ថវិកាគោលនយោបាយរបស់រាជរដ្ឋភិបាលជាង ៣០លានរៀល ត្រូវបានផ្តល់ជូនគ្រួសារ សពឧត្តមសេនីយ៍ទោចូលនិវត្តន៍ អ៊ិត សាឯម ដល់លំនៅដ្ឋាន ក្រុងកំពង់ចាម ខេត្តកំពង់ចាម
កំពង់ចាម ៖ ឧត្តមសេនីយ៍ ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ប្រធានអនុគណៈកម្មាធិការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ឧត្តមនាវី ក្រសួងការពារជាតិ បាននាំយកថវិកាគោលនយោបាយរបស់រាជរដ្ឋភិបាលជាង ៣០លានរៀល ផ្តល់ជូនលោកស្រី ប៉ាល់ សុខុម ត្រូវជាភរិយានៃ សព ឧត្តមសេនីយ៍ទោ ចូលនិវត្តន៍ អ៊ិត សាឯម ដល់លំនៅដ្ឋាន ភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ២០២២ ។
ឧត្តមសេនីយ៍ ឯក សៅ សារឿន សូមចូលរួមរំលែកមរណទុក្ខ យ៉ាងក្រៀមក្រំនិងសោកស្តាយជាទីបំផុតចំពោះការបាត់បង់ ឧត្តមសេនីយ៍ទោ អ៊ិត សាឯម អតីតនាយករង អធិការដ្ឋាន អគ្គបញ្ជាការ នៃកងយោធពលខេមរភុមិន្ទមួយរូប ដែលមានគុណបំណាច់ ក្នុងបុព្វហេតុបំរើបម្រើ សុខសន្តិភាពនាពេលកន្លងមករហូតដល់ថ្ងៃអវសាន្តនៃ ជីវិតចុងក្រោយ ។
ឯកឧត្តមប្រធានប្រតិភូក៏បានបញ្ជាក់ផងដែរថា ថវិកាឧបត្ថម្ភសម្រាប់ ពិធីបុណ្យសពនេះ គឺជាការគិតគូខ្ពស់ពី សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចពិជ័យសេនា និង នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ដែលជានិច្ចជាកាល តែងបានគិតគូរ និងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខ យោធិនគ្រប់រូប និងបានការលើកទឹកចិត្តដោយតម្លើងឋានន្តរសក្តិមួយថ្នាក់ មុននឹងយោធិនទាំងនោះ ចេញពីជួរទៅរស់នៅក្នុងជីវភាពស៊ីវិល ព្រមទាំងបងប្អូនក្រុមគ្រួសារអតីតយុទ្ធជនទោះស្ថិតក្នុងការគ្រប់គ្រង ឬ ចូលនិវត្តន៍ហើយក៏ដោយ ៕
ប្រភព ៖ កងទ័ព