លោកអភិបាលខណ្ឌក្រើនរំលឹកដល់ប្អូនៗសិស្សានុសិស្ស និងប្រជាពលរដ្ធ សូមមានការប្រុងប្រយ័ត្នខ្ពស់កុំឱ្យថ្ងៃ១៤កុម្ភៈ ក្លាយជាការចំលងជំងឺកូវីដ១៩ធ្ងន់ធ្ងរក្នុងសហគមន៍

ភ្នំពេញ ៖ លោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានក្រើនរំលឹកដល់ប្អូនៗសិស្សានុសិស្ស និងប្រជាពលរដ្ធ សូមមានការប្រុងប្រយ័ត្នខ្ពស់កុំឱ្យថ្ងៃ១៤កុម្ភៈ ក្លាយជាការចម្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរក្នុងសហគមន៍ ព្រោះថាបច្ចុប្បន្នកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុង កំពុងឆ្លងចូលក្នុងសហគមន៍គួរឱ្យកត់សម្គាល់ ។នេះជាការលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ម៉ូតូជារង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់និទ្ទេស A ក្នុងសម័យប្រឡង មធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០ -២០២១ ភូមិសាស្រ្ត ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ។

លោក ហែម ដារិទ្ធ បន្តថា ថ្ងៃ១៤កុម្ភៈនេះ មិនមែនជាប្រពៃណីរបស់ខ្មែរយើងទេ សូមបង្វែទិវា ១៤កុម្ភៈនេះ ទៅជាទិវានៃក្តីស្រឡាញ់ ,ឪពុកម្តាយ, បងប្អូន ,លោកគ្រូអ្នកគ្រូ និងអ្នកមានគុណចំពោះទឹកដី ជាតិមាតុភូមិ ដើម្បីជាអំពើល្អ ជាកុសល និងធ្វើខ្លួនឱ្យទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ ដែលមានប្រយោជន៍ដល់សង្គមជាតិ ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗសិស្សានុសិស្សទាំងអស់ ដែលបានទទួលជាលាភីល្អពិសេសសិស្សនិទ្ទេស A ដែលទទួលបានរង្វាន់លើកទឹកចិត្តនាពេលនេះ ព្រោះថានេះមិនមែនមោទនភាពតែខ្លួនឯងនោះទេ គឺជាការលើកមុខមាត់សាលារៀនរបស់ប្អូន ដែលមិនអាចកាត់ផ្តាច់បានពីការជួយបណ្តុះបណ្តាលពីលោកគ្រូ-អ្នកគ្រូ និងការជួយជ្រោមជ្រែងលើកទឹកចិត្តពីសំណាក់ឪពុកម្តាយ និងបានបង្ហាញឱ្យឃើញថាប្រទេសកម្ពុជាយើងមិនត្រឹមតែកំពុងមានការរីកចម្រើនប៉ុណ្ណោះទេ ថែមទាំងមានធនធានមនុស្សមានចំណេះវិជ្ជាច្រើន សំបូរបែបថែមទៀតផង ។
សូមបញ្ជាក់ថា ខណ្ឌពោធិ៍សែនជ័យ មានសិស្សានុសិស្ស ចំនួន ១០នាក់ ដែលបានប្រឡងជាប់ និទ្ទេស A ក្នុងសម័យប្រឡង មធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០ -២០២១ ក្នុងនោះ ៩នាក់ ជាសិស្សរៀននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុនសែន ជម្ពូវ័ន និង ១នាក់ ជាសិស្សរៀននៅ វិទ្យាល័យ អរុណវត្តី ៕ ដោយ : គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner