លោកចូ បៃដិនថានៅមាន «កន្លែងច្រើនសម្រាប់ការទូត» ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន

លោក​ចូ បៃដិន​បាន​និយាយ​ថា​នៅ​មាន​ «កន្លែង​ច្រើន​សម្រាប់​ការ​ទូត​» ដើម្បី​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន ដោយ​ការ​លើក​ឡើង​បែប​នេះ​ជំរុញ​ក្ដី​សង្ឃឹម​ថា ​នៅ​មាន​ពេលវេលា​សម្រាប់​កិច្ចពិភាក្សា ដែល​នឹង​នាំ​ឱ្យ​រុស្សី​ដក​ថយ​ទាហាន​ជិត​ព្រំដែន​អ៊ុយក្រែន​។

ក្នុង​ការ​ថ្លែង​សុន្ទរកថា​កាល​ពី​ថ្ងៃ​អង្គារ​ ទី​១៥ កុម្ភៈ​ ពី​សេតវិមាន​ លោក​បៃដិន​បាន​និយាយ​ថា​រុស្សី​បាន​ប្រមូល​ផ្ដុំ​ទាហាន​ប្រមាណ​ ១៥០.០០០​នាក់​នៅ​ព្រំដែន​ជា​មួយ​ប្រទេស​អ៊ុយក្រែន​ ហើយ​នៅ​តែ​ឈរ​ជើង​ «នៅ​កន្លែង​បង្ក​ការ​គំរាមកំហែង​» ដោយ​ការ​វាយ​ប្រហារ​នៅ​តែ​អាច​កើត​ឡើង​។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​លោក​បៃដិន​បាន​ជៀស​វាង​ការ​ប្រើប្រាស់​ល្បះ​ «ការ​វាយ​ប្រហារ​នឹង​កើត​ឡើង​ឆាប់​ៗ​នេះ​» ដូច​ដែល​មន្ត្រី​អាមេរិក​ដទៃ​ទៀត​បាន​ប្រើប្រាស់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​។

លោក បៃដិន​បាន​និយាយ​ថា «យើង​គួរ​តែ​ផ្ដល់​ឱកាស​គ្រប់​បែប​យ៉ាង​ដើម្បី​ឱ្យ​មធ្យោបាយ​ការទូត​ជោគជ័យ»​។ ហើយ​ខ្ញុំ​ជឿ​ថា​មាន​វិធី​ពិត​ប្រាកដ​ក្នុង​ការ​ដោះស្រាយ​កង្វល់​សុវត្ថិភាព​រៀង​ៗ​ខ្លួន»​។

លោក​និយាយ​ថា​សហរដ្ឋអាមេរិក​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា​រុស្សី​កំពុង​ដក​ទាហាន​ទៅ​មូលដ្ឋាន​ពួកគេ​វិញ​ ដូច​ដែល​ក្រុង​មូស្គូ​បាន​ប្រកាស​កាល​បី​ដើម​ថ្ងៃ​នោះ​។

ការ​ថ្លែង​សុន្ទរកថា​របស់​លោក​បៃដិន​ ធ្វើ​ឡើង​នៅ​ការ​បញ្ចប់​នៃ​ថ្ងៃ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​សកម្មភាព​ការទូត​ដ៏​មមាញឹក​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ដែល​អាច​ឈាន​ដល់​ការ​ផ្ទុះ​សង្គ្រាម​។

បន្ទាប់​ពី​ជំនួប​ពិភាក្សា​ជា​បី​ម៉ោង​ជា​មួយ​អធិការបតី​អាល្លឺម៉ង់​លោក​អូឡាហ្វ សូល​ ប្រធានាធិបតី​រុស្សី​លោក​វ្ល៉ាឌីមៀរ ពូទីន​បាន​ធ្វើ​ការ​ប្រកាស​ថា​ក្រុង​មូស្គូ​នឹង​ចាប់​ផ្ដើម​ដក​ទាហាន​មួយ​ចំនួន​ចេញ​ពី​តំបន់​ព្រំដែន​ជា​មួយ​អ៊ុយក្រែន​ ដើម្បី​បើក​ «កិច្ច​សន្ទនា» ជា​មួយ​ខាង​លិច​ ខណៈ​ពេល​ដែល​​សម្ពាធ​យោធា​សឹង​តែ​នៅ​ដដែល​។

លោក​ពូទីន​ និយាយ​ថា​លោក​យល់ព្រម​ធ្វើ​ការ​ពិភាក្សា​លើ​ការ​គ្រប់គ្រង​មីស៊ីល​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម​ និង​វិធានការ​ពង្រឹង​ការ​ទុក​ចិត្ត​ជា​មួយ​អាមេរិក និង​ណាតូ ប្រសិន​បើ​ពួកគេ​យល់ព្រម​ដោះ​ស្រាយ​ការ​ព្រួយ​បារម្ភ​សន្តិសុខ​របស់​រុស្សី​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner