តុលាការលើកពេលកាត់ទោសស្ដ្រីឃាតកដែលសម្លាប់មិត្តភក្តិ ព្រោះអត់មេធាវី

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោក ឌុច សុខសារិន ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះបានបើកសវនាការ ដើម្បីជំនុំជម្រះទោសជនជាប់ចោទ ស៊ិន សុផល អាយុ៣៥ឆ្នាំ ពាក់ព័ន្ធករណី
ឃាតកម្មគិតទុកមុន សម្លាប់មិត្តភក្ភិ ជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោល។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់លើឈ្មោះ ស៊ិន  សុផល ភេទស្រីអាយុ ៣៥ ឆ្នាំនៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្ដិនៅចំណុចនៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ។

នៅក្នុងដំណើរការនៃសវនាការនៅព្រឹកនេះដោយសារ ជនជាប់ចោទ មិនទាន់មានមេធាវីការពារក្នុងសំណុំរឿង ទើបតុលាការសម្រេចលើកពេលជំនុំជម្រះនៅពេលក្រោយដោយមិនកំណត់ពេលវេលា។ សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជូនខ្លួនស្ដ្រីដែលឃាតកសម្លាប់មិត្តភក្តិខ្លួនឯង កាត់ជាកំណាត់ៗ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។

ជនសង្ស័យឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល បានសម្លាប់ និងកាត់សាកសពជាបំណែកៗ បោះចូលទន្លេ លើជនរងគ្រោះឈ្មោះ គឹម យ៉ានាង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរម្ចាស់ហាងអ៊ុតសក់ក្នុងផ្សារចាស់ ជាស្ត្រីមេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ មានស្រុកកំណើតនៅ ភូមិចាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

គួររំលឹកថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២០៖ ៣០យប់ ជនរងគ្រោះ និងជនសង្ស័យត្រូវជាមិត្តភក្តិនឹងគ្នា បានផឹកស៊ីនៅផ្ទះជនសង្ស័យ។ ក្រោយចប់ការផឹកស៊ីជនរងគ្រោះ បានសុំយកកូនរបស់ជនសង្ស័យ ភេទស្រី អាយុ៨ឆ្នាំ ទៅដេកជាមួយ នៅផ្ទះរបស់ខ្លួន នៅឯទួលសង្កែ ដូចតាមទម្លាប់កន្លងមក លុះដល់ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១០៖០០នាទីព្រឹក ជនរងគ្រោះបានដឹកកូនរបស់ជនសង្ស័យយកមកឲ្យដល់ផ្ទះវិញ ហើយជនរងគ្រោះ ក៏បានទារលុយជនសង្ស័យ ដែលបានជំពាក់ចំនួន៧០០ដុល្លារ តែជនសង្ស័យប្រកែកសុំសងតែ៣៥០ដុល្លារប៉ុណ្ណោះ ហើយជនរងគ្រោះមិនព្រម និងបានគំរាមថា បើជនសង្ស័យមិនសងលុយគ្រប់ទេ គេនឹងប្រាប់ម្ចាស់បំណុលផ្សេងៗឲ្យស្គាល់ផ្ទះ ដើម្បីទារលុយព្រមៗគ្នា (ជនសង្ស័យជំពាក់លុយគេច្រើន) និយាយចប់ជនរងគ្រោះក៏ដើរចូលបន្ទប់ទឹក ដោយឃើញឱកាសល្អ ជនសង្ស័យបានដើរតាមក្រោយ យកដៃស្តាំច្របាច់កជនរងគ្រោះ ហើយយកម្រាមដៃឆ្វេងរុកច្រមុះឲ្យថប់ដង្ហើម រហូតដល់ជនរងគ្រោះសន្លប់បាត់ស្មារតី ទើបជនសង្ស័យយកក្រម៉ា រឹកមាត់ ចងដៃ ចងជើង ទុកក្នុងបន្ទប់ដេករហូតដាច់ខ្យល់ស្លាប់ ហើយយកសពដាក់ចូលទូរក្លាស្សេឲ្យកក។

រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ពេលកូនៗមិននៅផ្ទះ ជនសង្ស័យបានដាក់ថ្នាំងងុយដេកក្នុងទឹកតែ ឲ្យប្តីដែលជាជនជាតិអាមេ៉រិកាំងផឹក រហូតប្តីទន់ដៃទន់ជើងឡើង ទៅដេកលក់ស្ងាត់ ឃើញឱកាសល្អ ទើបជនសង្ស័យយកកាំបិតមកកាត់សាកសព ជនរងគ្រោះជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោលមួយថ្ងៃបន្តិចៗ នៅតាមគំនរសំរាម និងនៅក្នុងទន្លេ។ រីឯគ្រឿងអលង្កា និងទូរស័ព្ទ បោះចោលក្នុងទន្លេ និងក្នុងធុងសំរាមក្បែរវត្តឧណ្ណាឡោម ដោយឡែកលុយរបស់ជនរងគ្រោះ (លុយខ្មែរ២០ម៉ឺនរៀល លុយដុល្លារ៥០ដុល្លារ) ជនសង្ស័យរក្សាទុកនៅខ្លួន។

ព្រមជាមួយគ្នាផងដែរ និយាយពីគ្រួសារជនរងគ្រោះ ក្រោយពេលបាត់ជនរងគ្រោះមួយថ្ងៃ កូនស្រីម្នាក់បានកាន់រូបថតម្តាយ ដើរសួរគេឯងតាមផ្លូវទាំងយប់ ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ និងបានអំពាវនាវសុំឲ្យសារព័ត៌មានជួយផ្សព្វផ្សាយ រកម្តាយខ្លួនផង បណ្តាលឲ្យមានការភ្ញាក់ផ្អើលគេឯង ចាប់អារម្មណ៍អាណិតអាសូរគ្រប់គ្នា។

ដំណឹងសួររកម្តាយនេះ ក៏ធ្វើឲ្យមានការចាប់អារម្មណ៍ ដល់សមត្ថកិច្ចអាវុធហត្ថភ្នំពេញដុតដៃដុតជើង ចេញស្រាវជ្រាវជួយរក ជនរងគ្រោះដែលបាត់ខ្លួនផងដែរ រហូតយប់យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ អាវុធហត្ថខណ្ឌដូនពេញ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ថោង ពិសិដ្ឋ ផ្ទាល់ដែលជាមេបញ្ជាការ អាវុធហត្ថខណ្ឌ សហការណ៍ជាមួយកម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវកំណត់អង្គហេតុ នៃករណីបាត់ខ្លួនខាងលើ សង្ស័យជារឿងឃាតកម្ម និងបានកំណត់អត្តសញ្ញាណជនសង្ស័យ ឈានទៅបំបែកសំណុំរឿង ជាក់ច្បាស់ឃាត់ខ្លួនជនសង្ស័យមកសួរនាំ រហូតជនសង្ស័យព្រមសារភាពទទួលកំហុស ថាខ្លួនគឺជាឃាតករពិតប្រាកដមែន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner