ព្រះសង្ឃ ៤អង្គ និងកូនសេក យកផាវបាល់គោះយករំសេវចាក់ចូលក្នុងកំប៉ុងត្រីខដុត ផ្ទុះឆេះបង្កការភ្ញាក់ផ្អើលពេញវត្ត
ស្វាយរៀង ៖ មានព្រះសង្ឃចំនួន ០៤អង្គ និងកូនសេក ១នាក់បានរងរបួស ខណៈកូនសេកបានយកផាវគោះយករំសេវចាក់ចូលក្នុងកំប៉ុងត្រីខហើយដុត បណ្តាលផ្ទុះឆេះបង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តជួយសង្គ្រោះ បញ្ជូនមកមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចវត្តព្រះទន្លេ ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័ ក្រុងស្វាយរៀង ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ព្រះសង្ឃដែលរងរបួសមានព្រះនាម ១. គង់ សុខហេង ព្រះជន្ម ១៣វស្សា ២.ព្រះនាម ប៉េ នៅ ព្រះជន្ម ១៣វស្សា ៣.ព្រះនាម កើត សុីណេត ព្រះជន្ម ១៤ឆ្នាំវស្សា ៤.ព្រះនាម ភាក់ មករា ព្រះជន្ម ១៧ឆ្នាំ ព្រះសង្ឃ (របួសធ្ងន់) និងទី៥.ឈ្មោះ អុិន រតនៈ អាយុ ១១ឆ្នាំកូនសេក (របួសធ្ងន់)ព្រះអង្គគង់នៅវត្តព្រះទន្លេ ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័ ក្រុងស្វាយរៀង ។
បើតាមកូនសេកបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ ខ្លួននិងព្រះសង្ឃ ៤អង្គបានយកផាវបាល់គោះយករំសេវចេញ ហើយបានយកទៅចាក់ចូលក្នុងកំប៉ុងត្រីខ បន្ទាប់មកក៏នាំគ្នាយកដុត ស្រាប់តែផ្ទុះឆេះបង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃដែលគង់នៅវត្តជួយសង្គ្រោះ បញ្ជូនមកមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងតែម្ដង។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាព្រះសង្ឃទាំងអស់កុំយករំសេវគ្រឿងផ្ទុះមកលេងឬកែច្នៃដែលនាំឱ្យគ្រោះថ្នាក់ជាយថាហេតុ ៕ ដោយ ៖ នុត នាង



