ទំនាក់ទំនងអាមេរិក និងចិនមានលក្ខណៈឡើង-ចុះ ៥០ឆ្នាំក្រោយពីដំណើរទស្សនកិច្ចរបស់លោក និចសុន

សហរដ្ឋអាមេរិក និង​ចិន​មាន​ទំនោរ​នៃ​ទំនាក់ទំនង​ការ​ទូត​ឡើង​-ចុះ​នៅ​រយៈពេល​ប្រមាណ​កន្លះ​សតវត្ស​មក​នេះ។ ប្រទេស​មហាអំណាច​ទាំង​ពីរ​បាន​ចាប់​ដៃ​គ្នា​ជា​លើក​ដំបូង​នៅ​ទសវត្ស​ឆ្នាំ១៩៧០។

ជាមួយ​គ្នា​នេះ​ដែរ ដំណើរ​ទស្សនកិច្ច​របស់អតី​ត​​ប្រធានាធិបតី​អាមេរិក​លោក រីឆាដ និចសុន (Richard Nixon) ខែ​កុម្ភៈ ឆ្នាំ១៩៧២​បាន​បើក​ផ្លូវ​ឱ្យ​មាន​ទំនាក់ទំនង​ការ​ទូត​ជា​ផ្លូវការ​រវាង​អាមេរិក និង​ចិន ដែល​បណ្ដាល​ឱ្យ​អាមេរិក​ទទួល​ស្គាល់​ចិន​ប្រជាមានិត និង​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់។

សម្រាប់​ឆ្នាំ២០២២​នេះ​ដែរ ខាង​ចិន​ក៏​គិតគូរ​រៀបចំ​ពិធី​រំលឹក​ខួប​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក និចសុន មក​កាន់​ស្រុក​ចិន​ទៀត​ផង​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​ក្រសួង​ការបរទេស​ចិន​នៅ​ក្នុង​ខែ​កុម្ភៈ​នេះ។

ស្ថានភាព​នយោបាយ​អន្តរជាតិ​នៅ​ពេល​នោះ​ស្ថិត​នៅ​ក្រោម​សង្គ្រាម​ត្រជាក់​រវាង​ប្លុក​លោក​សេរី ​មានសហរដ្ឋ​​អាមេរិក​ជា​អ្ន​ក​នាំមុខ​ ចំណែក​ឯ​​ប្លុក​កុម្មុយនិស្តវិញ​​ មាន​សហភាព​សូវៀត​ជា​ប្រមុខ​។

យ៉ាងណាមិញ ក្រោយ​មក​ចិន និង​សូវៀត​ហាក់​មាន​ទំនាក់ទំនង​​រាង​រង្គាស់​រង្គើរ​​ផ្នែក​នយោបាយ​ជាមួយ​គ្នា​នៅ​ទសវត្ស​ឆ្នាំ១៩៦០ ដែល​បណ្ដាល​ឱ្យ​អាមេរិក​ឆ្លៀត​ឱកាស​ទៅ​ទាក់ទង​ជាមួយ​ចិន ដើម្បី​រួម​ដៃ​គ្នា​ប្រឆាំង​នឹង​សូវៀត។ ទំនាក់ទំនង​នេះ​ហើយ​បាន​បង្កើត​ជា​ពាក្យ​ស្លោក​នៅ​ក្នុង​ចំណោម​អ្នក​សិក្សា​ទំនាក់ទំនង​អន្តរជាតិ​មួយ​ឃ្លា​ថា៖ «សត្រូវ​របស់​សត្រូវ​របស់​យើង ជា​មិត្ត​របស់​យើង»។

អំឡុង​ទស្សនកិច្ច​នៅ​ចិន ប្រធានាធិបតី​អាមេរិក​ដែល​បាន​ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​ឥណ្ឌូចិន​រូប​នេះ​បាន​ជួប​ជាមួយ​លោក ម៉ៅ សេទុង ដែល​ជា​មេដឹកនាំ​ជាន់​ខ្ពស់​របស់​ចិន និង​មាន​សន្ទនា​រាប់​ម៉ោង​ជាមួយ​នឹង​លោក ជូ អេនឡាយ ដែល​ជា​នាយករដ្ឋមន្ត្រី​ចិន​នៅ​ពេល​នោះ។

ក្នុង​គោលបំណង​ប្រឆាំង​ដាច់​ខាត​នឹង​សូវៀត​ អាមេរិក​នៅ​ពេល​នោះ​សុខ​ចិត្ត​បោះបង់​ចោល​តៃវ៉ាន់ ដើម្បី​ចាប់​ដៃ​ជាមួយ​ចិន។ គោលជំហរ​បែប​នេះ​ត្រូវ​បាន​ព្រមព្រៀង​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ ឆ្នាំ១៩៧២ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ ដែល​លោក​និចសុន​មក​ទស្សនកិច្ច​នៅ​ប្រទេស​ចិន។ ឯកសារ​នៃ​កិច្ចព្រមព្រៀង​នោះ​មាន​ឈ្មោះ​ថា សេចក្ដីថ្លែងការណ៍​ទីក្រុង​សៀងហៃ។ ក្នុង​សេចក្ដីថ្លែងការណ៍​នេះ​ដែរ គេ​បាន​កត់​សម្គាល់​ថា អាមេរិក​បាន​ធ្វើ​ការ​គាំទ្រ​ដល់ «គោលនយោបាយ​ចិន​តែ​មួយ» ហើយ​ព្រមព្រៀង​ក្នុង​ការ​កាត់បន្ថយ​វត្តមាន​យោធា​របស់​ខ្លួន​នៅ​កោះ​តៃវ៉ាន់។

យ៉ាងណាក៏ដោយ គេ​ត្រូវ​រង់ចាំ​រហូត​ដល់​ទៅ ៧ឆ្នាំ​ ពោល​គឺ​នៅ​ឆ្នាំ១៩៧៩ ទើប​អាមេរិក​ទទួល​ស្គាល់​ចិន​ជា​ផ្លូវការ។ ការ​ចំណាយ​ពេល​ដ៏​យូរ​នេះ​បណ្ដាល​មក​ពី​នយោបាយ​ក្នុង​ស្រុក​អាមេរិក​ នៅ​មិន​ទាន់​មាន​កុងសង់ស៊ីស​ស្រួលបួល​ទេ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន។

កុងសង់ស៊ីស​ដែល​មាន​ចុង​ក្រោយ​នោះ​គឺ​ធ្វើ​ឡើង​ដោយ​មាន​ការ​អនុម័ត​ច្បាប់​មួយ​ស្ដីពី​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​ ដែល​ចូល​ជា​ធរមាន​នៅ​ឆ្នាំ១៩៧៩។ តាម​រយៈ​ច្បាប់​នេះ​ដែរ អាមេរិក​មិន​មាន​ចំណង​ការ​ទូត​ជា​ផ្លូវ​ការ​ជាមួយ​តៃវ៉ាន់​ទេ តែ​អាមេរិក​មាន​ភារកិច្ច​ក្នុង​ការ​ជួយ​គាំពារ​សន្តិសុខ​របស់​ដែនដី​កោះ​នេះ​តាម​រយៈ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ការ​លក់​គ្រឿង​សព្វាវុធ។

ត្រង់​ចំណុច​តៃវ៉ាន់​នេះ​ហើយ​នៅ​តែ​ជា​ចំណុច​រសើប​រវាង​ចិន និង​អាមេរិក​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​។ មតិ​ខ្លះ​យល់​ថា អាមេរិក​លេប​សម្ដី​នៃ​ការ​សន្យា​របស់​លោក​និចសុន តាម​រយៈ​ការ​ចេញ​ច្បាប់​តៃវ៉ាន់​នៅ​ឆ្នាំ១៩៧៩។

ក្រៅ​ពី​រឿង​តៃវ៉ាន់​ ចិន និង​អាមេរិក​ក៏​មាន​រឿង​រកាំរកូស​ជាមួយ​នឹង​ឧបទ្ទវហេតុ​មួយ​ចំនួន​ដូច​ជា អង្គការ​សម្ព័ន្ធមិត្ត​ណាតូ​ទម្លាក់​គ្រាប់​បែក​លើ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​ស៊ែប ស្រប​ពេល​ដែល​ក្រុម​សម្ព័ន្ធមិត្ត​ចូល​ជ្រៀតជ្រែក​បែប​មនុស្សធម៌​ទៅ​កាន់​ប្រទេស​អឺរ៉ុប​មួយ​នេះ​នៅ​ចុង​ទសវត្ស​ឆ្នាំ១៩៩០។

ទោះ​ជា​មាន​ភាព​ខុស​គ្នា​ត្រង់​ចំណុច​ទាំង​នេះ​​ក្ដី ក៏​មហាអំណាច​ទាំង​ពីរ​មាន​ទំនាក់ទំនង​ល្អូកល្អិន​ផ្នែក​សេដ្ឋកិច្ច​អំឡុង​ ៥០ឆ្នាំ​នេះ។ អាមេរិក​បាន​នាំ​ចិន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នៅ​ឆ្នាំ២០០១ ហើយ​អាមេរិក​ក៏​បាន​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​ស្រុក​ចិន​ក្រាស់ក្រែល​ណាស់​ដែរ​ក្នុង​រយៈពេល ៥ទសវត្ស​មក​នេះ។ រហូត​មកដល់​​ទសវត្ស​ឆ្នាំ២០១០ គ្រប់​យ៉ាង​ចាប់​ផ្ដើម​កើន​ភាព​តានតឹង​ដាក់​គ្នា។

ចាប់​តាំង​ពី​លោក ស៊ី ជីនភីង ឡើង​កាន់​តំណែង​នៅ​ឆ្នាំ២០១២-២០១៣មក ចិន​ចាប់​ផ្ដើមកើន​​ឡើងឥទ្ធិពល​ក្នុង​ពិភព​លោក​​យ៉ាង​ខ្លាំង ដោយ​មហាអំណាច​អាស៊ី​មួយ​នេះ​បាន​ប្រកាន់​យក​គោលនយោបាយ​ការ​បរទេស​មួយ ដែល​ពង្រីក​ឥទ្ធិពល​នៅ​លើ​ពិភពលោក។ ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​ធ្វើ​ឡើង​តាម​រយៈ​មធ្យោបាយ​នានា​ដូច​ជា គំនិតផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​ និង​ផ្លូវ (BRI) ដែល​ចិន​ជួយ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន ថ្នល់ កំពង់ផែ ព្រលានយន្តហោះ​ តភ្ជាប់​ចិន ជាមួយ​នឹង​ពិភពលោក។

សហរដ្ឋអាមេរិក​អំឡុង​ពេល​ដែល​ចិន​កំពុង​តែ​រះ​ហាក់​បី​ដូច​ជា​មាន​កំណើន​សេដ្ឋកិច្ច​យឺត ហើយ​ផ្ដោត​តែ​នយោបាយ​ក្នុង​ស្រុក​ជា​ជាង​ខ្វាយខ្វល់​នឹង​ពិភពលោក​ដូច​កាល​ពី​ជំនាន់មុន។

លុះ​នៅ​ឆ្នាំ២០១៦​លោក ដូណាល់ ត្រាំ​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដោយ​ប្រកាន់​យក​គោលនយោបាយ​អាមេរិក​ចម្បង ដែល​ជា​គោលនយោបាយ​ផ្ដោត​អាទិភាព​លើ​ផលប្រយោជន៍​អាមេរិក​ជា​ជាង​ផលប្រយោជន៍​ប្រទេស​ដទៃ។

នៅ​ពេល​លោក​ត្រាំ ឡើង​កាន់​តំណែង​ រដ្ឋការ​របស់​លោក​បាន​ធ្វើ​ការ​ចោទ​ចិន​ថា​ធ្វើ​ពាណិជ្ជកម្ម​ស៊ី​ក្រឡា​អាមេរិក ដែល​បណ្ដាល​ឱ្យ​មាន​ទំនាស់​ពាណិជ្ជកម្ម​រវាង​គ្នា​ទៅ​វិញ។ សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ក៏​បណ្ដាល​ឱ្យ​មាន​ការ​ប្រកួតប្រជែង​គ្នា​លើ​ផ្នែក​ផ្សេងៗ​នៅ​លើ​ពិភពលោក​ ជាពិសេស​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។

អាមេរិក​ចាត់​ទុក​ថា ការ​កើន​ឡើងអំណាច​​របស់​ចិន​ជា​ការ​គំរាមកំហែង​ដល់​សណ្ដាប់ធ្នាប់​ពិភពលោក ចំណែក​ឯ​ចិន​វិញ​ចាត់​ទុក​អាមេរិក​ថា​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​។

ស្ថានភាព​នៃ​ការ​ប្រកួត​ប្រជែង​នេះ​នៅ​បន្ត​រហូត​មក​ដល់​ជំនាន់​របស់​លោក ចូ បៃឌិន ដែល​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​តាម​រយៈ​ការ​បោះឆ្នោត​ឆ្នាំ២០២០នេះ​។

ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នៅ​អំឡុង​ពេល​នេះ​ហាក់​ដូច​ជា​ស្ថិត​ក្នុង​សភាព​តានតឹង​ជាមួយ​គ្នា​ ហើយ​មាន​អ្នក​អត្ថាធិប្បាយ​ខ្លះ​ចាត់​ទុក​ថា សណ្ដាប់ធ្នាប់​ពិភពលោក​នៅ​ពេល​នេះ​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់កាល​សង្គ្រាម​ត្រជាក់​ជំនាន់​ទី២៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner