រដ្ឋមន្ត្រីការបរទេសសិង្ហបុរី អញ្ជើញមកដល់កម្ពុជា និងបានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា ពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងអប់រំ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសសឹង្ហបុរី បានដឹកនាំប្រតិភូអញ្ជើញមកព្រះរាជាណាកម្ពុជា តាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Re treat) នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។

ជាមួយនឹងការអញ្ជើញមកកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម បណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសសឹង្ហបុរី បានជួបពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅទីស្តីការក្រសួងការបរទេស រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងសុខាភិបាល ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ។

សូមជម្រាបថា ក្រៅពីជំនួបពិភាក្សាផ្លូវការជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ឯកឧត្តម បណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ នឹងជួបសម្តែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាផងដែរ ។

ជាមួយនេះ ឯកឧត្តម រដ្ឋមន្រ្តីការបរទេសសិង្ហបុរី នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជួបពិភាក្សាជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាកម្ពុជា ផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ មកកាន់កម្ពុជានឹងពង្រឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងសិង្ហបុរី ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ៕ ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner