សេះបង្កង់ Juventus ឈ្នះជើងឯក Serie A ៩សម័យកាលជាប់ៗគ្នា ដោយនៅសល់២ប្រកួតទៀត
ជ័យជំនះរបស់ ក្រុមសេះបង្កង់ Juventus ២-០ Sampdoria បានធ្វើឲ្យក្រុមមានមូលដ្ឋាននៅទីក្រុង Turin ក្លាយជាជើងឯកសម័យកាលជាប់ៗគ្នា បោះទោះជាសល់២ប្រកួតទៀតក៏ដោយគិតត្រឹមសប្តាហ៍ទី៣៦ ។
២គ្រាប់របស់ Juventus រកបានដោយកីឡាករ Cristiano Ronaldo នៅនាទី៤៥ និងគ្រាប់ទី២ រកបានដោយកីឡាករ Bernardeschi នៅនាទី៦៧ លទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី ។
តាមរយៈព័ត៌មានពីគេហទំព័រ BBC បានចេញផ្សាយថា នេះជាកំណត់ត្រាឈ្នះជើងឯក Serie A ចំនួន ៩សម័យកាលជាប់ៗគ្នាផងដែរ ក្រោយពេលរកបាន ៨៣ពិន្ទុនាំមុខកំពូលតារាងដាច់ ដោយនៅសល់ ២ប្រកួតទៀត មុនរដូវកាលឆ្នាំ២០១៩-២០២០ នៅពេលក្រុមលេខ២ Inter Milan មានតែ ៧៦ពិន្ទុឆ្លងកាត់ ៣៦ប្រកួតដូចគ្នា ។
គួរបញ្ជាក់ថា ក្រុមដែលស្ថិតក្រោមការបង្វឹករបស់លោក Maurizio Sarri បានក្លាយជាក្រុមទី១ បើប្រៀបធៀបក្នុងចំណោមលីគធំៗទាំង៥ នៅអឺរ៉ុបដែលឈ្នះជើងឯកលីគបានចំនួន ៩លើកជាប់ៗគ្នា តាមពីក្រោយដោយក្រុម Bayern Munich ដែលឈ្នះពានលីគកំពូលអាល្លឺម៉ង់ Bundesliga បាន ៨ដងជាប់ៗគ្នាកាលពីខែមិថុនា ឆ្នាំ២០២០៕