និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចូលរួមកម្មវិធីបោះជំរុំ Summer School នៅសាកលវិទ្យាល័យជាតិ កៅស៊ុង នៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា កោះតៃវ៉ាន់
ដោយមានកិច្ចសហការល្អជាមួយសាកលវិទ្យាល័យជាតិ កៅ ស៊ុង នៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សាលាក្រោយឧត្តមនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំកម្មវិធីបោះជំរុំ Summer School ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យ ជាតិ កៅស៊ុង នៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (National Kaohsiung University of Science and Technology) លើកោះតៃវ៉ាន់ ដែលកម្មវិធីនេះមានគណៈប្រតិភូនិស្សិត ថ្នាក់ក្រោយបរិញ្ញាបត្រចំនួន ២៧រូប ចូលរួមនិងដឹកនាំដោយ លោកបណ្ឌិត ជា សុភាព សាកល វិទ្យាធិការ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសម្របសម្រួលដោយលោកបណ្ឌិត ស៊ូ វាសនា ជា សាស្រ្តាចារ្យ នៃវិទ្យាល័យ អាស៊ី អឺរ៉ុប និងសាស្រ្តាចារ្យបណ្ឌិត កាវ ជួយចុង ព្រឹទ្ធបុរសរង នៃមហា វិទ្យាល័យ ទំនាក់ ទំនងអន្តរជាតិ សាកលវិទ្យាល័យជាតិ កៅស៊ុង នៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ។
ក្នុងរយៈពេល ១សប្តាហ៍នៃកម្មវិធីនេះ លោកបណ្ឌិត ជា សុភាព សាកល វិទ្យាធិការ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបញ្ជាក់ថា និស្សិតអាស៊ី អឺរ៉ុប បានសិក្សាស្រាវជ្រាវ និងទទួល បាននូវបច្ចេកទេស ព្រមទាំងបទពិសោធន៍ជាច្រើនពីសាកលវិទ្យាល័យជាតិ កៅ ស៊ុង នៃវិទ្យា សាស្រ្ត និងបច្ចេកវិទ្យា ក្នុងការបណ្តុះបណ្តាល ផ្លាស់ប្តូរបទពិសោធន៍ វប្បធម៌គ្នាទៅវិញទៅមក ជាពិសេស គណៈប្រតិភូបានចុះទស្សនកិច្ចតាមគ្រប់ Campus របស់សាកលវិទ្យា- និងបានចូលរួមប្រកួត មិត្តភាព កីឡាបាល់ទះ ផ្លាស់ប្តូរបទពិសោធន៍គ្នាពីរបៀបហែលទឹក និងសង្រ្គោះបឋមដល់អ្នកហែលទឹក បានចុះទស្សនកិច្ចសិក្សាពីរបៀបរៀបចំលក់ និងរៀបចំកញ្ចប់ទេសចរណ៍ ការដឹកនាំភ្ញៀវទេសចរណ៍ នៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ការរៀបចំ និងលក់នៅផ្សាររាត្រី សិក្សាពីសារមន្ទីរជាតិ ជីវសាស្រ្ត និងចិញ្ចឹមសត្វសមុទ្រគ្រប់ប្រភេទ ក្នុងការរៀបចំបង្ហាញ ការចិញ្ចឹម ថែរក្សាសត្វសមុទ្រទាំងនោះ ឱ្យភ្ញៀវទេសចរណ៍បានទស្សនា ទស្សនកិច្ចកសិដ្ឋានចិញ្ចឹមអយស្ទ័រ ដោយសិក្សាពីរបៀបចិញ្ចឹម ថែ រក្សារ ការពារអយស្ទ័រ និងការរៀបចំកញ្ចប់ឱ្យភ្ញៀវទេសចរណ៍ទស្សនា និងទទួលទានអយស្ទ័រ ។
បន្ថែមពីលើនេះទៀត គណៈប្រតិភូនិស្សិតថ្នាក់ក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បានស្វែងយល់នៅការិយាល័យរដ្ឋាភិបាល កិច្ចការកម្លាំងពលកម្ម ក្នុងទីក្រុងកៅស៊ុងពីការងារ អប់រំ ខាងកម្លាំងពលកម្ម ទស្សនកិច្ចសិក្សាស្វែងយល់ពីការធ្វើទីផ្សារ សង្វាក់ផលិតកម្ម ការគ្រប់គ្រង និងការនាំចេញម៉ាស៊ីនហាត់ប្រាណសម្រាប់មនុស្សធម្មតា និងសម្រាប់អ្នកជំងឺទៅកាន់ទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក អាស៊ី និងចិន របស់ក្រុមហ៊ុន Sports Art Fitness ។ ចុះទៅសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានជាតិកសិកម្មតៃវ៉ាន់ពីរបៀបដាំ ថែរក្សាព្យាបាល បង្កាត់ពូជដំណាំហូបផ្លែ និងបន្លែបង្ការគ្រប់មុខ ជាពិសេសរបៀបដាំស្វាយប៉ោម ឱ្យរស់ឱ្យបានជារៀងរហូតមិនចេះស្លាប់ដើមនិងទទួលបានផលគ្រប់រដូវ ។
មុននឹងបញ្ចប់ ទស្សនកិច្ចគណៈប្រតិភូ បានទៅវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាឧស្សាហកម្ម I.T.R.I ទទួលបាននូវមូលដ្ឋានគំនិត ចំណេះសំខាន់ៗ និងបានស្វែងយល់ពីបច្ចេកវិទ្យាចុងក្រោយនៃបដិវត្តន៍ឧស្សាហកម្ម 4.0 ដើម្បីផ្សារភ្ចាប់រវាងទ្រឹស្តីនិងការអនុវត្តន៍ផ្ទាល់ និងរបកគំឃេីញថ្មីនៃបច្ចេកវិទ្យាចុងក្រោយ ដូចជាប្រព័ន្ធការពារមហារីក ការចាក់ស្ទីមសែលក្នុងវិស័យវិជ្ជសាស្រ្ត ដេីម្បីអោយអ្នកជំងឺកាត់បន្ថយការប្រេីប្រាស់ថ្នាំពេទ្យ ឬបឈ្ឈប់/រាលដាលជំងឺ, ប្រព័ន្ធចំរោះទឺកស្អាត, ឌ្រូនសម្រាប់យោធា និងពាណិជ្ចកម្ម ប្រព័ន្ធច្រោះជាតិពុលក្នុងបរិយាកាស និងគម្រូប្រព័ន្ធអេឡិចត្រូនិកដ៏ទំនើបចុងក្រោយសម្រាប់ដៃគូសហគ្រាសខ្នាតធំ Smart home, Clean environment បច្ចេកវិទ្យា LED, បច្ចេកវិទ្យាប្រេីប្រាស់ C02 និងកាត់បន្ថយការប្រេីប្រាស់ទឹកច្រេីន, សរសេរកម្មវិធីសម្រាប់ទូរស័ព្ទដៃជាដេីម ។ ល។
សូមបញ្ជាក់ផើងដែរថា វគ្គសិក្សាថ្មីសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នឹងចាប់ផ្តើមនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ សម្រាប់ វគ្គច័ន្ទ-សុក្រ និងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ សម្រាប់វគ្គចុងសប្តាហ៍៕ធ.ដ