ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បន្តអំពាវនាវដល់យុវវ័យទាំងអស់ កុំបណ្ដែតបណ្ដោយខ្លួន ក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់ រហូតឆ្លងមេរោគអេដស៍

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបន្តអំពាវនាវដល់យុវវ័យទាំងអស់ កុំបណ្ដែតបណ្ដោយជ្រុលខ្លួន ព្រោះតែក្ដីស្រឡាញ់ ក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់ បណ្ដាលឲ្យភ្លេចខ្លួន ឈានដល់ការរួមរ័ក រហូតឆ្លងមេរោគអេដស៍ នាំឲ្យមានវិប្បដិសារីទៅថ្ងៃក្រោយ ពោល គឺយុវវ័យទាំងអស់ ត្រូវតែចេះការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ជាពិសេស គឺកុំឆាប់ប្រឡូកក្នុងការរួមភេទទាំងនៅក្មេងវ័យ ។ ការថ្លែងនេះបានធ្វើឡើងក្នុងកម្មវិធីផ្សព្វផ្សាយពីមេរោគអេដស៍-ជំងឺអេដស៍ ដល់សាធារណជនទូទៅ នាឱកាសទិវានៃក្ដីស្រឡាញ់ ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២២ ។

ឯកឧត្តម ទេសរដ្ឋមន្ដ្រីបានបន្តថា ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយនេះឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដាស់តឿនក្រើនរំឭកដល់យុវវ័យ កុំឲ្យភ្លើតភ្លើនភ្លេចខ្លួន ដោយសារតែការស្រឡាញ់មួយពេលខ្លី អូសទាញបណ្ដាលឲ្យឆ្លងមេរោគអេដស៍ ជាពិសេសនៅថ្ងៃទី១៤កុម្ភៈ ដែលជាថ្ងៃទិវានៃក្ដីស្រឡាញ់ គឺយុវវ័យរបស់យើងតែងតែបង្កើន នូវក្ដីសប្បាយរីករាយភាគច្រើន ។ ដូច្នេះកម្មវិធីនេះ គឺក្នុងគោលបំណងរំឭកដល់ពួកគាត់ ដើម្បីកុំឲ្យប្រើប្រាស់ក្ដីសប្បាយ ដែលហៅថា ថ្ងៃនៃក្ដីស្រឡាញ់ ក្លាយជាថ្ងៃចម្លងមេរោគអេដស៍ ពីព្រោះមេរោគអេដស៍ កំពុងតែមានវត្តមាន នៅកម្ពុជានៅឡើយ។ ឯកឧត្តម បន្តទៀតថា ទាំងដៃគូសហការ ទាំងសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល រួមជាមួយនឹងយុវជនទាំងអស់ រួមគ្នាដើម្បីបង្កើតទិវានេះឡើង ផ្សព្វផ្សាយពីបញ្ហាទប់ស្កាត់នៃការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ ដល់យុវវ័យឲ្យបានដឹងខ្លួនជាមុន ងាយស្រួលមានវិធីសាស្ត្រ ក្នុងការការពារឱ្យកាន់តែល្អប្រសើរ ។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សង្ឃឹមថា តាមរយៈការផ្សព្វផ្សាយនៅថ្ងៃនេះ យុវវ័យនឹងបន្តចូលរួម ជួយផ្សព្វផ្សាយបន្ថែមទៀត ឱ្យកាន់តែទូលំទូលាយជាងនេះ ដើម្បីឲ្យយុវវ័យមានការយល់ដឹង និងការតាំងចិត្តកាន់តែរឹងមាំ និងសូមអំពាវនាវដល់យុវវ័យទាំងអស់ សុំមេត្តាកុំឱ្យការស្រឡាញ់ ក្នុងថ្ងៃ១៤កុម្ភៈ ទៅជាថ្ងៃចម្លងមេរោគអេដស៍ និងសូមមានការប្រុងប្រយ័ត្ន ព្រោះយើងដឹងហើយថា ជំងឺអេដស៍នៅតែបន្តចម្លង ដោយស្ងៀមស្ងាត់ ខណៈដែលអ្នកមានផ្ទុក និងអ្នកជំងឺអេដស៍ មិនអាចមើលនឹងភ្នែកទទេបានទេ ហើយបើដឹងថា ខ្លួនឯងមិនទាន់ប្រឈមទេ សូមកុំប្រព្រឹត្តិ ប៉ុន្តែបើដឹងថា ខ្លួនប្រឈមនឹងការឆ្លងហើយ សូមមកធ្វើតេស្ដឈាមជាបន្ទាន់ ដើម្បីទទួលបានថ្នាំដោយឥតគិតថ្លៃ និងសេវាថែទាំសុខភាព តាមការណែនាំរបស់គ្រូពេទ្យ។

ឯកឧត្តម ទេសរដ្ឋមន្ដ្រី អៀង មូលី ក៏បានអំពាវនាវដល់យុវវ័យទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺវីដ-១៩ ដោយត្រូវបន្តអនុវត្ត ៣កុំ និង៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ ដោយ :អ៊ិត រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner