រថយន្ត HILUX បុករថយន្ត CRV ពីក្រោយបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ៤នាក់
ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយយ៉ាងលឿនបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយពេញទំហឹង ហេីយហោះរំលងសួនច្បារចែកផ្លូវបណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ និងស្រាល ៤នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ កាលវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃពុធទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវផ្លូវវិមានឈ្នះ ឈ្នះចំណុចជិតរណ្ដៅដីតាកៅ ក្នុងសង្កាត់កោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាកHILUX SRV VCO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BK-3455 ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តម៉ាកCRV ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2L-1534 កំពុងធ្វើដំណើរស្របគ្នានៅខាងមុខចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កវិលមួយជុំហោះឡើងសួនច្បារចែកទ្រូងផ្លូវទៅម្ខាងបណ្ដាលឲ្យមានមនុស្សខាងរថយន្តរងគ្រោះ រងរបួសធ្ងន់ស្រាល ៤នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ។ ចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ធ្វេីការវាស់វែង រួចយករថយន្តបង្ក និងរថយន្តរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយគ្នាបន្តទៀតនៅពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា