សម្ដេចតេជោ៖សន្តិភាព មានតម្លៃជាងអ្វីៗទាំងអស់។ សន្តិភាព ផ្ដល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់។ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត។ សន្តិភាពផ្ដល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប។ អ្នកដែលមិនធ្លាប់បានឆ្លងកាត់នូវ ទុក្ខលំបាក និងការឈឺចាប់ដែលបង្កដោយសង្គ្រាម ប្រហែលជាមិនឱ្យតម្លៃលើសន្តិភាពនោះឡើយ ។ នេះបើតាមសន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីទទួលពានរង្វាន់ស្នាដៃសន្តិភាពពិសេសរបស់ស្ថាបនិក អង្គការសន្តិភាពសកល នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងឱកាសនេះថា៖ សម្រាប់ខ្ញុំ, ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២នេះ មិនមែនបានមកដោយសារតែខ្ញុំ ម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសាកសមនឹងទទួលបាននូវពានរង្វាន់ សន្តិភាពនេះ ដោយសារពួកគេបានចូលរួមគាំទ្រយ៉ាងសកម្មដល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំ នៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពនៅប្រទេសកម្ពុជា ដោយក្នុងនោះសម្ដេច សូមសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះអតីតព្រះមហាវីរក្សត្រ សម្តេចព្រះបាទនរោត្តម សីហនុ, សម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ និងសម្តេចព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ដែលបានបំពេញព្រះរាជតួនាទីក្នុងការលើកកម្ពស់នូវស្មារតីនៃសាមគ្គីភាពជាតិរវាងប្រជាជនកម្ពុជា ក្នុងឋានៈជាមហាគ្រួសារតែមួយ។ សម្ដេចសូមថ្លែងអំណរគុណដល់ក្រុម គ្រួសាររបស់ខ្ញុំ ចំពោះការស្រឡាញ់ និងការគាំទ្រដល់ដំណើរស្វែងរកសន្តិភាពសម្រាប់ប្រទេសរបស់ខ្ញុំ និងអរគុណមេដឹកនាំ និងសមាជិករបស់រាជរដ្ឋាភិបាលកម្ពុជាផ្សេងទៀត ព្រមទាំងកងកម្លាំងប្រដាប់អាវុធពីគ្រប់ភាគីដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាង និង លើកកម្ពស់សន្តិភាព ។ សម្ដេច ក៏បានអរគុណដល់បណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិនានា ដែលបានផ្តល់ជំនួយ នៅក្នុងដំណើរការនៃការស្វែងរកសន្តិភាពសម្រាប់កម្ពុជា និងការកសាងប្រទេសឡើងវិញ ក្រោយសង្គ្រាម។ សម្ដេចតេជោ ក៏សូម ថ្លែងអំណរគុណចំពោះជនរួមជាតិរបស់ខ្ញុំ ដែលតែងតែបានគាំទ្រ និងសាទរចំពោះ គោលនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវបរិយាកាសអំណោយផលសម្រាប់ការជំរុញនូវ ប្រព័ន្ធអេកូឡូស៊ីសន្តិភាពដ៏រឹងមាំមួយនៅកម្ពុជា។

សម្ដេចតេជោ បានបញ្ជាក់ថា សម្រាប់ខ្ញុំ, សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់។ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត។ សន្តិភាពផ្ដល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប។ អ្នកដែលមិនធ្លាប់បានឆ្លងកាត់នូវ ទុក្ខលំបាក និងការឈឺចាប់ដែលបង្កដោយសង្គ្រាម ប្រហែលជាមិនឱ្យតម្លៃលើសន្តិភាពនោះឡើយ។ ចំណែកឯអ្នកដែលធ្លាប់បានឆ្លងកាត់ជម្លោះហឹង្សា ឬភ្លើងសង្គ្រាម ទើបដឹងថា សន្តិភាពមានតម្លៃដ៏ថ្លៃថ្លាប៉ុណ្ណានោះ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ បានឯកភាពចំពោះទស្សនៈរបស់ លោក ស៊ុន ម៉ុងមូន និងលោកស្រីបណ្ឌិត ហាក់ ចាហានមូន ដែលបានលើកឡើងថា “សន្តិភាព គឺជាសកម្មភាពជាក់ស្តែង មិនមែនជាក្តីសុបិនដែលស្រពេចស្រពិលនោះទេ»។ នេះជាមូលហេតុដែលរដ្ឋា ភិបាលរបស់ខ្ញុំ បានយកសន្តិភាពជាអាទិភាពខ្ពស់ ដោយបានបញ្ជូនកងទ័ពកម្ពុជារាប់ពាន់នាក់ ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព និងបោសសម្អាតមីនរបស់អង្គការសហប្រជាជាតិ នៅអាហ្វ្រិក និងមជ្ឈិមបូព៌ា ដោយសង្ឃឹមថា នឹងអាចចូលរួមចំណែកក្នុងការស្ដារសន្តិភាពនៅបណ្តាតំបន់ទាំងនោះ។ ជាងនេះទៅទៀត, ទោះបីជាប្រទេសកម្ពុជាតូចក៏ដោយ ក៏កម្ពុជាបានចូលរួមចំណែកដល់ដំណើរការ ស្វែងរកសន្តិភាពនៅក្នុងតំបន់ និងពិភពលោក ប្រកបដោយសុច្ឆន្ទៈ, ការទទួលខុសត្រូវ និងភាពស្មោះត្រង់ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពនៅក្នុងតំបន់ និងពិភពលោករបស់យើងនៅតែមានភាពផុយស្រួយ និងស្ថិតក្រោមភាពតានតឹង ដោយសារបញ្ហារួមផ្សំដូចជា ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច, ការកើនឡើង នៃគំនិតជាតិនិយម, អំពើភេរវកម្ម, ភាពក្រីក្រ និងអសន្តិសុខស្បៀង ដែលបង្កឡើងដោយការប្រែប្រួល អាកាសធាតុ និងជំងឺរាតត្បាតកូវីដ-១៩។ បញ្ហាទាំងនេះ អាចនឹងបំផ្លិចបំផ្លាញវឌ្ឍនភាពរបស់មនុស្ស និងជាតិសាសន៍ទាំងមូលបាន ប្រសិនបើយើងមិនរួមគ្នាដោះស្រាយ។ ក្នុងន័យនេះ, យើងត្រូវបង្កើន និងធ្វើពិពិធកម្មកិច្ចសហការ និងភាពជាដៃគូរបស់យើង ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននានា ដែលបណ្តាលមកពីការគំរាមកំហែងទាំងនោះ ព្រមទាំងពង្រឹងនូវប្រព័ន្ធអេកូឡូស៊ីសន្តិភាពឱ្យកាន់តែរឹងមាំ។ ការលើកកម្ពស់សន្តិភាព គឺជាការចាំបាច់សម្រាប់យើងនាពេលបច្ចុប្បន្ន ប៉ុន្តែអ្វីដែលសំខាន់ ជាងនេះទៅទៀតនោះ គឺដូចពាក្យស្លោករបស់ពានរង្វាន់សន្តិភាពស៊ុនហាក់ ដែលបានលើកឡើង ដោយសង្ខេបថា “អភិវឌ្ឍពិភពលោកឱ្យកាន់តែស្រស់បំព្រង សម្រាប់មនុស្សជំនាន់ក្រោយ»៕

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner