កម្ពុជា-ន័រវស បង្ហាញទស្សនៈរួមចំពោះតម្លៃនៃសន្តិភាព និងសន្តិសុខ នៅក្នុងទំនាក់ទំនងខាងក្រៅ ជាពិសេស លើកកម្ពស់ភាពជាដៃគូអាស៊ាន-ន័រវែស លើគ្រប់វិស័យដែលអាចធ្វើទៅបាន
រដ្ឋមន្ត្រីការបរទេសកម្ពុជា-ន័រវស បានបង្ហាញទស្សនៈរួមចំពោះតម្លៃនៃសន្តិភាព និងសន្តិសុខ នៅក្នុងទំនាក់ទំនងខាងក្រៅ ជាពិសេស លើកកម្ពស់ភាពជាដៃគូអាស៊ាន-ន័រវែស លើគ្រប់វិស័យដែលអាចធ្វើទៅបាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាដែលបណ្ដាញព័ត៌មានអប្សរា (AMG) ទទួលបាននៅថ្ងៃទី១៥កុម្ភៈ ស្ដីពីលទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ Anniken Huitfeldt រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រន័រវែស កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២២ ។
នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្ដូរយោបល់លើមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង កម្ពុជា-ន័រវែស និងភាពជាដៃគូអាស៊ាន-ន័រវែស។
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណលោកជំទាវ Anniken Huitfeldt ចំពោះការ ប្តេជ្ញាចិត្តគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២ ក្រោមមូលបទ “អាស៊ានរួម គ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» និងបានជម្រាបជូនលោកជំទាវអំពីអាទិភាពនានា របស់កម្ពុជា ដើម្បីជំរុញបន្ថែមទៀតការកសាងសហគមន៍អាស៊ាន នៅចំពោះមុខការប្រឈមនានា ក្នុងពេលបច្ចុប្បន្ន។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបង្ហាញទស្សនៈរួមចំពោះតម្លៃនៃសន្តិភាព និង សន្តិសុខ នៅក្នុងទំនាក់ទំនងខាងក្រៅ និងបានចែករំលែកនូវបំណងប្រាថ្នាដ៏មុតមាំ ក្នុងការលើកកម្ពស់ភាពជាដៃគូអាស៊ាន-ន័រវែស លើគ្រប់វិស័យដែលអាចធ្វើទៅបាន។ ក្នុងការស្វាគមន៍ចំពោះ ចំណាប់អារម្មណ៍របស់លោកជំទាវ Huitfeldt ឱ្យមានកិច្ចប្រជុំត្រីភាគីអាស៊ាន-ន័រវែស ជាទៀងទាត់ និងការធ្វើជាភ្ញៀវរបស់ប្រធានអាស៊ាន ក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ នៅត្រីមាសទី៣នៃឆ្នាំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាចចំពោះលោកជំទាវថា លិខិត អញ្ជើញនឹងផ្ញើជូនលោកជំទាវ នាពេលខាងមុខ។
អំពីស្ថានភាពនៅមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសង្កត់ធ្ងន់លើតម្រូវការជំនាន់ ដើម្បីកាត់បន្ថយវិបត្តិដ៏ស្មុគស្មាញនេះ ជាពិសេសតាមរយៈការពន្លឿនការអនុវត្តន៍កិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំងប្រាំចំណុច ដែលបានឯកភាពក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ។ ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូនលោកជំទាវ Anniken Huitfeldt អំពីកិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន រួមទាំងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះ ទៅកាន់មីយ៉ាន់ម៉ាដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជំហានបន្ទាប់របស់កម្ពុជាផងដែរ ហើយបានថ្លែងអំណរគុណន័រវែស ដែលបានរៀបចំឱ្យឯកឧត្តមធ្វើបទបង្ហាញអំពីមីយ៉ាន់ម៉ា នៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះការសម្តែងនូវការគាំទ្ររបស់លោកជំទាវ Huitfeldt ដល់តួនាទីរបស់ឯកឧត្តម ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ក៏ដូចជា ផែនការរបស់ឯកឧត្តមក្នុងការស្វែងរកវិធី និងមធ្យោបាយប្រកបដោយប្រសិទ្ធភាព សម្រាប់ការផ្ដល់ ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា ដល់ប្រជាជនទាំងអស់នៅមីយ៉ាន់ម៉ា ដែលត្រូវការជំនួយបន្ទាន់ដោយគ្មានការរើសអើង។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាថា គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ត្រូវតែចូលរួមដើម្បីសម្រេចបាននូវដំណោះស្រាយប្រកបដោយបរិយាប័ន្នមួយ និងសន្តិភាព និងការបង្រួបបង្រួមជាតិយូរអង្វែង។
អំពីទំនាក់ទំនងទ្វេភាគី ឯកឧត្តម ប្រាក់ សុខុន បានរំលឹកឡើងវិញនូវអំណរអរគុណរបស់ កម្ពុជាចំពោះប្រទេសន័រវែស ជាប្រទេសដែលបានគាំទ្រជាយូរយាណាស់មកហើយចំពោះគោលដៅ គ្មានគ្រាប់មីនរបស់កម្ពុជា និងជាអ្នកផ្តល់ជំនួយដ៏សំខាន់សម្រាប់សាលាក្តីខ្មែរក្រហម។ ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ Anniken Huitfeldt បានបង្ហាញសុទិដ្ឋិនិយមថា ការពិគ្រោះយោបល់ រវាងក្រសួងការបរទេសទាំងពីរ នាដើមខែមីនា នៅទីក្រុង Oslo ក្នុងឆ្នាំនេះ នឹងសម្រេចបានលទ្ធផល ប្រកបដោយផ្លែផ្កា ក្នុងការកំណត់វិស័យប្រកបដោយសក្តានុពលនៃកិច្ចសហប្រតិបត្តិការសម្រាប់ ផលប្រយោជន៍ទៅវិញទៅមក រួមមានក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងភាពជាដៃគូក្នុងវិស័យ ឯកជន ជាដើម។ រដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់ និងឯកភាពគ្នា លើកកម្ពស់ការសម្របសម្រួលដ៏ល្អលើបញ្ហាតំបន់ និងពិភពលោក៕ ដោយ សួង ពិសិដ្ឋ