គណបក្យកម្លាំងប្រជាធិបតេយ្យបដិសេធអំពីការចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយប្រាំផ្សេងទៀត
ភ្នំពេញ៖លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្យកម្លាំងប្រជាធិបតេយ្យបានបដិសេធចំពោះការលើកឡើងរបស់លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ដែលបានបញ្ជាក់ពីគណបក្សនយោបាយចំនួនប្រាំមួយបានចងសម្ព័ន្ធ ភាពនឹងគ្នានោះ គឺពុំមានការពិតនោះឡើយ។លោកបានអះអាងថា គណបក្យកម្លាំងប្រជាធិតយ្យ ពុំដែលមានទំនាក់ទំនង ឬបញ្ជូនថ្នាក់ដឹកនាំរបស់គណបក្សទៅចូលរួមប្រជុំ ដើម្បីស្វែងយល់ពីការចងសម្ព័ន្ធភាពនឹងគ្នានោះទេ។

យោងតាមលិខិតបដិសេធរបស់លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្យកម្លាំងប្រជាធិបតេយ្យ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២បានបញ្ជាក់ថា គណបក្យកម្លាំងប្រជាធិបតេយ្យ សូមបដិសេធចំពោះពាក្យសំដីរបស់លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណ បក្សកែទម្រង់កម្ពុជា ដែលបានបញ្ជាក់ប្រាប់សារព័ត៌មាន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីគណបក្សនយោបាយចំនួនប្រាំមួយ ដែលបានចងសម្ព័ន្ធភាពនឹងគ្នា។ យោងទៅលើខ្លឹមសារនិងអត្ថន័យនៅក្នុង ការចុះផ្សាយជាសាធារណៈ និងការលើកឡើងរបស់លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ពុំមានការពិតនោះឡើយ។គណបក្យកម្លាំងប្រជាធិតយ្យពុំដែលមានទំនាក់ទំនងឬបញ្ជូនថ្នាក់ដឹកនាំរបស់គណបក្សទៅចូលរួមប្រជុំ ដើម្បីស្វែងយល់ពីការចងសម្ព័ន្ធភាពនឹងគ្នានោះទេ។

សូមជម្រាបថា គណបក្សនយោបាយចំនួនប្រាំមួយ ដែលលោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានអះអាងថា ចងសម្ព័ន្ធភាពនឹងគ្នាដើម្បីត្រៀមបង្កើតគណបក្សធំមួយ មានដូចជាៈ ១. គណបក្សកម្ពុជានិយម របស់លោកយ៉ែម បុញ្ញឫទ្ធិ។ ២. គណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក យ៉េង វិរៈ។ ៣. គណបក្សកែទម្រង់កម្ពុជា របស់លោកអ៊ូ ច័ន្ទរ័ត្ន។ ៤. គណបក្សភ្លើងទៀន ។ ៥. គណបក្សបំណងពលរដ្ឋ របស់លោក អ៊ិត សារម្យ និងទី៦. គណបក្សកម្លាំងប្រជាធិបតេយ្យ របស់លោក អ៊ុន វិសិទ្ធគុន៕ ដោយៈ ពលជ័យ
