រមណីយដ្ឋានថ្មរូងជាតំបន់ទេសចរណ៍ទាក់ទាញមួយនៃទឹកធ្លាក់ធម្មជាតិ

ខេត្តព្រះសីហនុ៖ រមណីយដ្ឋានថ្មរូងគឺតំបន់ទេសចរណ៍មួយ ដែលសម្បូរណ៍ទៅដោយទេសភាពធម្មជាតិដ៏ស្រស់ត្រកាលដែលមានទឹកធ្លាក់ ព្រៃភ្នំ និងខ្យល់អាកាសបរិសុទ្ធ ស្ទើរគ្រប់រដូវកាល។ រមណីយដ្ឋានអេកូទេសចរណ៍មួយកន្លែងនេះមានទីតាំងស្ថិតនៅក្នុងភូមិព្រៃប្រសិទ្ធិ៍ ឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នៅក្បែរចំណុចប្រសព្វរវាងខេត្តព្រះសីហនុ និង ខេត្តកំពង់ស្ពឺ។

អ្វីដែលគួរជាទីចាប់អារម្មណ៍នៅ រមណីយដ្ឋានកន្លែងនេះ ក្រៅពីមានខ្យល់អាកាសបរិសុទ្ធនៅមានប្រជាសហគមន៍សាងសង់តូបជាប់មាត់ទឹកធ្លាក់ដែលគេអាច បរិភោគអាហារ សម្រាកលំហែកាយនិងងូតទឹកលេងយ៉ាងសប្បាយរីករាយ។

អ្នកទេសចរអាចងូតទឹកធ្លាក់ និង ទស្សនាត្រីតូចៗហែលឆ្វែលឆ្វាត់តាមជ្រលងថ្មភ្នំជាមួយសម្លេងទឺកធ្លាក់និងបរិយាកាសសែនមនោរម្យ។ក្រៅពីនេះគេក៏អាចថតរូបនៅតាម ទោង យោល ដែលគេបានភ្ជាប់ជាមួយនឹងផ្កាច្រើនកន្លែងសម្រាប់ភ្ញៀវទេសចរថតរូបទុកជាអនុស្សាវរីយ៍ទៀតផង។

លោក ឃិនម៉េង ឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថានបានបញ្ជាក់ថា រមណីយដ្ឋានថ្មរូងមានទឹកធ្លាក់ពេញៗមួយឆ្នាំ មានផ្លូវចេញចូលល្អ ម្យ៉ាងវិញទៀតវាក៏មិននៅឆ្ងាយពីរាជធានីភ្នំពេញដែរ។ទីកន្លែងនេះយើងអាចពង្រីកសក្តានុពលដើម្បីពង្រីកនូវសេវាកម្មទេសចរណ៍ធម្មជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោកបានលើកឡើងមកបញ្ជាក់ថាបច្ចុប្បន្ននៅរមណីយដ្ឋាននេះ គេឃើញមានតែគណៈកម្មាធិការគ្រប់គ្រងដែលជាតូបផ្តល់ជាអាហារ និងផ្លែឈើជាផលិតផលក្នុងតំបន់ប៉ុណ្ណោះ។ហេតុនេះក្រសួងបរិស្ថានចង់ឱ្យមានការពង្រីកនូវផលិតផលថ្មីៗបន្ថែមទៀតដូចជាផ្ទះស្នាក់ឬកន្លែងខ្លះអាចរៀបចំបោះតង់ក៏កាន់តែល្អ។

ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថានរូបនេះបានថ្លែងដែរថា “យើងកំពុងពិនិត្យសិក្សាដើម្បីគម្រោងនិរន្តភាព តំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជាដែលជាហិរញ្ញប្បទានរបស់ធនាគារពិភពលោកដើម្បីជួយដល់សហគមន៍ទាំងការពង្រឹងសមត្ថភាព និង ទាំងការរៀបចំគុណភាពផលិតផលសេវាទេសចរណ៍ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធនិងពិសេសក្រសួងទេសចរណ៍តែម្តង”។

ពាក់ព័ន្ធក្នុងរឿងនេះ លោក ទាង ឆាយហៀង អនុប្រធាននាយករដ្ឋានទំនាក់ទំនងសាធារណៈ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ ជាក្រសួងសាមីមួយដែលទទួលខុសត្រូវត្រួតពិនិត្យទៅលើទឹកស្អាត អនាម័យ ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅតាមជនបទ។

ដោយឡែកសម្រាប់នៅតាមតំបន់ការពារធនធានធម្មជាតិ និងតំបន់អេកូទេសចរណ៍ធម្មជាតិ ប្រសិនបើទីតាំងតំបន់ណាមួយមានភាពចាំបាច់នោះក្រសួងនឹងសិក្សាសាងសង់ផ្លូវជូនដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ បន្ថែមពីនេះវាជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យកាន់តែមានចំណាប់អារម្មណ៍ទស្សនាកម្សាន្តនៅតាមទីតាំងទេសចរណ៍ធម្មជាតិ ដែលមានក្នុងប្រទេសកម្ពុជា៕ ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner