ប្រមុខការទូតរុស្ស៊ី៖ មេដឹកនាំរុស្ស៊ីនៅតែបើកចំហរចំពោះដំណោះស្រាយការទូតជុំវិញវិបត្តិអ៊ុយក្រែន

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ បានគូសបញ្ជាក់ថា នៅមានពេលនៅឡើយ ដើម្បីស្វែងរកដំណោះស្រាយការទូតចំពោះវិបត្តិអ៊ុយក្រែន។ លោក ឡាវរូវ បានធ្វើការអត្ថាធិប្បាយបែបនេះ នៅថ្ងៃចន្ទម្សិលមិញ នៅក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ។

រុស្ស៊ីបានទាមទារការធានាថា អ៊ុយក្រែននឹងនៅក្រៅអង្គការណាតូ។ លោក ពូទីន បានសួរថាតើមានឱកាសនៃកិច្ចព្រមព្រៀងជាមួយមេដឹកនាំលោកខាងលិចដែរឬទេ? លោក ឡាវរូវ បានឆ្លើយតបវិញថា ការទូត គឺ «នៅឆ្ងាយពីការអស់កម្លាំង»។ ចំណែកឯរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គេ ស៊យហ៊្គូ វិញ បានប្រាប់លោក ពូទីន ថា សមយុទ្ធមួយចំនួនត្រូវបានបញ្ចប់ហើយ ហើយខ្លះទៀតនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

ទាហានរុស្ស៊ីបានហ្វឹកហាត់ជាមួយសម្ព័ន្ធមិត្តនៅប្រទេសបេឡារុស ភាគខាងជើងអ៊ុយក្រែន។ ហើយកងទ័ពរុស្ស៊ីបានចូលរួមក្នុងសមយុទ្ធអស់រយៈពេលជាច្រើនខែ តាមបណ្តោយព្រំដែនមួយទៀត។ ទន្ទឹមនេះ អ្នកការទូតលោកខាងលិចព្រួយបារម្ភថា សមយុទ្ធយោធានេះ អាចនឹងផ្តល់ការការពារដល់ការឈ្លានពានលើអ៊ុយក្រែន៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner