សាលារៀនដូង ច្នៃសំរាម មកជារបស់ប្រើប្រាស់ និងបណ្តុះគំនិតកុមារក្រីក្រជាអ្នកស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថាន

ខេត្តកំពង់ស្ពឺ ៖ បើអ្នកទេសចរធ្វើដំណើរទៅដល់រមណីយដ្ឋានធម្មជាតិ សុរាម្រឹត្យ ព្រះកុសុមៈ គីរីរម្យ ខេត្តកំពង់ស្ពឺ ហើយបានទៅដល់សាលារៀនមួយកន្លែងមានឈ្មោះថា សាលាដូង នោះនឹងបានឃើញនូវរបស់កែច្នៃចេញពីសំរាមជាច្រើនដែលមើលទៅ គួរឱ្យចាប់អារម្មណ៍ និងអត់ទ្រាំស្ងើចសរសើរមិនបាន។ ជាមួយនឹងគំនិតច្នៃប្រឌិតកែច្នៃរបស់ប្រើប្រាស់ផ្សេងៗចេញពីសំរាមនេះ គេឃើញមានដាក់តាំងបង្ហាញ និងតាំងលក់ចាប់ពីខាងមុខសាលារៀនរហូតដល់ផ្នែកបរិវេណខាងក្នុង។វត្ថុទាំងនេះបានរំលេចទៅដោយពណ៌ចម្រុះដូចជា ក្រហម លឿង បៃតង ជាដើម ដែលមើលទៅស្រស់ស្អាតគួរជាទីចាប់អារម្មណ៍ និងចង់ទិញយកទៅប្រើប្រាស់។

លោក អ៊ុក វណ្ណដេ ដែលគេឱ្យឈ្មោះថាអ្នកចម្បាំងសំរាមឬមនុស្សសំរាម ហើយក៏ជាស្ថាបនិកសាលាដូង នៅលើភ្នំគិរីរម្យបានឱ្យដឹងថា លោក បានចូលខ្លួនមកតំបន់គិរីរម្យនេះ ហើយបានចាប់ផ្តើមកសាងសាលាដូងឡើងដោយមានទស្សនៈវិស័យ ២គឺ ទី១.បញ្ឈប់ការសុំទានរបស់កុមារក្នុងនេះឱ្យពួកគេមានការអប់រំសម្រាប់អនាគត។ទី២.គឺរៀបចំសំរាម និងយកសំរាមមួយចំនួនមកកែច្នៃជាវត្ថុប្រើប្រាស់ឡើងវិញដើម្បីទាក់ទាញភ្ញៀវទេសចរ។

យុវជនមកពីខេត្តបាត់ដំបងរូបនេះបានបញ្ជាក់ពីប្រវត្តិរបស់ខ្លួនថា៖ កាលពីដំបូងឡើយលោក បានជិះម៉ូតូឡើងលើកំពូលភ្នំគីរីរម្យ ហើយបានឃើញមានសំរាមចោលពាសវាលពាសកាល ហើយឃើញក្មេងៗឈរសុំទាន អត់បានចូលសាលារៀនទេ ។ ជាមួយទិដ្ឋភាពបែបនេះធ្វើឱ្យលោកលេចនូវគំនិតមួយកើតឡើង និងបន្ទាប់ពីបានគិតយ៉ាងម៉ត់ចត់ លោកក៏សម្រេចប្រើជំនាញច្នៃប្រឌិតរបស់ខ្លួនដោយយកដើមដូង សំរាម និង កង់ឡាន មកច្នៃធ្វើជាសាលារៀនភាសាអង់គ្លេសនិងបានរៀបចំកែច្នៃសំរាមឲ្យទៅជាវត្ថុមានប្រយោជន៍ដល់សង្គម ហើយបង្រៀនកូនសិស្សឥតគិតថ្លៃរហូតមក។ លោកថាជាមួយការបង្រៀនកុមារក្រីក្រនេះក្រៅពីផ្តល់នូវចំណេះដឹងហើយ លោកនឹងបណ្តុះបណ្តាលឱ្យពួកគេស្រឡាញ់បរិស្ថាន ហើយនឹងអាចក្លាយជាសកម្មជនជួយបរិស្ថាននៅថ្ងៃអនាគតទៀតផង។

លោក អ៊ុក វណ្ណដេ បានឱ្យដឹងដែរថាសាលាដូងបានរៀបចំឡើងកាលពីដើមឆ្នាំ ២០១៧ ហើយចាប់ផ្តើមឱ្យសិស្សចូលរៀននៅឆ្នាំ ២០១៨បើគិតទើបតែមានអាយុ៤-៥ឆ្នាំទេ ហើយបច្ចុប្បន្នមានបង្រៀនពីថ្នាក់ទី១ដល់ថ្នាក់ទី៣ មានសិស្សសរុបចំនួន ៩២នាក់។ កូនសិស្សទាំងអស់មានអាយុចាប់ពី ៧ដល់១៤ឆ្នាំ។នៅសាលារៀននេះ មានផ្តល់អាហារបន្តិចបន្តួចដល់សិស្ស។ សម្រាប់អំឡុងការរីករាលដាលជំងឺកូវីដ១៩កន្លងមកលោកបានធ្វើការចែកអង្ករដែលឧបត្ថម្ភពីមហាជនជាង ៥០តោនដល់ពួកគេរួចហើយផងដែរ។

លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង នៅលើភ្នំគិរីរម្យបានឱ្យដឹងបន្ថែមថា សិស្សដែលចូលរៀននៅសាលាមួយនេះសុទ្ធសឹងជាកុមារក្រីក្រ ហើយគ្មានសាលារៀននៅក្បែរ ដែលជួបការលំបាកក្នុងការធ្វើដំណើរទៅសាលារៀនឆ្ងាយៗ ហេតុនេះបើពុំមានសាលារៀនដូងទេពួកគេអាចនឹងដើរពាសវាលពាសកាលនិងគ្មានបានចូលរៀនសោះឡើយ។

ដោយឡែកសម្រាប់ការកែច្នៃវត្ថុនានាពីសំរាមដែលលោកបានដាក់តាំងបង្ហាញនិងលក់ជូនភ្ញៀវទេសចរនេះដែរសុទ្ធសឹងកើតចេញពីការច្នៃប្រឌិតរបស់លោកសឹងទាំងអស់ ។ ការកែច្នៃនេះលោកធ្វើឡើងប្រយោជន៍ដើម្បីឱ្យប្លែកភ្នែកមនុស្សគ្រប់រូបបានឃើញហើយចង់ទស្សនា ការកែច្នៃសម្រាប់កាត់បន្ថយការចំណាយ ដោយលោកចង់បញ្ជូនសារដល់ពលរដ្ឋបានយល់ជ្រួតជ្រាបពីកាកសំណល់សំរាមថា ក៏មានតម្លៃដែរនៅពេលយើងចេះយកវាមកកែច្នៃប្រើប្រាស់ឡើងវិញ។

ដោយឡែកទាក់ទិនទៅនឹងការចោលសំរាមរបស់ពលរដ្ឋដែលចូលមកទស្សនានៅរមណីយដ្ឋានធម្មជាតិ សុរាម្រឹត្យ ព្រះកុសុមៈ គីរីរម្យវិញ លោកមើលឃើញថា គឺបានត្រឹមកម្រិតមធ្យម ពោលគឺមិនទាន់បានចូលរួមពីមនុស្សគ្រប់រូបនៅឡើយទេ ពោលគឺបញ្ហាសំរាមនៅចោទឡើងនៅឡើយ ។ អ្នកទេសចរមួយចំនួនមិនទាន់យល់ពីបញ្ហានេះ ដោយគាត់បានចូលមកទស្សនាហើយចោលសំរាមពាសវាលពាសកាល ដែលធ្វើឱ្យពួកលោកនិងកូនសិស្សចាំបាច់ត្រូវដើរប្រមូលស្ទើរជាប់ជាប្រចាំ។

ជាមួយគ្នាអ្នកច្នៃសំរាមរូបនេះ បានសំណូមពរដល់ពលរដ្ឋ ដែលធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នានាមិនគប្បីចោលសំរាមពាសវាលកាលដែលនាំឱ្យប៉ះពាល់បរិស្ថាន និងបំផ្លាញតំបន់ទេសចរណ៍របស់យើង។ត្រូវចេះទុកដាក់សំរាម និងវេចខ្ចប់ទៅទុកដាក់កន្លែងចោលសំរាមឱ្យបានត្រឹមត្រូវ។ គួរបញ្ជាក់ថាកាលពីថ្មីមកនេះក្រសួងបរិស្ថានរួមជាមួយដៃគូបានរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពីផលិតផល និងសេវាកម្មទេសចរណ៍ធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ។ ក្នុងដំណើរទស្សនកិច្ចនេះមានកិច្ចសហការរវាងក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ធនគាពិភពលោក វិស័យឯកជន អ្នកសារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាល ហើយសាលារៀនដូងក៏ត្រូវបានគណៈប្រតិភូបានចូលទស្សនា និងស្វែងយល់ផងដែរ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner