អភិបាលខេត្តបាត់ដំបង បានជំរុញឲ្យរដ្ឋបាលក្រុង-ស្រុក ត្រូវពង្រឹងសមត្ថភាពដើម្បីទទួលនូវការផ្ទេរមុខងារនៃវិស័យអប់រំ “កម្រិតបឋមសិក្សា” ឲ្យស្ថិតនៅក្រោមអំណាចក្នុងការគ្រប់គ្រង នៃរដ្ឋបាល ស្រុក ក្រុង របស់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ បានថ្លែងដាស់តឿននិងក្រើនរំលឹកដល់អាជ្ញាធរ នៃរដ្ឋបាលក្រុង-ស្រុក ក្នុងខេត្តបាត់ដំបង ដោយបានជំរុញឲ្យរដ្ឋបាលទាំងនោះត្រូវតែខិតខំពង្រឹងនូវសមត្ថភា ពរបស់ខ្លួនដើម្បីទទួលការផ្ទេរមុខងារនូវក្នុងវិស័យអប់រំ”កម្រិតបឋមសិក្សា”ឲ្យស្ថិតនៅក្រោមអំណាចចាត់ចែង និងគ្រប់គ្រង របស់រដ្ឋបាលក្រុង-ស្រុកក្នុងខេត្ត នៅឆ្នាំ២០២០ ខាងមុខនេះ។

ការថ្លែងលើកឡើងបែបនេះ គឺធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ សម្រាប់ឆ្នាំ២០១៩នេះ ដែលបានធ្វើឡើងរយៈពេល០២ថ្ងៃ(ថ្ងៃទី២៧-២៨ខែវិច្ឆិកា)នៅតាមបណ្តាស្រុក-ក្រុងទូទាំងខេត្តបាត់ដំបង ហើយការលើកឡើងនេះ គឺនៅក្នុងស្រុកបវេល ថ្មគោល និងនៅស្រុកបាណន់ ជាពិសេស គឺ៖ នៅព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកានេះ នៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងទៀតថា៖ នៅឆ្នាំ២០២០ឆាប់ៗខាងមុខនេះ ប្រធានកំណែទម្រង់ថ្នាក់ជាតិ ដែលមានសម្តេចក្រឡាហោម ស ខេង ជាប្រធាន បានកំណត់យកខេត្តបាត់ដំបង ធ្វើជាខេត្តសាកល្បងមុនគេ
ក្នុងការផ្ទេរអំណាចមុខងារក្នុងវិស័យអប់រំ ” ផ្នែកកម្រិតបឋមសិក្សា ” មកឲ្យថ្នាក់ក្រោមជាតិគ្រប់គ្រងជាពិសេស ផ្ទេរមុខងារមកឲ្យរដ្ឋបាលក្រុង ស្រុក ក្នុងការចាត់ចៃង ទាំងការគ្រប់គ្រង និងចាត់ចែងការងារផ្ទាល់ ក្នុងការបើកផ្តល់បៀរវត្ស របស់លោកគ្រូ អ្នកគ្រូ ដែលស្ថិតក្នុងក្របខណ្ឌនៃគ្រូបឋមសិក្សាទៀតផង។

តាមរយៈអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ឆ្នាំ២០១៩ បានបង្ហាញឲ្យដឹងថា៖ ការងារអប់រំក្នុងឆ្នាំសិក្សា ២០១៨-២០១៩ នៅទូទាំងខេត្តបាត់ដំបង ក្នុងនោះមានសាលារៀនចំណេះដឹងទូទៅទាំងសាលារដ្ឋ និងសាលាឯកជនគ្រប់ភូមិសិក្សាសរុបចំនួន ១.១៧៧ សាលា ដោយក្នុងនោះ រួមមាន៖ សាលាមត្តេយ្យ ចំនួន ៣៨៣សាលា សិស្សចំនួន២០.២៩១នាក់។ សាលាបឋមសិក្សាចំនួន ៦៦១សាលា សិស្សសរុប១៧៥.៧៧២នាក់។ អនុវិទ្យាល័យចំនួន ៩៥សាលា សិស្សចំនួន២៩.៤០០នាក់។ វិទ្យាល័យចំនួន ៣៨សាលា សិស្សចំនួន៣៦.៧៨១នាក់។ ដោយឡែក អាគារសិក្សាកសាងថ្មីចំនួន៤៤ខ្នង មាន២២០បន្ទប់។សិស្សប្រឡងទុតិយភូមិជាប់ ចំនួន៤.៦៣១នាក់។ជាប់និទ្ទេស”A”
ចំនួន ៣២នាក់។ មានសាកលវិទ្យាល័យចំនួន១២សាលា ក្នុងនោះ សាលារដ្ឋ ចំនួន០២សាលា និងឯកជនមានចំនួន១០សាលា និស្សិតសាកលវិទ្យាល័យ មានចំនួន១១.៤៥៣នាក់។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងដាស់តឿន ក្រើនរំលឹកនិងជំរុញដល់អស់លោកជាអភិបាលស្រុក ក្រុង ទាំងអស់នៅក្នុងខេត្តត្រូវខិតខំពង្រឹងសមត្ថភាពេបស់ខ្លួនបន្ថែមទៀត ខណៈពេលដែលប្រធានកំណែទម្រង់ថ្នាក់ជាតិបានកំណត់ជ្រើសយកខេត្តបាត់ដំបង ដើម្បីធ្វើតេស្តសាកល្បង ក្នុងការផ្ទេរមុខងារ នូវ ផ្នែកកម្រិតសិក្សាបឋម ដល់រដ្ឋបាលស្រុក-ក្រុងក្នុងខេត្តនៅឆ្នាំ២០២០នេះ។ ហើយនេះជាមុខមាត់របស់ខេត្តផង និងសំខាន់ទៀតនោះ គឺមុខមាត់របស់សម្តេចក្រឡាហោមផងដែរ ដែលសម្តេចជាប្រធានកំណែទម្រង់ថ្នាក់ជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបងថែមទៀតផង។

ដូចនេះរដ្ឋបាលស្រុក-ក្រុងទាំងអស់ត្រូវតែប្រឹងប្រែង និងជំរុញធនធានសមត្ថភាពដែលខ្លួនមានក្នុងការអនុវត្ត
សាកល្បងពីការផ្ទេរមុខងារកម្រិតបឋមសិក្សាមកឲ្យរដ្ឋបាលខ្លួនទទួលត្រូវ តាមរយៈនៃអំណាច និងរបៀបរបបការងារចាត់ចែង និង គ្រប់គ្រងក្រោមរដ្ឋបាលស្រុក-ក្រុង របស់ ខ្លួននេះឲ្យបានសម្រេចជោគជ័យនូវគោលដៅនៃយុទ្ធសាស្ត្ររបស់ថ្នាក់ជាតិ។ដែលមុននឹងថ្នាក់ជាតិធ្វើការប្រគល់ និងផ្ទេរមុខងារក្នុងវិស័យអប់រំនូវ “ផ្នែកកម្រិតបឋមសិក្សា” ពីថ្នាក់ជាតិទៅឲ្យរដ្ឋបាល ក្រុ-ស្រុកនៅទូទាំងប្រទេសនាពេលខាងមុខទៀតនោះ៕ធ.ដ

អត្ថបទ-រូបភាព៖ អ៊ុក សំអាន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner