រថយន្តដឹកឥដ្ឋ ១គ្រឿង បុកកង់បីឥណ្ឌាពេញទំហឹង រួចបន្តជ្រុលបុកឡើងសួនច្បារ និងបង្គោលភ្លើង បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តដឹកឥដ្ឋ ១គ្រឿង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ជាន់ហ្វ្រាំងមិនទាន់ បុកម៉ូតូកង់បីឥណ្ឌាពេញទំហឹង រួចបន្តជ្រុលទៅបុកឡើងសួនច្បារ និងបង្គោលភ្លើងបាក់អស់ ១ដើម បណ្តាលឱ្យបុរសម្នាក់ ជាម្ចាស់ម៉ូតូកង់បីឥណ្ឌារងរបួសធ្ងន់បែកក្បាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣៥នាទីព្រឹក ថ្ងៃ៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅពេលកើតហេតុ គេបានឃើញម៉ូតូកង់បីឥណ្ឌា ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HW-9847 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ទិសដៅពីលិចទៅកើត ចេញពីក្លោងទ្វារវត្តសំរោងអណ្ដែត លុះមកដល់ចំណុចកើតហេតុ បានឆ្លងផ្លូវហាណូយ ក៏ស្រាប់តែមានរថយន្តដឹកឥដ្ឋ ១គ្រឿង ម៉ាកហ៊ីណូ ពណ៌សលាយបៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-4875 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ជាន់ហ្វ្រាំងមិនទាន់ បុកម៉ូតូកង់បីឥណ្ឌាពេញំហឹង រួចរថយន្តមិនទាន់អស់ល្បឿន ក៏បន្តជ្រុលទៅបុកឡើងសួនច្បារ និងបង្គោលភ្លើងបាក់អស់ ១ដើម បណ្តាលឱ្យបុរសម្នាក់ ជាម្ចាស់ម៉ូតូកង់បីឥណ្ឌារងរបួសធ្ងន់បែកក្បាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ បន្ទាប់មកភ្លាមៗនោះ តៃកុងរថយន្តដឹកឥដ្ឋ ម៉ាកហ៊ីណូ ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនបានយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខផងដែរ។ ចំណែកឯ រថយន្តដឹកឥដ្ឋ និងម៉ូតូកង់បីឥណ្ឌាវិញ គឺរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចបានធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ឱ្យចុះមកធ្វើការវាស់វែងយករថយន្តដឹកឥដ្ឋ ម៉ាកហ៊ីណូ និងម៉ូតូកង់បីឥណ្ឌាយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner