អ្នកនាំពាក្យ៖ គណបក្សប្រជាជនកម្ពុជាគ្មានការព្រួយបារម្ភចំពោះការចងសម្ព័ន្ធភាពរបស់គណបក្សនយោបាយមួយចំនួននោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្សប្រជាជនកម្ពុជា មិនមានការព្រួយបារម្ភចំពោះការចងសម្ព័ន្ធភាពរបស់គណបក្សនយោបាយមួយចំនួន ដែលទើបតែបង្កើតថ្មី ដើម្បីប្រកួតជាមួយគណបក្សខ្លួននៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះទេ។ ការមិនព្រួយបារម្ភ គឺដោយសារតែបក្សទាំងនោះ កើតចេញពីគណបក្សដែលចាញ់រួចមកហើយ។

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះថា ការចងសម្ព័ន្ធភាពនេះ អត់មានអីទំនាស់នឹងច្បាប់ដែលត្រូវហាមឃាត់ទេ ហើយការចងសម្ព័ន្ធភាពរវាងគ្នាគាត់និងគ្នាគាត់នេះ គឺឱ្យតែគេឯកភាពគ្នា វាអត់មានបញ្ហាអីទេ។ ឯកឧត្តមបានបញ្ជាក់ថា “ការចងសម្ព័ន្ធភាពនេះ មិនមែនជារឿងចម្លែកទេ វាជារឿងធម្មតាសម្រាប់គណបក្សប្រជាជនកម្ពុជា ពីព្រោះក្នុងចំណោមគណបក្សដែលចង់សម្ព័ន្ធភាពជាមួយគ្នានេះ គឺជាឫសគល់តែមួយទេ។ បើឫសគល់តែមួយមេក្លោងធំចាញ់ ហើយត្រូវរលំរលាយរួចហើយ ហើយ៦គណបក្សដែលចេញពីក្នុងពាងដែលបែកខ្ទេចខ្ទី គឺវាគ្មានកម្លាំងអីដែលនឹងមកប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាទេ ឬមួយក៏ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមានការព្រួយបារម្ភទេ”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាពន្យល់ថា “គណបក្សប្រឆាំងកន្លងទៅនេះ វាជាពាងធំមួយហើយ ដោយពាងនឹងវាបែករួចហើយ ក៏ប៉ុន្តែ១១៨នាក់បានចេញពីក្នុងពាងហ្នឹងហើយ ក៏ប៉ុន្តែក្នុងចំណោម១១៨នាក់ហ្នឹង វាមាន២៩ត្រឡោកមកបង្កើតគណបក្សនយោបាយ និងទទួលបាននីតិសម្បទាធ្វើនយោបាយរួចហើយ អ៊ីចឹងវាមិនមែនជារឿងអីគួរឱ្យភ័យព្រួយទេ ៦ត្រឡោកបូកចូលគ្នាទៅវាមិនបានស្មើទឹកពាងខាងដើមទេ ទឹកពាងខាងដើមនៅប្រកួតមិនឈ្នះគណបក្សប្រជាជនកម្ពុជាផង ចុះទម្រាំ ៦ត្រឡោកមកប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា”។

សូមជម្រាបថា គណបក្សនយោបាយចំនួន៦ ដែលលោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានអះអាងថា ចងសម្ព័ន្ធភាពនឹងគ្នាដើម្បីត្រៀមបង្កើតគណបក្សធំមួយប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ មានដូចជាៈ ១.គណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឫទ្ធិ។ ២.គណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក យ៉េង វិរៈ។ ៣.គណបក្សកែទម្រង់កម្ពុជារបស់លោកអ៊ូ ច័ន្ទរ័ត្ន។ ៤.គណបក្សភ្លើងទៀន។ ៥.គណបក្សបំណងពលរដ្ឋ របស់លោក អ៊ិត សារម្យ និងទី៦. គណបក្សកម្លាំងប្រជាធិបតេយ្យរបស់លោក អ៊ុន វិសិទ្ធគុន៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner