AVIVoice Ep59: សារៈសំខាន់នៃនវានុវត្តន៍ក្នុងការបង្កើតធុរកិច្ចថ្មី នៅកម្ពុជា

ការបង្កើតធុរកិច្ចថ្មីមួយ ដើម្បីឱ្យមានការរីកចម្រើនខ្ពស់និងជោគជ័យនៅក្នុងបរិបទនៃសង្គមបច្ចុប្បន្ន គឺត្រូវពឹងផ្អែកទៅលើការច្នៃប្រឌិតខ្ពស់ឬនវានុវត្តន៍ និងការបត់បែនទៅតាមកាលៈទេសៈ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ឈត ឆរ៉ាវុធ បានពន្យល់អំពីថាតើអ្វីទៅជាធុរកិច្ចថ្មី និងនវានុវត្តន៍ និងបានលើកឡើងពីសារៈសំខាន់មួយចំនួននៃនវានុវត្តន៍សម្រាប់ការបង្កើតធុរកិច្ចថ្មី ក៏ដូចជាការដើរតួនាទីដ៏មានឥទ្ធិពលនៃប្រព័ន្ធឌីជីថលទៅលើការធ្វើអាជីវកម្មផងដែរ។

សំណួរទី ១៖ តើអ្វីទៅជាធុរកិច្ចថ្មី (Startup) និងនវានុវត្តន៍ (Innovation)?

តាមពិតទៅពាក្យថាធុរកិច្ចថ្មី ឬ Startup ពិបាកក្នុងការឱ្យនិយមន័យជាក់លាក់។ ប៉ុន្តែនៅក្នុងបរិបទនេះ ខ្ញុំសូមលើកឡើងថាធុរកិច្ចថ្មីគឺ ជាការធ្វើអាជីវកម្មមួយដែលចាប់ផ្ដើមឡើងពីចំណុចសូន្យ ក្នុងគោលដៅស្វែងរកប្រាក់ចំណេញ។ ហើយបើនិយាយអំពីនវានុវត្តន៍ ឬ Innovation បកប្រែជាសម្រាយហៅថាការច្នៃប្រឌិត ការច្នៃប្រឌិតទៅលើធុរកិច្ច ឬអាជីវកម្ម។ ដើម្បីងាយស្រួលកត់សម្គាល់លើពាក្យនវានុវត្តន៍ យើងគួរផ្ដោត ៥ចំណុចសំខាន់ៗ ដូចជានវានុវត្តន៍ផ្នែកផលិតផល នវានុវត្តន៍ផ្នែកសេវាកម្ម នវានុវត្តន៍ផ្នែកហិរញ្ញវត្ថុ នវានុវត្តន៍ផ្នែកទីផ្សារឌីជីថល និងដំណើរការ។ ទាំងប្រាំនេះ គឺជាចំណុចសំខាន់ដែលយើងយកទៅប្រើប្រាស់ក្នុងការធ្វើអាជីវកម្ម ឬធុរកិច្ចថ្មីឱ្យមានការរីកចម្រើន។

សំណួរទី ២៖ ប្រសិនបើយើងធ្វើការប្រៀបធៀបជាមួយប្រទេសអភិវឌ្ឍន៍ និងរីកចម្រើន យើងឃើញថាធុរកិច្ចថ្មីនៅកម្ពុជាទើបតែមានភាពទូលំទូលាយ និងមានការពេញនិយមនៅប៉ុន្មានឆ្នាំចុងក្រោយនេះទេ ដោយសារតែស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជានៅមានកម្រិតនៅឡើយ។ តើអ្វីទៅជាបញ្ហាប្រឈមសម្រាប់ការបង្កើតធុរកិច្ចថ្មីនៅកម្ពុជា?

តាមពិតទៅខ្ញុំមិនមែនជាអាជីវករ ឬបុគ្គលជោគជ័យនៅក្នុងការធ្វើអាជីវកម្មណាមួយនៅឡើយទេ គ្រាន់ថាវាក៏ជាការចាប់ផ្ដើមរបស់ខ្ញុំដូចគ្នា។ ដោយសារតែយើងធ្វើការជាមួយនឹងខាងអាជីវករ ឬក៏បុគ្គលដែលគាត់ទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ពួកគាត់ តាមបទពិសោធន៍និងការរៀនសូត្ររបស់ខ្ញុំ ខ្ញុំអាចមើលឃើញបានថាប្រទេសកម្ពុជាគឺ កំពុងតែមានភាពរីកចម្រើននៅក្នុងធុរកិច្ចថ្មី ហើយដែលជាពិសេសឃើញថាយុវជនដើរតួនាទីយ៉ាងសំខាន់ ដែលពួកគាត់បានពង្រឹងសមត្ថភាពទៅលើវិស័យអាជីវកម្ម។ វាអាចនិយាយបានថា ទន្ទឹមនឹងនេះវាអាចជាបញ្ហាមួយដូចគ្នាដែរ នៅពេលដែលអាជីវករដែលបានចាប់ផ្ដើមដំបូងមិនបានស្វែងយល់អំពីកត្តាផ្សេងៗទៀតដែលវាត្រូវការឱ្យពួកគាត់គិតទៅដល់។ បញ្ហានេះទាក់ទងទៅនឹង ទីមួយគឺបញ្ហាកូវីដ-១៩ ដែលជាបញ្ហាមួយតម្រូវឱ្យពួកគាត់ត្រូវរកវិធីសាស្រ្តថ្មី និងរកអ្វីមួយដែលថ្មីដើម្បីជួបតម្រូវការរបស់អតិថិជន។ មួយវិញទៀតគឺការប្រកួតប្រជែង ហើយក៏សូមអរគុណដែលបានលើកឡើងនូវពាក្យថានវានុវត្តន៍ ដែលភាគច្រើនយើងឃើញថាអាជីវកម្មមួយដែលរីកចម្រើនបាន គឺពួកគាត់ផ្ដោតសំខាន់ទៅលើការច្នៃប្រឌិត ច្នៃប្រឌិតពីបែបប្រពៃណីទៅជាបែបទំនើប និងបែបថ្មីផ្លែកផ្សេងទៀតដើម្បីឱ្យអតិថិជនពេញចិត្ត និងដើម្បីឱ្យការចូលទីផ្សារមានការយកឈ្នះទៅលើដៃគូផ្សេងៗទៀត។

សំណួរទី ៣៖ តើនវានុវត្តន៍ដើរតួនាទីចម្បងអ្វីខ្លះទៅលើដំណើរការនៃការបង្កើតធុរកិច្ចថ្មី?

ដូចដែលខ្ញុំបានលើកឡើងពីខាងដើម វាពិតជាដើរតួនាទីយ៉ាងសំខាន់ចំពោះការបង្កើតធុរកិច្ចថ្មី។ ឥឡូវយើងលើកយកឧទាហរណ៍អំពីទូរសព្ទមួយគ្រឿងប្រភេទជាស្មាតហ្វូន យើងឃើញថាពីដំបូងស្មាតហ្វូនមិនអាចប្រើការបានច្រើនទេ ក៏ប៉ុន្តែនៅពេលដែលប្រជាជនឬម្ចាស់អាជីវកម្មមានស្វែងយល់ និងដឹងពីតម្រូវការអតិថិជន គឺគាត់បានព្យាយាមបង្កើននិងបង្កើតនូវលក្ខណៈពិសេសផ្សេងៗទៀតនៅក្នុងស្មាតហ្វូន។ យើងអាចនិយាយបានថា ពេលខ្លះយើងមានស្មាតហ្វូនមួយយើងអាចយកទៅប្រើប្រាស់សម្រាប់ការកក់បន្ទប់ ការបង់ប្រាក់ ឬក៏អាចខល និងអាចធ្វើអ្វីៗបានច្រើនមែនទែន សឹងតែថាអ្នកខ្លះមិនទាន់នឹងយល់ពីការប្រើប្រាស់វាផង។

ម្យ៉ាងវិញទៀតខ្ញុំចង់លើកឡើងថា ការបង្កើតធុរកិច្ចថ្មីអាជីវករគ្រប់ត្រូវស្វែងយល់ថាតើសេវាកម្មអាជីរកម្មរបស់គាត់មានការខុសផ្លែកគ្នាបីអាជីវកម្មផ្សេងទៀតឬនៅ។ ប្រើសិនបើវាមានលក្ខណៈស្រដៀងទៅនឹងអាជីវកម្មដែលគេធ្លាប់មានរួចហើយ ខ្ញុំជឿជាក់ថាវានឹងពិបាកនៅក្នុងការទាញយកអតិថិជនដើម្បីមកប្រើប្រាស់សេវាកម្មអាជីវកម្មរបស់ពួកគាត់។ ក៏ប៉ុន្តែបើសិនជាគាត់បានយល់ថា នេះជាអ្វីមួយដែលថ្មីដែលអាវជីវកម្មផ្សេងទៀតមិនទាន់មាននៅឡើយទេ ព្រោះថានេះចេញពីគំនិតរបស់គាត់ ចេញពីបទពិសោធន៍ដែលគាត់មាន ហើយខ្ញុំជឿថាមិនថាឬទ្ធិមិនថាខ្ញុំទេតែងតែចង់សាកនូវផលិតផលថ្មី និងចង់ដឹងថាតើវាអាចជួយសម្រួលដល់ការប្រើប្រាស់របស់យើងឱ្យមានភាពប្រសើរជាងមុន ឬយ៉ាងណា។

សំណួរទី ៤៖ បើនិយាយអំពីផលវិជ្ជមានវិញម្ដង តើកាលានុវត្តភាពអ្វីខ្លះដែលសេដ្ឋកិច្ចជាតិកម្ពុជាអាចស្រូបបានពីធុរកិច្ចថ្មីទាំងអស់នោះ?

បើនិយាយអំពីសេដ្ឋកិច្ចកម្ពុជា យើងផ្ដោតសំខាន់ទៅលើអាជីវកម្មក៏ដូចជាផ្ដោតសំខាន់ទៅលើការរស់នៅរបស់ប្រជាជន និជីវភាពរបស់ពួកគាត់ដែរ។ អញ្ចឹងខ្ញុំគិតថាប្រសិនបើឱកាសដែលសេដ្ឋកិច្ចកម្ពុជាអាចស្រូបបានពីធុរកិច្ចថ្មីទាំងអស់នេះគឺ យើងឃើញថាពួកគាត់ម្នាក់ៗគឺគាត់បានបង្កើតអ្វីដែលថ្មី គឺជាអាជីវកម្មដែលបានបម្រើដល់សេដ្ឋកិច្ចរួម។ ធម្មតានៅពេលដែលធុរកិច្ចថ្មីមានច្រើន តើតម្រូវការដែលគាត់ត្រូវការបុគ្គលិកដើម្បីចូលបម្រើការជាមួយនឹងយកមកពីណា គឺប្រាកដជាគាត់យកអ្នកនៅជិតៗខ្លួនរបស់គាត់ហើយ។ អញ្ចឹងកន្លែងនេះហើយ ដែលធ្វើឱ្យប្រជាជនមានការងារធ្វើច្រើនទីមួយ ហើយទីពីរយើងឃើញថាប្រទេសទាំងអស់គាត់ផ្ដោតសំខាន់ទៅលើអាជីវកម្មនៅក្នុងស្រុកច្រើនជាងអាជីវកម្មនៅក្រៅស្រុក ដូច្នេះការនាំចូល និងការនាំចេញមានតុល្យភាពនៅក្នុងស្រុកខ្មែរច្រើនជាង ដោយសារតែពួកគាត់ផ្ដោតសំខាន់ទៅលើអាជីវកម្មបង្កើតថ្មី។ ហើយចំនុចទីបី ខ្ញុំសូមលើកឡើងថាវាក៏ជាសកម្មភាពមួយដែលឱ្យមនុស្សតាំងអស់ឬក៏ជាអាជីវករ ឬធុរកិច្ចថ្មីបានស្វែងយល់បន្ថែម ហើយគាត់អាចសហការជាមួយតួអង្គផ្សេងៗទៀត ដើម្បីទទួលបាននូវអាជីវកម្មមួយដ៏ល្អប្រសើរ។

ទាំងអស់នេះគឺ ធ្វើឱ្យគាត់កាន់តែមានការយល់ដឹងខ្ពស់ហើយក៏ទទួលបាននូវគំនិតថ្មីៗ ហើយព្យាយាមផ្ដោតសំខាន់ទៅលើផលដែលវិជ្ជមានជាមួយនឹងនវានុវត្តន៍ថ្មី។ អញ្ចឹងខ្ញុំគិតថានៅពេលដែលអាជីវកម្មជាច្រើន គាត់បានសិក្សាពីការដែលធ្វើធុរកិច្ចរបស់ពួកគាត់តាមបែបផែនផ្សេងៗគ្នា ខ្ញុំជឿជាក់ថាភាពជោគជ័យនឹងមានជាច្រើនសម្រាប់ពួកគាត់។ នៅពេលដែលជោគជ័យបន្តកើតមាន សេដ្ឋកិច្ចកម្ពុជាក៏នឹងរីកចម្រើនដែរ។

សំណួរទី ៥៖ យើងសង្កេតឃើញថានៅក្នុងបរិបទពិភពលោកសព្វថ្ងៃ ប្រព័ន្ធឌីជីថលមានការរីកលូតលាស់ និងជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងការធ្វើអាជីរកម្មនីមួយៗ។ ចំពោះបរិបទនៃប្រទេសកម្ពុជាផ្ទាល់ តើឌីជីថលនីយកម្មបានផ្លាស់ប្ដូរស្ថានភាពអាជីវកម្មទាំងធុនតូច និងមធ្យមក៏ដូចជាធុរកិច្ចបង្កើតថ្មីយ៉ាងដូចម្ដេចខ្លះ?

តាមការពិតទៅ បើយើងនិយាយអំពីធុរកិច្ចថ្មីមានច្រើនប្រភេទ ដូចជាអាជីវកម្មបែបផលិតផល អាជីវកម្មបែបប្រព័ន្ធបច្ចេកវិទ្យា និងអាជីវកម្មបែបឌីជីថលផ្សេងៗទៀត។ ប៉ុន្តែខ្ញុំជឿជាក់ថាក្នុងរយៈពេលពីរឆ្នាំនៃបរិបទកូវីដ-១៩នេះ យើងឃើញថាប្រព័ន្ធឌីជីថលគឺមានភាពរីកចម្រើនខ្លាំងនៅក្នុងការធ្វើអាជីវកម្មរបស់ពួកគាត់។ ឥឡូវយើងក្រឡេកទៅមើលថា ម្នាក់ៗគឺប្រើប្រាស់ស្មាតហ្វូនដើម្បីបញ្ជាទិញម្ហូប និងទូទាត់ប្រាក់រវាងអ្នកលក់និងអ្នកទិញជាដើម។ អញ្ចឹងយើងឃើញថា វាពិតជាជះឥទ្ធិពលខ្លាំងទៅដល់ការធ្វើអាជីវកម្មនីមួយៗ ដោយហេតុសព្វថ្ងៃមានការធ្វើអាជីវកម្មតាមប្រព័ន្ធអនឡាញច្រើន ហើយអ្នកខ្លះមិនចាំបាច់ចំណាយថវិការទៅលើការជួលផ្ទះ ជួលតូប ឬជួលបុគ្គលិកច្រើននោះទេ ដោយសារតែគាត់បានធ្វើការងារទាំងអស់នេះលើប្រព័ន្ធអនឡាញ។ នេះក៏ជាផលវិជ្ជមានមួយដែលរដ្ឋាភិបាលឬអ្នកដែលពាក់ព័ន្ធនានាបានលើកកម្ពស់ប្រព័ន្ធឌីជីថលឱ្យមានការរីកចម្រើនជាងមុន អញ្ចឹងវាផ្ដល់ការងាយស្រួលទៅដល់អ្នកដែលជាអាជីវករ និងអ្នកទិញ។

វាពិតជាបានផ្លាស់ប្ដូរស្ថានអាជីវកម្មទាំងធនតូច និងធនធំមែនទាក់ទងទៅនឹងការប្រើបា្រស់ប្រព័ន្ធឌីជីថលនេះ ហើយកន្លែងនេះខ្ញុំសូមផ្ដោតចូលជាមួយនឹងបីចំនុចធំៗគឺ៖

  • ទីមួយ ទាក់ទងនឹងការធ្វើទីផ្សារ។ យើងឃើញថាពីមុនយើងធ្វើទីផ្សារតាមរយៈការទៅជួបជាមួយដៃគូអាំជីវកម្មផ្ទាល់ ឬក៏ការផ្សាយពាណិជ្ជកម្មតាមបដាជាដើម។ ប៉ុន្តែឥឡូវនេះគឺគាត់អាចប្រើប្រាស់តាមរយៈប្រព័ន្ធឌីជីថលដូចជា Facebook, Instagram, ឬក៏ប្រភេទជា website ផ្សេងៗទៀតដើម្បីឱ្យអតិថិជនគាត់បានមើលឃើញផលិតផល និងសេវាកម្មរបស់គាត់។
  • ទីពីរ ទាក់ទងជាមួយនឹងទៅនឹងប្រព័ន្ធទូទាត់សាច់ប្រាក់ ដែលយើងហៅថានវានុវត្តន៍នៃហិរញ្ញវត្ថុ។ អញ្ចឹងយើងឃើញថាពីមុន យើងតែងតែប្រើប្រាស់លុយសុទ្ធដើម្បីទូទាក់ប្រាក់ជាមួយនឹងអ្នកលក់និងអ្នកទិញ ក៏ប៉ុន្តែឥឡូវនេះយើងអាចផ្ទេរប្រាក់មិនថាសម្រាប់តែអាជីវកម្មនោះទេ គឺអាចបង់ទឹក ភ្លើង និងថ្លៃសិក្សាផ្សេងៗក៏យើងអាចធ្វើតាមប្រព័ន្ធអនឡាញបានដូចគ្នាដែរ ដែលវាគឺជាភាពងាយស្រួមមួយសម្រាប់យើង ដោយមិនចាំបាច់ចំណាយពេលវេលាទៅទីតាំងផ្ទាល់ ឬចំណាយពេលវេលាដើម្បីរៀបចំការងារផ្សេងៗទៀត។ ដែលទាំងអស់នេះអាចនឹងកាត់បន្ថយការចំណាយរបស់អាជីវកម្មដែលទើបតែបង្កើតថ្មីឱ្យនៅកម្រិតតិចជាងមុន។
  • ទីបី យើងឃើញថាដំណើរការនៃការច្នៃប្រឌិតរបស់ពួកគាត់ក៏មានភាពល្អប្រសើរ ព្រោះថាពួកគាត់បានផ្អែកទៅលើឌីជីថល ពួកគាត់គិតទៅលើភាពទាន់សម័យ ហើយអ្នកប្រើប្រាស់ក៏មានភាពងាយស្រួលដែរ។ ពីមុនយើងត្រូវជួបគ្នាដោយផ្ទាល់ តែឥឡូវយើងអាចឆាត និងទាក់ទងជាមួយគ្នាបង្ហាញផលិតផល ហើយផលិតផលបែបណាក៏យើងអាចលក់នៅលើប្រព័ន្ធអនឡាញបានដែរ។

បន្ថែមពីលើនេះក្នុងពេលបច្ចុប្បន្ន ជាពិសេសក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងខ្លាំងមែនទែន ហើយនេះក៏ជាមេរៀនមួយសម្រាប់យុវជនជំនាន់ក្រោយ គាត់លូតលាស់ជាមួយនឹងប្រព័ន្ធឌីជីថលថ្មីនេះដែរ។

មុននឹងបញ្ចបើនូវកម្មវិធី ខ្ញុំមាននូវចំនុចមួយចំនួនទៀតដែលខ្ញុំចង់លើកឡើង។ ខ្ញុំឃើញថាការដែលធ្វើអាជីវកម្មថ្មីខ្ញុំចង់ឱ្យ ជាពិសេសយុវជនដូចខ្ញុំផ្ទាល់ដូចគ្នា គួរតែសិក្សាឱ្យមានច្រើនទាក់ទងជាមួយនឹងទីផ្សារ ពីព្រោះថាទីផ្សារគឺជារឿងមួយដ៏សំខាន់ជាមួយនឹងផលិតផលរបស់ពួកគាត់រៀងៗខ្លួន។ ខ្ញុំចង់ឱ្យពួកគាត់ស្វែងយល់បន្ថែមទាក់ទងជាមួយនឹងតម្រូវការរបស់អតិថិជនដូចគ្នា ហើយនៅពេលដែលគាត់ស្វែងយល់ច្បាស់អំពីតម្រូវការជាក់ស្ដែងរបស់អតិថិជន ក៏ដូចជាតម្រូវការទីផ្សារនិងបង្កើនការច្នៃប្រឌិតឱ្យបានខ្ពស់ ខ្ញុំជឿជាក់ថាអាជីវកម្មរបស់ពួកគាត់នឹងមានភាពល្អប្រសើរឡើងផងដែរ។ ជាក់ស្ដែងទៅយើងឃើញថា ភាពច្នៃប្រឌិតដើរទន្ទឹមគ្នាជាមួយពេលវេលា វាទាមទារឱ្យមានការគិតទៅលើហានិភ័យផ្សេងៗ។ ឧទាហរណ៍ដូចជាអាជីវកម្មមួយចំនួននៅពេលដែលគាត់បង្កើតឡើងថ្មី មុនពេលនៃការចូលមកដល់នៃជំងឺកូវីដ-១៩ គាត់មិនបានត្រៀមខ្លួនជាមួយនឹងហានិភ័យមួយហ្នឹង ធ្វើឱ្យអាជីវកម្មរបស់ពួកគាត់ត្រូវផ្អាក់មួយរយៈ ថាតើពួកគាត់គួរតែធ្វើអ្វី។ អញ្ចឹងពេលខ្លះប្រសិនបើគាត់មានការតាំងចិត្តខ្ពស់ គាត់ព្យាយាមរកដំណោះស្រាយផ្សេងៗ ព្យាយាមប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មី ដើម្បីកម្រិតតម្រូវការអតិថិជននៅក្នុងបរិបទកូវីដ-១៩ ប្រហែលជាអាជីវកម្មរបស់ពួកគាត់មានភាពល្អប្រសើរ។ ប៉ុន្តែអាជីវកម្មមួយចំនួនមានការខាតថវិការច្រើន ធ្វើឱ្យគាត់មិនអាចក្រៅពីការបិទអាជីវកម្មរបស់ពួកគាត់នោះទេ។

***************

វាគ្មិនកិត្តិយស៖ លោក ឈត ឆរ៉ាវុធ អ្នកគ្រប់គ្រងកម្មវិធី ឧទ្យាននវានុវត្តន៍សង្គមអង្គរ (Angkor Social Innovation Park, ASIP)

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner