ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បញ្ជាក់ថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់

ខេត្តកណ្តាល ៖ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា ដោយកត្តាសុខសន្តិភាព បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យអប់រំ ។ វិស័យអប់រំគឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ពិសេសក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៤ បន្តអនុវត្តផែនការ ផ្ដល់ឱកាសដល់កុមារ និងយុវជនកម្ពុជាទាំងអស់ ក្នុងការទទួលបានការអប់រំមូលដ្ឋានទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដោយយកចិត្តទុកដាក់លើការកែលម្អគុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការរីកចម្រើនប្រទេសជាតិ ។

ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ខណៈជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២០ -២០២១ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មានប្រសាសន៍ទៀតថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងឈ្លាស់វៃប្រកប ដោយ កិត្តិបណ្ឌិតរបស់ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយនៅក្នុងបរិបទ នៃការឆ្លងរីករាលដាលជាសាកល នៃជម្ងឺកូវីដ១៩ សម្តេចបានខិតខំគ្រប់គ្រង ទប់ស្កាត់ ដោយបានស្វះស្វែងរកជំនួយ និងទិញវ៉ាក់សាំងការពារ មកចាក់ជូនកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ និងបានឈានទៅបើកប្រទេសជាតិឡើងវិញ។

លោក អ៊ូច សាវឿន អភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា នៅទូទាំងស្រុក មានមតេយ្យសិក្សារដ្ឋ ១៩កន្លែង និងមតេយ្យសិក្សាសហគមន៍ ២១កន្លែង, បឋមសិក្សា ៣២កន្លែង, និងមធ្យមសិក្សា ១៩កន្លែង។ ក្នុងឆ្នាំសិក្សា ២០២០-២១ សិស្សថ្នាក់ទី១២ ប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ៥៦៦នាក់/ ស្រី ៣៣៩នាក់ ហើយប្រឡងជាប់ មានចំនួន ៤១៦នាក់ ក្នុងនោះ ប្រឡងជាប់និទ្ទេសអេ ចំនួន ៣នាក់/ស្រី ១នាក់។

ក្នុងឱកាសនោះ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំអំណោយដ៏ថ្លៃថ្លា សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភសិស្សានុសិស្ស ក្នុងនោះសិស្សនិទ្ទេសA ចំនួន ៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៤០ម៉ឺនរៀល បន្ថែមលើ ម៉ូតូស៊ុមឺរអ៊ិច ១គ្រឿង ។ សម្រាប់សិស្ស និទ្ទេសB ចំនួន ៣១នាក់ ក្នុងម្នាក់ៗទទួលបានប៊ិចសៀវភៅ និងថវិកា ៤០ម៉ឺនរៀល។ សិស្ស និទ្ទេសC ចំនួន ៨៣នាក់ ក្នុងម្នាក់ៗទទួលបានប៊ិចសៀវភៅ និងថវិកា ៣០ម៉ឺនរៀល។ សិស្ស និទ្ទេសD ១៦២នាក់ ទទួលបានប៊ិចសៀវភៅ និងថវិកា ១២ម៉ឺនរៀល។ សិស្ស និទ្ទេសE ១៤៨នាក់ ម្នាក់ៗទទួលបានប៊ិនសៀវភៅ និងថវិកា ៦ម៉ឺនរៀល។ លោកគ្រូអ្នកគ្រូ ៩៧នាក់ និងក្រុមប្រឹក្សាឃុំ១៨នាក់ ក្នុងម្នាក់ៗ ថវិកា ១០ម៉ឺនរៀល ឧបត្ថម្ភសាលាស្រុកកណ្ដាលស្ទឹង ថវិកាចំនួន ២លានរៀល ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចផងដែរ ៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner