ឧត្តមសេនីយ៍ទោ សោម ស៊ុន ពិនិត្យសកម្មភាពសាងសង់ផ្លូវនិងប្រព័ន្ធប្រឡាយរំដោះទឹកលើដីសម្បទានសង្គមកិច្ច
កំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ទទួលបានការផ្តាំផ្ញើរពី ឯកឧត្ដមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម អនុប្រធាន អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឲ្យចុះពិនិត្យសកម្មភាពសាងសង់ផ្លូវ និងប្រព័ន្ធប្រឡាយរំដោះទឹក នៅលើដីសម្បទានសង្គមកិច្ច ដើម្បីបម្រើនិងសម្រួលដល់ការរស់នៅរបស់អតីតយុទ្ធជន នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយ និង មន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីរដែនដីនគររូបនីយកម្ម និងសំណង់ ខេត្តកំពង់ធំ បានចុះពិនិត្យសកម្មភាពសាងសង់ ផ្លូវ និងប្រព័ន្ធប្រឡាយរំដោះទឹក ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សូមបញ្ជាក់ថា ផ្លូវប្រវែង ១២គ.ម ដែលត្រូវបានសាងសង់ជុំវិញ ភូមិដ្ឋានតេជោមានជ័យ រួមទាំងប្រព័ន្ធប្រឡាយ រំដោះទឹក គឺជាអំណោយសម្តេចតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹតប៊ុនរ៉ានី ហ៊ុនសែន សម្រាប់បងប្អូនអតីតយុទ្ធជ ១៤១គ្រួសារ ដោយសារតែក្នុងរដូវវស្សា មានផលប៉ះពាល់ជំនន់ទឹកភ្លៀង និងខូចខាតដំណាំបន្លែបង្ការ តែមកដល់ពេលនេះ សម្តេចតេជោ ប្រធានសមាគមនអតីតយុទ្ធជន បានដោះស្រាយបញ្ហាទាំងឡាយបានជោញជ័យ ។
ឧត្ដមសេនីយ៍ទោសោម ស៊ុន បានសំណូមពរ ដល់តំណាងមន្ទីរពាក់ព័ន្ធ ជួយសហការសាងសង់ផ្លូវ និងប្រព័ន្ធប្រឡាយរំដោះទឹក ដោយត្រូវអនុវត្តន៍ឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ហើយនិងបានជួបសំណេះសំណាលជាមួយក្រុមគ្រួសារអតីតយុទ្ធជន នៅតាមខ្នងផ្ទះនីមួយៗ ដើម្បីផ្តល់នូវភាពកក់ក្តៅ និងទំនុកចិត្តដល់បងប្អូនអតីតយុទ្ធជន ៕ ដោយ៖ ប៊ុន រដ្ឋា








