សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់គ្រឿងឥស្សរិយយស និងមេដាយ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំនួន២៦៧រូប ដែលមានស្នាដៃក្នុងការបម្រើជាតិ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំនួន២៦៧រូប ដែលមានស្នាដៃក្នុងការបម្រើជាតិ មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីម កា អនុប្រធានទី១ ឯកឧត្តម ទេព ងន អនុប្រធានទី២ ឯកឧត្តម ឯក សំអុន និងមន្រ្តីរាជការជាច្រើននាក់ទៀត នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
  ក្នុងឱកាសដ៏មានអត្ថន័យនាពេលនោះ ឯកឧត្តម ម៉ម សារិន រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីជាការទាំងអស់ដែលបានទទួលនូវការបំពាក់គ្រឿងឥស្សរិយយស និងមេដាយ បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លៀតវេលាផ្តល់នូវកិត្តិយស ក្នុងវត្តមាននាពេលនេះ ។ ជាមួយគ្នានេះថ្នាក់ដឹកនាំ និងមន្រ្តីជាការទាំងអស់ បានប្តេជ្ញាចិត្តបន្ថែមទៀត ក្នុងការបម្រើជាតិនិងប្រយោជន៍ប្រជាជនឱ្យកាន់តែខ្លាំងក្លា និងល្អប្រសើរជាងនេះទៀត ដើម្បីឱ្យសាកទៅនឹងការទុកចិត្ត និងផ្តល់តម្លៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
  សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្រ្តីជាការដែលត្រូវបំពាក់គ្រឿងឥស្សរិយយស និងមេដាយ សរុបចំនួន២៦៧រូប ក្នុងនោះគ្រឿងឥស្សរិយយស ជាតូបការ១រូប គ្រឿងឥស្សរិយយស ឯករាជជាតិ ៩រូប គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍១០រូប គ្រឿងឥស្សរិយយស ថ្នាក់មហាសេនា២៥រូប គ្រឿងឥស្សរិយយស ថ្នាក់ធិបឌិន្ទ៥រូប គ្រឿងឥស្សរិយយស ថ្នាក់សេនា១៦រូប គ្រឿងឥស្សរិយយស ថ្នាក់អស្សឬទ្ឋិ៣៦រូប មេដាយមាសការងារ៥០រូប និងមេដាយប្រាក់ការងារ១១៥រូប ។
  ចុងបញ្ចប់នៃកម្មវិធី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំពាក់គ្រឿងឥស្សរិយយស និងមេដាយ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ក្នុងបរិយាកាសសប្បាយរីករាយនិងស្និតស្នាលជាទីបំផុត ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner