កម្ពុជាជាប្រធានអាស៊ានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន

ភ្នំពេញ៖ កម្ពុជាជាប្រធានអាស៊ានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា តាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីនេះ។

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងខាងក្រៅជាមួយដៃគូសន្ទនានានា ខណៈពេល ថែរក្សា និងលើកកម្ពស់មជ្ឈភាពសាមគ្គីភាព និងឯកភាពអាស៊ានព្រមទាំង ពិភាក្សា គ្នាអំពីរបៀបនិងវិធីសាស្ត្រដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងសហគមន៍អាស៊ានមួយដែលកាន់ តែធន់រឹងមាំឡើង ប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនអង្គប្រជុំអំពីសមិទ្ធផលសំខាន់ៗ ដែលនឹងត្រូវសម្រេចបានក្នុងអំឡុងពេលភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្រោមមូលបទ «អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្ត្រ ដែលកំពុងកើតឡើងនៅក្នុងតំបន់ រួមមាន ការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព និងដំណើរការស្តារ ឡើងវិញប្រកបដោយ បរិយាប័ន្ន ការប្រកួតប្រជែងភូមិសាស្ត្រ-នយោបាយ បញ្ហាជាប្រពៃណី និងមិនប្រពៃណីដែលមានស្រាប់ និងការពង្រឹងភាពស្អិតរមួត មជ្ឈភាព និងភាពធន់រឹងមាំ របស់អាស៊ាន។

គណៈប្រតិភូរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសជាសមាជិកអាស៊ាន ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២  រួមមាន៖រដ្ឋមន្ត្រីការបរទេស នៃប្រទេសប្រ៊ុយណេដារូសាឡឹម។ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី។ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ រដ្ឋមន្ត្រីការបរទេស នៃសាធារណ រដ្ឋប្រជាមានិតឡាវ។ រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ។រដ្ឋមន្ត្រីការបរទេស នៃប្រទេសហ្វីលីពីន។ គណៈប្រតិភូរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ គណៈប្រតិភូអគ្គលេខាធិការអាស៊ាន។ គណៈប្រតិភូម៉ាឡេស៊ី។ ចំណែកគណៈប្រតិភូរដ្ឋមន្ត្រីការបរទេសមួយចំនួនទៀត បានចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ៕ 

ដោយៈពល​ជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner