មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកងទ័ពកម្ពុជា

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា (Narongpan Jittkaewtae) មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះវិស័យកងទ័ពក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។

នាយឧត្តមសេនីយ៍ ណារ៉ុងផាន ក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ដូចជា កិច្ចសហប្រតិបត្តិការដោះមីននៅតាមបណ្ដោយព្រំដែន និងការហ្វឹកហ្វឺនជាដើម ដោយបានប្តេជ្ញាថា នឹងបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់នេះឱ្យកាន់តែជិតស្និទ្ធថែមទៀត។

ការបេ្តជ្ញានេះ នៅក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងជំនួបនាឱកាសនោះ នាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា បានគូសបញ្ជាក់ថា នេះជាលើកទីមួយ ដែលប្រតិភូកងទ័ពជើងគោកភូមិន្ទថៃបានមកបំពេញទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល។

ជាកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពជើងគោកភូមិន្ទថៃនាឱកាសនេះ និងបានជូនពរដំណើរទស្សនកិច្ចរបស់ប្រតិភូឱ្យទទួលបានលទ្ធផលល្អ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ផ្តើមចេញពីការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរ ធ្វើឱ្យគ្រប់វិស័យមានការរីកចម្រើន ពិសេសស្ថានភាពនៅតាមបន្ទាត់ព្រំដែនមានភាពល្អប្រសើរ ដែលជាគោលដៅចង់បានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ សង្ឃឹមថា ទៅថ្ងៃអនាគតកងទ័ពប្រទេសទាំងពីរ នៅតែបន្តសហការជាមួយគ្នាជិតស្និទ្ធថែមទៀត ក្នុងការផ្លាស់ប្តូរព័ត៌មានចារកិច្ច ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ជួញដូរអាវុធ អំពើភេរវកម្ម និងបទល្មើសធនធានធម្មជាតិព្រៃឈើ៕
ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner