ប្រមុខរាជរដ្ឋាភិបាលណែនាំឱ្យគណៈអភិបាលរាជធានី-ខេត្ត ត្រូវបន្តពង្រឹងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ការពារ”និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យ អភិបាលនៃគណៈ អភិបាល រាជធានី-ខេត្ត ត្រូវបន្តពង្រឹងការអនុវត្តឱ្យបាន ខ្ជាប់ ខ្ជួននូវវិធានការ “៣កុំ ៣ការពារ” និងវិធានការសុវត្ថិភាពផ្នែក សុខាភិបាលផ្សេងទៀតនេះបើតាមសារាចររបស់រាជរដ្ឋាភិបាលស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នមេរោគកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទ “អូមីក្រុង”កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។
សារាចរបានណែនាំដល់អភិបាលរាជធានី-ខេត្ត និងយន្តការ ដែលមានពាក់ព័ន្ធ ត្រូវបន្តពង្រឹងការអនុវត្តវិធានការ សុវត្ថិភាព សុខាភិបាល ក៏ដូចជាបង្កើនការយកចិត្តទុកដាក់ ក្នុងការក្រើនរំលឹក អប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់សាធារណជន ក្នុងការចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ របៀបនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃ ជំងឺកូវីដ-១៩ ជាពិសេស ការបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវ វិធានការ “៣កុំ ៣ការពារ” និងវិធានការ សុវត្ថិភាពផ្នែក សុខាភិបាលផ្សេងទៀត ជាអាទិ៍ ការពាក់ម៉ាស់, ការរក្សា គម្លាតសុវត្ថិភាព និងការធ្វើអនាម័យជា ប្រចាំ។
សម្ដេចតេជោក៏បានណែនាំថា ត្រូវបន្តធ្វើការអប់រំ និង ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជនៈ និង បន្តយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាព នៃការអនុវត្ត “នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ” និង គោលការណ៍ណែនាំ ស្តីពីនីតិវិធីប្រតិបត្តិស្តង់ដារផ្សេងទៀតដែលនៅជាធរមាន សម្រាប់ការបើកដំណើរការឡើងវិញនូវសកម្មភាពសង្គម-សេដ្ឋកិច្ចតាមវិស័យនីមួយៗ សំដៅធានាបាននូវការទប់ស្កាត់ និងការកាត់បន្ថយ ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ៕ ដោយ៖ វណ្ណលុក

