នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនបាន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ជាងបួនម៉ឺនដុល្លារ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដែលទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌ កម្រិត ស្រាល បានបំបែកសំណុំរឿងបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ចំនួន៤៤.០០០ដុល្លារ ដោយជោគជ័យ និងឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ផងដែរ។

តាមរបាយការណ៍របស់បានឱ្យដឹងទៀតថា កាលពីយប់ រំលង អធ្រាត្រ ថ្ងៃទី១៦ ខែកុម្ភៈ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិត ស្រាល សហការជាមួយកម្លាំងការិយាល័យស៊ើបអង្កេត និង អនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលទន្លេបាសាក់ ដឹកនាំផ្ទាល់ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះទៅធ្វើការឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅសណ្ឋាគារខាឡឺ (Ka Le Hotel) ហៅ Color Creative Hotel ផ្លូវសុធារស កែងផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធ ករណីបង្ខាំងមនុស្សដោយខុសច្បាប់ ដើម្បីជំរិតទារប្រាក់ ចំនួន ៤៤.០០០ដុល្លារអាមេរិក ប្រព្រឹត្តនៅចំណុចសណ្ឋាគារ ខាឡឺ (Ka Le Hotel) ហៅ Color Creative Hotel ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២។

សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យឈ្មោះ GAN HUA FENG អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋារគារ ស្នាក់នៅ សណ្ឋាគារ ខាឡឺ (Ka Le Hotel) ។ ចំណែកឯជនរងគ្រោះឈ្មោះ ZHANG YANGFENG ជនជាតិចិន ស្នាក់នៅបន្ទប់៤១៤ សណ្ឋាគារ XI THANG ផ្លូវបារាំង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរ ជំនួយការថៅកែ។

វត្ថុតាងចាប់យក ម្សៅម៉ដ្ឋ ពណ៌ស ចំនួនមួយកញ្ចប់តូច, ជញ្ជីង សម្រាប់ថ្លឺងគ្រឿងញៀន ចំនួនមួយ, ឧបករណ៍សម្រាប់ប្រើប្រាស់ គ្រឿងញៀន (ក្តារឈើ) ចំនួនពីរ, ទុយោជ័រ សម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន, ដុំកាមេរ៉ាសុវត្ថិភាពម៉ាក JHUA ពណ៌ខ្មៅ ចំនួនមួយគ្រឿង, ទូរស័ព្ទដៃ iPhone 12Pro Max ពណ៌ប្រផេះ ជារបស់ជនសង្ស័យ, ទូរស័ព្ទដៃរបស់ជនរងគ្រោះចំនួនបួនគ្រឿង។ បច្ចុប្បន្ន កម្លាំងជំនាញ កម្លាំងជំនាញកំពុងស្រាវជ្រាវបក្ខ ពួក ផ្សេង ទៀត និងកំពុងកសាងសំណុំរឿង ជនសង្ស័យ បញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕
ដោយៈ ប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner