លោក ម៉ាក្រុង ពិភាក្សាតាមទូរស័ព្ទជាមួយលោក បៃដិន និងលោក ពូទីន ស្តីពីវិបត្តិអ៊ុយក្រែន
ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបស់លោក គឺ លោក ប្រធានាធិបតីអាមេរិក ចូ បៃដិន ហើយក៏បាននិយាយ ទូរស័ព្ទ ជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ផងដែរ កាលពីថ្ងៃ អាទិត្យម្សិលមិញ ស្របពេលដែល លោកខាងលិច មានការ ព្រួយ បារម្ភថា រុស្ស៊ីកំពុងរៀបចំផែនការឈ្លានពានអ៊ុយក្រែន តែទីក្រុងម៉ូស្គូបានបដិសេធ។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន និងលោក ម៉ាក្រុង បានពិភាក្សាគ្នានៅ ក្នុងការ សន្ទនាតាមទូរស័ព្ទមួយនៅថ្ងៃអាទិត្យម្សិលមិញ អំពី “កិច្ចខិត ខំប្រឹងប្រែងការទូត និងការរារាំងជាបន្ត ដើម្បីឆ្លើយតបទៅនឹង ការបង្កើនវត្តមានយោធារបស់រុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែន” ។ បើតាមការិយាល័យប្រធានាធិបតីបារាំង Elysee ថា លោក ម៉ាក្រុង បាននិយាយទូរស័ព្ទជាមួយលោក ពូទីន នៅថ្ងៃ អាទិត្យ ម្សិលមិញ ដោយមេដឹកនាំទាំងពីរ បានយល់ព្រមបន្ត ការងារ ក្នុងក្របខ័ណ្ឌនៃទម្រង់ Normandy ដោយឈរលើ មូលដ្ឋាននៃការផ្លាស់ប្តូរ និងសំណើដែលធ្វើឡើងដោយ អ៊ុយក្រែន ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាលើតម្រូវការ ក្នុងការ អនុគ្រោះដល់ដំណោះស្រាយការទូតចំពោះវិបត្តិបច្ចុប្បន្ន និង ធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចបាន ដោយបន្ថែមថា រដ្ឋមន្ត្រី បារាំង ទទួលបន្ទុកកិច្ចការអឺរ៉ុប និងក្រសួងការបរទេសបារាំង លោក Jean-Yves Le Drian នឹងជួបសមភាគីរុស្ស៊ីលោក Sergei Lavrov នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បី ការពិគ្រោះ យោបល់ជាច្រើននឹងត្រូវធ្វើឡើងនៅទីក្រុងប៉ារីស៕
ប្រភព៖ CGTN ប្រែសម្រួលដោយៈ ឈឹម ទីណា
