ជនសង្ស័យម្នាក់ ប្រើហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ នៅភោជនីយ៍ដ្ឋានបឹងឈូក ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល និរោធិ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា និងធ្វើឲ្យ ខូចខាតដោយចេតនា ទ្រព្យសម្បត្តិអ្នកដទៃ នៅភោជនីយ៍ដ្ឋានបឹងឈូក ផ្លូវជាតិ លេខ១ ភូមិបឹងឈូក សង្កាត់និរោធិ៍ ខណ្ឌ ច្បារអំពៅ កាលពីវេលាម៉ោង០៥ និង៣០នាទីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ។
លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះសុខ ហេង ភេទ ប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ បុគ្គលិក ស្ថានីយ៍ប្រេងឥន្ធនៈតេលា ស្នាក់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យមានឈ្មោះហេង សុភា ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ក្នុងរបាយការណ៍បានបញ្ចាក់ថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៥និង៣០នាទី ជនសង្ស័យខឹងបុគ្គលិក ភោជនីដ្ឋានបឹងឈូក ដើរជាន់បែកទុយោទឹក នៅក្បែរហាង ក៏ឡើងទៅលើផ្ទះជាន់ទី២ យកដុំថ្ម និងកាំបិតប៉័ងតោគប់ទៅលើដំបូល ហាងខាងលើបណ្តាលឲ្យធ្លុះធ្លាយ ពេលនោះ ឈ្មោះសុខ ហេងចេញមកមើល ស្រាប់តែជនសង្ស័យយកដំបង ដែកបួនជ្រុងគប់ត្រូវពោះជាំ រួចគេចខ្លួន។
រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង០១និង០០នាទី ជនសង្ស័យយកដុំថ្មគប់ទៅលើដំបូលភោជនីយ៍ដ្ឋានខាងលើម្តងទៀត និងយកជំពាមកៅស៊ូបាញ់មកលើបង្អួចកញ្ចក់ ភោជនីយ៍ដ្ឋានបណ្តាលឲ្យធ្លុះ០៣កន្លែង រួចគេចខ្លួន។ លុះដល់ម៉ោង០៨និង០០នាទី ថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមច្បាប់ ។
គួរបញ្ចាក់ថា កន្លងមកកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង០១និង០០នាទី ជនសង្ស័យធ្លាប់យកដបសាំងគប់មកលើភោជនីយ៍ដា្ឋនខាងលើ បណ្តាលឲ្យឆេះទ្វារផ្នែកខាងក្រោយ។ ដោយជនសង្ស័យរូបនេះមានប្រើប្រាស់គ្រឿងញៀនផងដែរ ៕ធ.ដ