ប្រមុខការទូតអាល្លឺម៉ង់ បានលើកសរសើរពីសក្តានុពល និងលក្ខណៈពិសេសរបស់ខេត្តបាត់ដំបង និងពិនិត្យលទ្ធភាព ដើម្បីជួយដល់ការអភិវឌ្ឍន៍នៅក្នុងខេត្ត

បាត់ដំបង ៖ ឯកឧត្តម Christian Berge ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានលើកសរសើរពីសក្តានុពល និងលក្ខណៈពិសេសរបស់ខេត្តបាត់ដំបង និងពិនិត្យលទ្ធភាព ដើម្បីជួយដល់ការអភិវឌ្ឍន៍នៅក្នុងខេត្ត ។

ឯកឧត្តម Christian Berger មានប្រសាសន៍បែបនេះ ខណៈបានដឹកនាំសហការីរបស់ខ្លួន ជួបសម្តែងការគួរសម និងពិភាក្សាការងារចាំបាច់មួយចំនួន ជាមួយរដ្ឋបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២២នេះ ។

         ឯកឧត្តម Christian Berger ក៏បានលើកសរសើរពីខេត្តបាត់ដំបងថា ជាខេត្តមួយដែលស្រស់ស្អាតនិងមានសក្ដានុពលខ្ពស់លើសពីអ្វីដែលឯកឧត្តមធ្លាប់បានដឹងតាមរយៈការអានសៀវភៅកន្លងមក។ ជាពិសេសខេត្តបាត់ដំបង សំបូរទៅដោយសំណង់អគារប្រវត្តិសាស្រ្តដែលជាមរតកអាណានិគម និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសង្គមនានាជាច្រើនដែលខេត្តដទៃទៀតគ្មាន ។

       ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានអះអាងថា លោកនិងសហការីដែលជាដៃគូអភិវឌ្ឍនឹងពិចារណាក្នុងការពិនិត្យនូវលទ្ធភាពដើម្បីផ្ដល់នូវការគាំទ្រ ក្នុងការជួយដល់ការអភិរក្សសំណង់អគារប្រវត្តិសាស្រ្តនៅក្នុងខេត្តបាត់ដំបងផងដែរ ។

      ជាការឆ្លើយតបចំពោះភ្ញៀវ ឯកឧត្តម សុខ លូ ក៏បានថ្លែងអំណរគុណដល់ភាគីអាល្លឺម៉ង់ដែលកន្លងមកនេះ អាល្លឺម៉ង់បានជួយយ៉ាងច្រើនដល់ខេត្តបាត់ដំបង លើការងារធ្វើកំណែទម្រង់វិមជ្ឈការ និងវិស័យអប់រំជាដើម តាមរយៈ ដៃគូអភិវឌ្ឍន៍របស់ប្រទេសអាល្លឺម៉ង់ផ្ទាល់ ជួយដល់កម្ពុជា និងក្នុងខេត្ត ។

        តាមរយៈកិច្ចជំនួបនេះ ឯកឧត្តម សុខ លូ ក៏បានជម្រាបជូនប្រតិភូអាល្លឺម៉ង់ ថា រដ្ឋបាលខេត្តបាននិងកំពុងគិតគូរលើការអភិរក្សសំណង់អគារប្រវត្តិសាស្រ្ត និងកែលម្អនូវសោភ័ណភាពបរិស្ថាន និង អម័យ នៅក្នុងទីក្រុងបាត់ដំបង និងនៅតាមបណ្តាស្រុកនានា ដើម្បីឱ្យប្រែក្លាយទៅជាទីក្រុងទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្តដ៏សំបូរបែប ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីឲ្យមកស្នាក់នៅដើរកម្សាន្ត ក្នុងខេត្ត ។

      ជាមួយគ្នា នេះឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងថា បាត់ដំបង គឺជាខេត្តដែលមានសក្ដានុពលលើវិស័យកសិកម្មដ៏សំបូរបែប ហើយកសិផល និងផលិតផលកសិកម្មជាច្រើនប្រភេទ គឺមិនទាន់មានដៃគូវិនិយោគបង្កើតរោងចក្រក្នុងការកែច្នៃ ផលិតផលទាំងនោះសម្រាប់ការនាំចេញទៅក្រៅប្រទេស និងចង់ឲ្យអាល្លឺម៉ង់ជួយជម្រុញដល់វិស័យនេះផងដែរ ៕ ដោយ ៖ អ៊ុក សំអាន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner