រសើរ

រាជធានីភ្នំពេញ៖ដើម្បីធានាឱ្យគុណភាពខ្យល់នៅកម្ពុជានារដូវប្រាំងនេះនៅតែរក្សាគុណភាពល្អ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នេះ ក្រសួងបរិស្ថានបានចេញសេចក្តីណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានរាជធានីខេត្តចាត់វិធានការចាំបាច់មួយ ចំនួនដើម្បីគ្រប់គ្រងគុណភាពខ្យល់។
គុណភាពខ្យល់ដែល តាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាននៅល្ងាចថ្ងៃទី៣១ ខែមករា នេះថា នៅតែមានកម្រិតក្រោមស្តង់ដារ មានគុណភាពល្អ បើទោះបីជាកម្រិតកំហាប់ភាគល្អិតនិចលមានការកើនឡើងជាពិសេសកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM10 និង PM2.5 បន្តិចក៏ដោយ។
ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា យោងតាមលទ្ធផលនៃការអនុវត្តតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ដែលក្រសួងបរិស្ថានបានដំឡើងនៅតាមបណ្តារាជធានី ខេត្ត ទូទាំងប្រទេសបានបង្ហាញថា ស្ថានភាព គុណភាពខ្យល់មានការធ្លាក់ចុះជាពិសេសកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM10 និង PM2.5 អាចមានកើនឡើងលើសកម្រិតស្តង់ដានៅបណ្តាខេត្តមួយចំនួន ដែលជាហានិភ័យបង្កផលប៉ះពាល់ចំពោះ សុខភាព ប្រជាពលរដ្ឋ និងបរិស្ថាន។
ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ប្រភពនិងសកម្មភាពសំខាន់ៗ ដែលជាហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM10 និង PM2.5 មានការកើនឡើងរួមមាន ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូត ពីចំហេះឥន្ធនៈផ្សេងៗ ពិសេសភ្លើងឆេះព្រៃ ការដុតវាលស្មៅ ការដុតសំណល់កសិកម្ម ការដុតរានព្រៃ ការដុតគល់ជញ្រ្ជាំង ការដុតសំរាមសំណល់រឹងនៅទីចំហ និងការឆេះសំណល់ទីលានចាក់សំណល់ ព្រមទាំងការហុយធូលីពីការដ្ឋានសំណង់ជាដើម។
ពាក់ព័ន្ធក្នុងរឿងនេះ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ដោយពិនិត្យ ឃើញនូវបញ្ហាបែបនេះ និងដើម្បីកែលម្អគុណ ភាពខ្យល់នៅតាមរាជធានី ខេត្ត ក្រសួងបរិស្ថានជម្រាបជូន ដល់រដ្ឋបាលថ្នាក់ក្រោមជាតិនិងមន្ទីរបរិស្ថានរាជធានី ខេត្ត នូវ វិធានការ មួយចំនួនដូចខាងក្រោម៖ ១. ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតសំរាម សំណល់រឹងនៅតាមទីចំហ ការឆេះ នៅតាមទីលានចាក់សំណល់។ ២. ត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីពីការដ្ឋានសំណង់ និងការដា្ឋនកែលម្អហេដ្ឋារចនា សម្ព័ន្ធនិងធូលីហុយនៅតាមដងផ្លូវ។ ៣. ការធ្វើសម្អាត អនាម័យនៅតាមដងផ្លូវ និងទីសាធារណៈ និង៤. អប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹង ការដុតស្មៅ គល់ជញ្រ្ជាំង និងសំណល់ កសិកម្ម ផ្សេងៗទៀត។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ការបំពុលខ្យល់កំពុងក្លាយជាបញ្ហាប្រឈមផ្នែកបរិស្ថាននៅក្នុងតំបន់និងពិភពលោក ដែលផលប៉ះពាល់ពីការបំពុលខ្យល់មានលក្ខណៈធំធេង ដោយសារ តែសារធាតុបំពុលខ្យល់អាចសាយភាយបានឆ្ងាយ បង្កឱ្យមានការបំពុលឆ្លងដែន រួមផ្សំនឹងឥទ្ធិពលពីកត្តាអាកាសធាតុ និងភូមិសាស្ត្រ បានធ្វើឱ្យការបំពុលខ្យល់ក្លាយជាបញ្ហាប្រឈមចំពោះសុខភាព ដែលទាមទារឱ្យគ្រប់ប្រទេសទាំងអស់មានការយកចិត្តទុក ដាក់ខ្ពស់លើបញ្ហាបំពុលខ្យល់ ប្រភពនៃការបំពុលខ្យល់មានការកើនឡើងជាលំដាប់នូវមធ្យោបាយធ្វើដំណើរការប្រើប្រាស់ថាមពលក្នុងដំណើរការផលិតកម្ម សេវាកម្ម និងលំនៅឋាន និងការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធនិងសំណង់ បណ្តាលឱ្យមានកំណើននៃការបញ្ចេញឧស្ម័នបំពុលបរិយាកាស។ ឯកឧត្តមបានថ្លែងថា ជាវិធានការនៃការកាត់បន្ថយការបំពុលខ្យល់ ក្រសួងបរិស្ថានបានផ្តួចផ្តើមរៀបចំផែនការខ្យល់ស្អាត កម្ពុជា ដោយមានកិច្ចសហការផ្តល់បច្ចេកទេស និងហរិញ្ញវត្ថុពីកម្មវិធីភាពជាដៃគូ ស្តីពីខ្យល់ស្អាតអាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធីបរិស្ថានសហប្រជាជាតិ និងវិទ្យាស្ថានបរិស្ថានស្តុកខូម នៃប្រទេសស៊ុយអ៊ែត។
ថ្មីៗនេះ ក្រសួងបរិស្ថានបានចេញផ្សាយផែនការខ្យល់ស្អាតកម្ពុជា ដែលជាឯកសារយុទ្ធសាស្រ្តជាតិសំដៅកំណត់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលខ្យល់នៅប្រទេសកម្ពុជា។ បើតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថឆន ឯកសារជាយុទ្ធសាស្រ្តនេះបានផ្តល់នូវទិដ្ឋភាពសំខាន់ៗ រួមមាន ស្ថានភាពគុណភាពខ្យល់ (បច្ចុប្បន្ននិងនិន្នាការក្នុងឆ្នាំ២០៣០) ប្រភពបំពុលខ្យល់សំខាន់ៗ លិខិតបទដ្ឋានគតិយុត្ត និងវិធានការកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលបរិយាកាសតាមវិស័យ ហើយជាលើកទីមួយហើយដែលការបញ្ចេញសារធាតុបំពុលបរិយាកាស បង្កផលប៉ះពាល់ដល់សុខភាពត្រូវបានវាស់វែងក្នុងកម្រិតជាតិ និងវិធានការកាត់បន្ថយការបំពុលបរិយាកាសត្រូវបានដាក់អនុវត្ត ក្នុងគោលបំណងលើកកំពស់គុណភាពខ្យល់ ការពារសុខភាពសាធារណៈ និងបរិស្ថាន ត្រូវបានកំណត់ជាក់លាក់។
ផែនការខ្យល់ស្អាតកម្ពុជាត្រូវបានរៀបចំឡើងដោយធ្វើសមាហរណកម្មជាមួយគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា សារាចរលេខ០១ ស្តីពីវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ អនុក្រឹត្យ ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង ដើម្បីដាក់ចេញជាវិធានការកាត់បន្ថយការបញ្ចេញសារធាតុបំពុលខ្យល់។

គួរបញ្ជាក់ថាប្រទេសកម្ពុជាក៏ដូចនឹងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតដែរ ការកើនឡើងជាលំដាប់នូវមធ្យោបាយធ្វើដំណើរ ការប្រើប្រាស់ថាមពលក្នុងដំណើរការផលិតកម្ម សេវាកម្ម និងលំនៅឋាន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសំណង់ បណ្តាលឱ្យមានកំណើននៃការបញ្ចេញឧស្ម័នបំពុលបរិយាកាសនៅកម្ពុជា។ ជាក់ស្តែងបើយោងតាមទិន្នន័យតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថាន បានបង្ហាញថា នៅទីក្រុងភ្នំពេញជារៀងរាល់ឆ្នាំកំហាប់ PM2.5 ជាមធ្យមមានកើនឡើងពី ១៣.៥៩ μg/m³ ក្នុងឆ្នាំ២០១៧ និង១៩.២៦ μg/m³ ក្នុងឆ្នាំ២០១៨ ហើយវាបានកើនឡើងដល់ ២១.១២ μg/m³ ក្នុងឆ្នាំ២០១៩ ។ បើទោះបីជាកំហាប់ភាគល្អិតនិចលស្ថិតក្រោមបន្ទាត់ស្តង់ដាជាតិ (២៥ μg/m³) ក៏ដោយ ប៉ុន្តែនិន្នាការនៃការកើនឡើងកំហាប់សារធាតុបំពុលខ្យល់ពីមួយឆ្នាំទៅមួយឆ្នាំក្នុងបរិយាកាសគឺមានកម្រិតគួរឱ្យកត់សម្គាល់ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចាត់វិធានការកាត់បន្ថយ។ ការបំពុលខ្យល់បណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនចំពោះសុខភាពសាធារណៈ បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច។
ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ភាគល្អិតនិចល មានសមាសធាតុដែលជាល្បាយនៃភាគល្អិតសរីរាង្គ និងអសរីរាង្គ អណ្តែតក្នុងខ្យល់ដែលសមាសធាតុសំខាន់ៗទាំងនោះមានដូចជាស៊ុលហ្វាត នីត្រាត អាម៉ូញាក់ កាបូនខ្មៅ។ល។ ភាគល្អិតដែលមានអង្កត់ផ្ចិត ២,៥μm ឬតូចជាងនេះមានគ្រោះថ្នាក់ខ្លាំងចំពោះសុខភាពដោយសារវាអាចជ្រៀតចូល និងស្ថិតនៅជ្រៅក្នុងសួត។ មានជំងឺមួយចំនួនដែលបណ្តាលមកពីការប៉ះពាល់ជាមួយភាគល្អិតនិចលក្នុងរយៈពេលវែង ដូចជាប៉ះពាល់ដល់ទារក (កើតមុនកំណត់ ទំងន់មិនគ្រប់) ជំងឺផ្លូវដង្ហើមចំពោះកុមារ ក្រិនសរសៃឈាម ការវិវឌ្ឍប្រព័ន្ធប្រសាទ និងសមត្ថភាពខួរក្បាល។ បើយោងតាមអង្គការសុខភាពពិភពលោក ការបំពុលខ្យល់សាធារណៈបានសម្លាប់មនុស្សប្រមាណ៤,២លាននាក់ ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ដែលតំបន់ប៉ាស៊ីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៍ជាតំបន់ដែលរងផលប៉ះពាល់ច្រើនជាងគេ (WHO ឆ្នាំ២០១៦)។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន សូមអំពាវនាវដល់រដ្ឋបាលថ្នាក់ក្រោមជាតិនិងមន្ទីរបរិស្ថានរាជធានី ខេត្ត មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនិង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាបាននូវគុណភាពខ្យល់ល្អប្រសើរដល់ពលរដ្ឋកម្ពុជា៕ដោយ៖ម៉ាដេប៉ូ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner