សុទិដ្ឋិនិយមរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២

វិចារណកថា៖

ភ្នំពេញ៖ ឆ្នាំ ២០២២ គឺជាឆ្នាំទី៤ នៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ ២០១៨-២០២៣ ជាឆ្នាំដែលកម្ពុជា ត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ការបោះឆ្នោតជ្រើសតាំងរដ្ឋសភាអាណត្តិទី ៧ ជាឆ្នាំដែលកម្ពុជាត្រូវធ្វើជាប្រធានប្តូរវេន និងជាឆ្នាំដែលកម្ពុជា ត្រូវប្រឹងប្រែងស្ទុះចេញឲ្យផុតពីគ្រោះនៃវិបត្តិ និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ចសង្គម ។ អាស្រ័យដោយការត្រៀមលក្ខណសម្បត្តិបានគ្រប់គ្រាន់ និងលក្ខខណ្ឌអនុគ្រោះជាច្រើន កម្ពុជាមានសុទិដ្ឋិនិយម និងក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការបោះជំហានចូលឆ្នាំ ២០២២ ក្នុងការដណ្តើមឲ្យបានជោគជ័យធំៗថ្មីទៀត ។

យើងទទួលស្គាល់ថា អាស្រ័យដោយការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩ ក្នុងឆ្នាំ​២០២០ និងឆ្នាំ​២០២១ ប្រទេសយើងបានជួបការលំបាកបំផុត។ សន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ដែលធ្លាប់តែមានល្បឿនលឿនបន្តបន្ទាប់គ្នាជាច្រើនឆ្នាំ ក្នុងរយៈពេលមួយទស្សវត្សន៍ចុងក្រោយ ត្រូវបានបង្អាក់ ឯអត្រានៃភាពក្រីក្រ និងអត្រានៃអ្នកគ្មានការងារធ្វើបានហក់កើនឡើងមកវិញ ។ ជំងឺនេះ បានបង្កជាឧបសគ្គដល់សុខភាពសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាជន ធ្វើឲ្យវិសមភាពសង្គមរីកធំ និងធ្វើឲ្យរាជរដ្ឋាភិបាលទទួលរែកបន្ទុកយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺការបង្វែរថវិកាជាតិពីការស​​ន្សំ និងការត្រៀមសម្រាប់វិនិយោគសាធារណៈមកដោះស្រាយបញ្ហានេះ ។ ជាក់ស្តែងរាជរដ្ឋាភិបាល បានដាក់ចេញវិធានការអន្តរាគមន៍ចំនួន ១០ ជុំបានទាន់ពេលវេលា ចំគោលដៅ និងមានប្រសិទ្ធភាព​ ស្របជាមួយនឹងយន្តការគាំពារសង្គម បានរួមចំណែកយ៉ាងខ្លាំង និងប្រកបដោយប្រសិទ្ធភាព ក្នុងការរក្សាលំនឹងជីវភាពរបស់ប្រជាជន ព្រមទាំងកាត់បន្ថយបានផលប៉ះទង្គិចពីលវិបត្តិជំងឺកូវីដ-១៩ មកលើស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា  បានជាអតិបរមា ។ ក្នុងការប្រយុទ្ធប្រឆាំងជំងីកូវីដ-១៩ រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាចំណាយអន្តរាគមន៍ចំនួន៨២៩លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ អាចឡើងដល់១.៤៥៤លានដុល្លារ សម្រាប់ឆ្នាំ២០២១ ហើយនៅឆ្នាំ២០២២ គ្រោងបញ្ចេញថវិកាអន្តរាគមន៍បន្ថែមទៀតក្នុងទំហំប្រមាណ១.០១៤លានដុល្លារអាមេរិក ។ ជារួមសម្រាប់រយៈពេល៣ឆ្នាំ(២០២០-២០២២) រដ្ឋបានចំណាយធនធានថវិកាក្នុងទំហំ៣.៤០០លានដុល្លារអាមេរិក។

នៅក្នុងស្ថានភាពលំបាកបំផុតនេះ ក៏មានលេចឡើងនូវកាលានុវត្តដ៏សំខាន់ ដែលបង្កភាពនុគ្រោះសម្រាប់យើងដែរ ។ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈរួចរាល់ក្នុងការជំរុញអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី តាម     រយៈការដាក់ចេញគោលនយោបាយ ហិរញ្ញវត្ថុសាធារណៈ គោលនយោបាយរូបីយវត្ថុ និងគោលនយោបាយជារចនាសម្ព័ន្ធ ប្រកបដោយភាពប្រទាក់ក្រឡា ទាន់ពេលវេលា និងមានប្រសិទ្ធភាព និងការដាក់ចេញវិធានការអន្តរាគមន៍នានាបន្ថែមតាមការចាំបាច់ ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ជាពិសេស បង្កើតការងារជូនប្រជាជន, ផ្តល់លទ្ធភាពឲ្យគ្រួសារទទួលបានប្រាក់ចំណូលកើនឡើង, បន្តលើកកម្ពស់ប្រព័ន្ធអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស, កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គាំទ្រដល់សកម្មភាពសេដ្ឋកិច្ច និងគុណភាពនៃការរស់នៅ, ព្រមទាំងបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឲ្យកាន់តែរឹងមាំ និងប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាព, សំដៅធានាឲ្យកម្ពុជា​បន្តដំណើរលើមាគ៌ាអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចប្រកបដោយវិបុលភាព, សមធម៌, បរិយាបន្ន, និងចីរភាព និងបរិយាប័ន្ន។

កម្ពុជាក៏មានលក្ខខណ្ឌអនុគ្រោះជាច្រើនទៀត ដែលនឹងជួយរួមចំណែកដល់ការងើបឡើងដល់សេដ្ឋកិច្ច-សង្គមនោះគឺ៖ ការនាំចេញ ជាពិសេសផលិតផលកាត់ដេរ ផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ផលិតផលគ្រឿងបង្គំអគ្គីសនី និងកង់, វិស័យសំណង់ និងអចលនទ្រព្យ រំពឹងថា នឹងកើនឡើងសន្សឹមៗដែលគាំទ្រដោយកំណើនចំណូលក្នុងស្រុក និងលំហូរចូលទុនវិនិយោគ, វិស័យកសិកម្មរំពឹងថា នឹងបន្តមានកំណើនល្អជាងឆ្នាំ​២០២១, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងភាពជាដែគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលចូលជាធរមាននៅដើមឆ្នាំ ២០២២ និងបន្តបង្កើនសក្តានុពលនៃវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ព្រមទាំងផ្តល់កាលានុវត្តភាព សម្រាប់ការធ្វើពាណិជ្ជកម្ម សេវា ទំនិញ ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម, ការបើកប្រទេសឡើងវិញលើគ្រប់វិស័យក៏បានជួយជំរុញសកម្មសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសវិស័យទេសចរណ៍រំពឹងថានឹងមានកំណើនឡើងជាវិជ្ជមាន ។

ជាក់ស្តែងនៅឆ្នាំ ២០២១ ការផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានជាង ៣៦ពាន់លានដុល្លារ, ចំណូលពន្ធដារ និងពន្ធគយ សរុបប៉ុន្មាន ២.២៩៤លានដុល្លារ, ការនាំចេញផលិតផលកសិកម្មសម្រេចបានប្រមាណជិត ៥ពាន់លានដុល្លារ, ការនាំចេញវិស័យវានភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ សម្រេចបានជិត ១០ ពាន់លានដុល្លារ ឬប្រមាណ ៦៣% នៃចំនួនទឹកប្រាក់នាំចេញសរុប, គម្រោង        វិនិយោគសម្រេចបាន ១៦៩ គម្រោងមានទុនវិនិយោគ៤,៣ពាន់លានដុល្លារ បង្កើតការងារបានជាង ១១ម៉ឺននាក់ ។

អាស្រ័យដោយការដាក់ចេញគោលនយោបាយសមស្របជាមួយនឹងលក្ខខណ្ឌអនុគ្រោះទាំងឡាយសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ ត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,៨% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ៣០.៥៤៤លានដុល្លារអាមេរិក, ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១.៨៤២ដុល្លារអាមេរិក បើប្រៀបធៀបនឹង ១.៧៣០ដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ។ អតិផរណាមធ្យមប្រចាំឆ្នាំស្ថិតក្នុងកម្រិតទាបក្នុងរង្វង់ ២,៨% ជាមួយស្ថិរភាពនៃអត្រាប្តូរប្រាក់រៀលស្ថិតក្នុងរង្វង់ ៤.០៦៥ រៀល ក្នុងមួយដុល្លារអាមេរិក ។ វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងមានកំណើនក្នុងអត្រា  ៧,៧% ពីកំណើន៥,៧% ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ  ខណៈអនុវិស័យសំណង់ត្រូវបានរំពឹងថានៅបន្តសម្រេចកំណើនទាប ។ វិស័យសេវាកម្មត្រូវបានព្យាករថា នឹងបន្តកើនឡើងក្នុងអត្រា ៤,១% ពីកំណើន០,៣%ក្នុងឆ្នាំ២០២១ ដោយ​សារ​ការងើបឡើងវិញសន្សឹមៗនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងៗទៀត ។   វិស័យកសិកម្មត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងអត្រាទាប ១,១% ពីកំណើន១,៤%ឆ្នាំ២០២១ ដោយ​សារការរំពឹងទុកនូវការបន្តកំណើនល្អប្រសើរនៃអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វ ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តូរផ្តាច់អនុវត្តឲ្យបានជោគជ័យក្នុងកិច្ចថែរក្សាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដោយមិនអនុញ្ញាតកម្លាំងប្រតិកិរិយាណាមួយមកបំផ្លាញ ឬធ្វើការប្រមាថបានឡើយ។ ការអនុវត្តលទ្ធិប្រជាធិ​បតេយ្យ សេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្ស នឹងត្រូវបន្តជំរុញអនុវត្តប្រកបដោយភាពរស់រវើក។ ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលគ្រោងធ្វើនៅថ្ងៃទី៥​ ខែមិថុនា ឆ្នាំ២០២២ កំពុងតែដំណើរការ ដោយមានគណបក្សនយោបាយជាច្រើនបាននិងកំពុងធ្វើការសកម្មភាពជាប្រក្រតីស្របតាមច្បាប់។ ដោយឡែកការងារទំនាក់ទំនងអន្តរជាតិ ដោយក្នុងឆ្នាំនេះកម្ពុជាត្រូវធ្វើជាប្រធានអាស៊ានផងនោះ រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំធ្វើឲ្យ សម្រេចបាននូវការរួមចំណែកប្រកបដោយការស្ថាបនាដល់ការថែរក្សា និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព​ ក្នុងការដោះស្រាយបញ្ហាប្រឈមនានាទាំងក្នុងតំបន់ និងសកលលោក។

ជាមួយនឹងភាពអំណោយផលដែលកម្ពុជាទទួលបាននារយៈពេលកន្លងមក ជាពិសេសភាពអនុគ្រោះជាច្រើនក្នុងឆ្នាំ ២០២១ យើងសង្ឃឹមថា កម្ពុជានឹងសម្រេចបានគោលដៅជាយុទ្ធសាស្ត្ររបស់ខ្លួន នៅឆ្នាំ ២០២២ នេះ ។ ដើម្បីសម្រេចគោលដៅនេះ​ យើងទាំងអស់គ្នាក៏ត្រូវរួមគ្នាពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ សម្រួចឆន្ទៈមុតស្រួច លើកកម្ពស់ការទទួលខុសត្រូវ ចូលរួមអនុវត្តដោយសកម្មនូវរាល់ភារកិច្ចទាំងឡាយ ដើម្បីឈានទៅសម្រេចបានជោគជ័យនូវកម្មវិធីនយោបាយ និងផែនការជាយុទ្ធសាស្ត្រធំៗរបស់រាជរដ្ឋាភិបាលកម្ពុជា ៕                                                                                            ទស្សនាវដ្តីប្រជាជន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner